website_news:2019030101

ថៅកែរោងចក្រថៃ ព្រមឲ្យពលករខ្មែរ ដែលបានបណ្ដេញចេញ ចូលធ្វើការងារវិញ

https://www.rfa.org/khmer/news/ ដោយ មួង ណារ៉េត 2019-01-02

តំណាងពលករដែលធ្វើការនៅរោងចក្រ SC WADO ក្នុងខេត្តឈុនបុរី ប្រទេសថៃ ឲ្យដឹងថា ថៅកែរោងចក្រនេះបានផ្ដល់ដំណឹងដល់ពលរដ្ឋខ្មែរទាំងជាង ៥០នាក់ ដែលត្រូវបញ្ឈប់ពីការងារឲ្យចូលធ្វើការវិញហើយ។ ប្រភពដដែលអះអាងទៀតថា ថៅកែថែមទាំងឲ្យពលករខ្មែរទាំងនោះ ខ្ចីលុយស្មើនឹងប្រាក់ខែពួកគេពាក់កណ្ដាល ធ្វើជាសោហ៊ុយក្នុងការធ្វើដំណើរថែមទៀតផង។ តំណាងពលករដែលធ្វើការនៅ រោងចក្រ SC WADO លោក រស់ ប៊ុនធឿន ឲ្យអាស៊ីសេរី នៅថ្ងៃទី២ មករាថា ការសម្រេចរបស់ថៅកែថៃដែលហៅពលករខ្មែរឲ្យចូលធ្វើការងារបន្ទាប់ពីវិទ្យុអាស៊ីសេរី បានចុះផ្សាយព័ត៌មានអំពីការបញ្ឈប់ពលករខ្មែរទាំងនេះជាបន្តបន្ទាប់ ដែលធ្វើឲ្យថៅកែរោងចក្រ មានការព្រួយបារម្ភពីទង្វើរបស់ខ្លួន ស្របពេលមានការចោទប្រកាន់ថា ការបញ្ឈប់នេះ ជាការរំលោភសិទ្ធិការងារ។ លោកបន្តថា ពេលនេះ ថៅកែថៃថែមទាំងសន្យាផ្ដល់ប្រាក់ខែ និងប្រាក់លើកទឹកចិត្តផ្សេងៗ ទៀត ដល់ពលករខ្មែរ ដូចការផ្ដល់ឲ្យពលករថៃដែរ។ តំណាងពលកររូបនេះ សាទរចំពោះការបង្ហាញដំណោះស្រាយនេះ ពីភាគីថៅកែថៃបែបនេះ។ លោកបន្តថា ពេលនេះក្រុមពលករកំពុងរៀបចំធ្វើដំណើរមកប្រទេសថៃដើម្បីធ្វើការងារក្រោយទទួលដំណឹងពីថៅកែរោងចក្រ។

ដូចគ្នានេះដែរ ពលករម្នាក់លោក ជួប សាវុធ ដែលភរិយារបស់លោក បានសម្រេចវិលទៅប្រទេសកម្ពុជាវិញ ឲ្យដឹងដែរថា លោកទទួលបានដំណឹងពីរោងចក្រថា ថៅកែរោងចក្រយល់ព្រមឲ្យពលករខ្មែរ ដែលត្រូវបានបញ្ឈប់ពីការងារ ចូលធ្វើការងារវិញ។ លោកបន្តថា ពេលនេះលោកកំពុងទាក់ទងទៅភរិយារបស់លោក ដែលកំពុងនៅប្រទេសកម្ពុជា ឲ្យត្រឡប់មកធ្វើការវិញ៖

មេការរោងចក្រ SC WADO ជនជាតិខ្មែរ លោក សឿ ចន្ថា ធ្លាប់ប្រាប់ អាស៊ីសេរីឲ្យដឹង កាលពីចុងឆ្នាំ២០១៨ ថា រោងចក្រមិនសូវមានការងារធ្វើ មានបញ្ហាខ្លះកើតឡើង។ លោកថា ដើមឆ្នាំ២០១៩ នេះ ថៅកែរោងចក្ររបស់លោកអះអាងថា មានការងារគ្រប់គ្រាន់ឲ្យពលករធ្វើឡើងវិញហើយ។ ចំពោះរឿងមិនផ្ដល់លិខិតឆ្លងដែនដល់ពលករ លោកថា លោកមិនសូវដឹងច្បាស់ទេ ព្រោះការគ្រប់គ្រងលិខិតឆ្លងដែនរបស់ពលករ គឺជាការទទួលខុសត្រូវរបស់ក្រុមផ្សេង ដែលនាំពលករមកធ្វើការនៅប្រទេសថៃ៖

កាលពីចុងឆ្នាំ២០១៨ ក្នុងអំឡុងខែវិច្ឆិកា ថៅកែរោងចក្រ SC WADO ក្នុងខេត្តឈុនបុរី ប្រទេសថៃ បានបញ្ឈប់ពលករខ្មែរជាង៥០នាក់ ពីការងារ។ ពលករប្រាប់ថា អ្នកដែលត្រូវបញ្ឈប់ពីការងារ ថៅកែមិនបានផ្ដល់លិខិតឆ្លងដែនឲ្យវិញទេ ហើយពលរដ្ឋភាគច្រើន បានសម្រេចទៅប្រទេសកម្ពុជាវិញ ទាំងគ្មានលិខិតឆ្លងដែន។ សព្វថ្ងៃនេះ ទោះបីជារបបលោក ហ៊ុន សែន អះអាងថា អត្រាគ្មានការងារធ្វើនៅកម្ពុជា មានមិនដល់ ១ភាគរយក្តី ក៏ពលករខ្មែរជាច្រើន មិនអាចរកការងារ ដែលមានប្រាក់ខែសមរម្យនៅប្រទេសរបស់ខ្លួនបាន ទើបត្រូវធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដូចជា ប្រទេសថៃនេះជាដើម។ ឥឡូវនេះ យ៉ាងហោចណាស់មាន ពលករខ្មែរចំណាកស្រុក ដែលកំពុងធ្វើការនៅប្រទេសថៃ ទាំងស្របច្បាប់ និងខុសច្បាប់ជាងមួយលាននាក់៕

website_news/2019030101.txt · Last modified: 2019/01/03 14:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki