website_news:2019030102

មន្ត្រី៖ ស្ថានភាពសន្តិសុខនៅតាមព្រំដែនឆ្នាំមុនល្អជាងឆ្នាំ ២០១៧

https://www.postkhmer.com/ ម៉ិច ដារ៉ា | Publication date 03 January 2019 | 08:46 ICT

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានថ្លែងពីម្សិលមិញថា ឆ្នាំ ២០១៨ កន្លងទៅនេះកងទ័ពជើងគោកបានត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗតាមតំបន់ព្រំដែនជាង ៥ ពាន់ករណី ហើយថាស្ថានភាពសន្តិសុខនៅតាមព្រំដែនកាលពីឆ្នាំមុនមានលក្ខណៈល្អប្រសើរជាងឆ្នាំ ២០១៧ ឆ្ងាយណាស់។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២ មករា ថាក្នុងឆ្នាំ ២០១៨ កន្លងទៅនេះកងទ័ពជើងគោកបានត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗសរុបបានចំនួន ៥១៩៣ ករណីនៅតាមខ្សែបន្ទាត់ព្រំដែន។ លោកក៏បានប្រៀបធៀបស្ថានភាពសន្តិសុខនៅតាមបណ្តោយព្រំដែនក្នុងឆ្នាំ ២០១៨ ថាមានភាពល្អប្រសើរជាងឆ្នាំ ២០១៧ ទៅទៀត។ លោកបញ្ជាក់ថា៖ «ជាង ៥ ពាន់ករណីគឺពាក់ព័ន្ធបទល្មើសព្រំដែនដូចជាឆ្លងដែនខុសច្បាប់ គ្រឿងញៀន កាប់ឈើ ការនាំពលករខុសច្បាប់ហើយបទល្មើសដែលពាក់ព័ន្ធនឹងការឆ្លងព្រំដែន។ យើងបន្តការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការសហប្រតិបត្តិការជាមួយប្រទេសជិតខាងដើម្បីរួមគ្នាទប់ស្កាត់នូវបណ្តាបទល្មើសដែលកើតឡើងតាមបណ្តោយព្រំដែន។

លោកបន្ថែមថាកងយោធពលខេមរភូមិន្ទបានពង្រឹងប្រៀបការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែនធ្វើល្បាតជាប្រចាំដើម្បីត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងភូមិសាស្ត្រទទួលខុសត្រូវ និងចូលរួមទប់ស្កាត់ បទល្មើសផ្សេងៗ និងសកម្មភាពឆ្លងដែនខុសច្បាប់ ព្រមទាំងបានបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងដោះស្រាយបញ្ហា ផ្សេងៗដែលកើតមានដោយសន្តិវិធី និងបានអនុវត្តភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដីយ៉ាងហ្មត់ចត់ ដែលធ្វើឲ្យស្ថានភាពសន្តិសុខតាមបណ្តោយព្រំដែនមានភាពល្អប្រសើរជាងឆ្នាំ ២០១៧ ឆ្ងាយណាស់។ លោកបញ្ជាក់ថា៖ មានលក្ខណៈល្អប្រសើរជាងឆ្នាំ ២០១៧ ឆ្ងាយណាស់យើងមិនមានបញ្ហាអ្វីដែលជាការលំបាកទេ។

នៅតាមបណ្តោយព្រំដែនយើងសហការគ្នាបានល្អណាស់។ ពេលខ្លះពេលយើងឃើញមានបាតុភាព យើងបានសហការជាមួយគ្នាដោះស្រាយដោយសន្តិវិធីតាមបណ្តោយព្រំដែនដែលធ្វើឲ្យស្ថានភាពនៅតាមព្រំដែនទាំងអស់មានលក្ខណៈប្រក្រតីធម្មតា។ លោកបានបន្ថែមថា ពេលមានបទល្មើសគឺកងទ័ពឈរមុខគេព្យាយាមដោះស្រាយនៅនឹងកន្លែង ដើម្បីរក្សាព្រំដែនឲ្យមានស្ថិរភាព និងសន្តិភាព ហើយថាកងយោធពលខេមរភូមិន្ទដែលនៅតាមបណ្តោយព្រំដែនបានយាមល្បាតយ៉ាងរឹងមាំ និងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងដើម្បីប្រែក្លាយតំបន់ព្រំដែនដែលជាតំបន់អភិវឌ្ឍន៍ និងទីផ្សារដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន។

website_news/2019030102.txt · Last modified: 2019/01/03 14:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki