website_news:2019021205

កិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

https://www.facebook.com/deputygovernoryousophear/ November 29 at 7:38 PM

ខេត្តសៀមរាប៖ រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានបើកកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ និងមានការអញ្ជើញចូលរួមពី ព្រះរាជអាជ្ញារង ស្នងការរងនគរបាលខេត្ត មេបញ្ជារងកងរាជអាវុធហត្ថខេត្ត តំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត គណៈអភិបាលក្រុង-ស្រុក និងតំណាងអង្គការដៃគូជាតិ-អន្តរជាតិ សរុប៥២នាក់ ក្នុងនោះស្រី ៣២នាក់ នៅបន្ទប់ប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប។ កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈរួមមាន៖

-ពិភាក្សាបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអនុវត្តសកម្មភាព ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងខេត្តរួមមាន ទី១. បញ្ហាការបង្ការទប់ស្កាត់ដោយជុំរុញឲ្យមន្ទីរអប់រំយុវជន និងកីឡាខេត្ត បង្កើតក្រុមការងារយុវជនដើម្បីធ្វើយុទ្ធនាការប្រឆាំងអំពើជួញដូរមនុស្សនៅតាមគ្រិះស្ថានសិក្សារដ្ឋ និងចូលរួមផ្សព្វផ្សាយតាមគ្រប់រូបភាព។ ទី២ បញ្ហាអំពើរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ និងអំពើរំលោភសេពសន្ថវៈ និងករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ (ពិភាក្សាលើនីតីវិធីតាមច្បាប់ និងការរួមសហការពីគ្រប់អ្នកពាក់ព័ន្ធលើការផ្តល់ភស្តុតាងដល់តុលាការ ក្នុងដំណើរការសវនាការ) ។ទី៣ បញ្ហាការគ្រប់គ្រង ទិនិ្នន័យពលករចំណាកស្រុកទៅក្រៅប្រទេស និងជនអន្តោប្រវេសន៍តាមបណ្តាលក្រុង-ស្រុក។ ទី៤ បញ្ហាប្រជាពលរដ្ឋចំណាកស្រុកដោយបន្សល់ទុកកូនជាច្រើននាក់ជាមួយជីដូន (ហើយបាត់ដំណឹងរយៈពេលជាយូឆ្នាំ) ។ ទី៥ បញ្ហាការទាញយកពត៌មានចាស់ (ករណីបញ្ចប់នីតិវិធីច្បាប់) មកផ្សព្វផ្សាយសារជាថ្មី ដែលធ្វើឲ្យប៉ះពាល់ផ្លូវចិត្តរបស់ជនរងគ្រោះ។ ទី៦ បញ្ហាជនសង្ស័យ ឬជនល្មើសដែលមានជំងឺវិបល្លាសស្មារតី ប្រព្រឹត្តបទល្មើស។

-ពិភាក្សាលើការរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ សម្រាប់ឆ្នាំ២០១៩ ដែលគ្រោងរៀបចំឡើងនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ដោយមានអ្នកចូលរួមចំនួន១០០០នាក់ នៅក្នុងខេត្តសៀមរាប នាពេលខាងមុខ។ ការរៀបចំទិវាជាតិដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមសហការរៀបចំ ពីរដ្ឋបាលសាលាខេត្ត បណ្តាមន្ទីរ-អង្គភាព និងអង្គការដៃគូជាតិ-អន្តរជាតិ មួយចំនួនផងដែរ ដែលបានបង្ហាញអំពីការយកចិត្តទុកដាក់ កិច្ចសហការ រួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋានបានថ្លែងអំណរគុណចំពោះក្រុមការងារបច្ចេកទេស ដែលបានរៀបចំចុះទៅបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ក្រុមការងារនៅថ្នាក់ ក្រុង-ស្រុកទាំង១២ និងការចូលរួមរបស់លោក លោកស្រី ជាសមាជិក និងអង្គការដៃគូទាំងអស់ ដែលតែងតែចូលរួមរាល់គ្រប់សកម្មភាពរបស់លេខាធិការដ្ឋាន ទាំងធនធាន និងបច្ចេកទេស។ លោកស្រី ក៏បានសូមឲ្យមានការបន្តចូលរួមសកម្មភាពបែបនេះជារៀងរហូត។

website_news/2019021205.txt · Last modified: 2019/12/02 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki