website_news:2019030401

មន្ត្រីសិទ្ធិមនុស្សជំរុញអាជ្ញាធរឱ្យជួយពលរដ្ឋខ្មែរ ១២នាក់ ដែលត្រូវថៃចាប់ខ្លួន សង្ស័យពាក់ព័ន្ធការកាប់ឈើប្រណីត

https://www.rfa.org/khmer/news/ ដោយ ហេង រស្មី 2019-04-02

អ្នកការពារសិទ្ធិមនុស្សជំរុញឱ្យអាជ្ញាធរកម្ពុជាប្រឹងប្រែងជួយដល់ពលរដ្ឋខ្មែរ ១២នាក់ ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ដោយជាប់សង្ស័យថា ឆ្លងដែនចូលកាប់ឈើខុសច្បាប់នៅលើទឹកដីថៃ។ ពួកគេថ្លែងថា អន្តរាគមន៍បន្ទាន់ក្នុងករណីនេះ គឺការផ្ដល់មេធាវី ដើម្បីផ្ដល់សេវាផ្លូវច្បាប់ដល់ពលរដ្ឋទាំងនោះ។

អ្នកនាំពាក្យសមាគម អាដហុក លោក ស៊ឹង សែនករុណា ថ្លែងថា អាជ្ញាធរកម្ពុជាមានកាតព្វកិច្ចជួយដល់ប្រជាពលរដ្ឋរបស់ខ្លួន ដែលមានបញ្ហានៅក្រៅប្រទេស ទោះបីជាពួកគេបានប្រព្រឹត្តបទល្មើស ឬមិនបានប្រព្រឹត្តបទល្មើសក្តី។ លោកបន្តថា ករណីពលរដ្ឋខ្មែរជាង ១០នាក់ ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃនោះ អាជ្ញាធរកម្ពុជា តាមរយៈស្ថានទូតខ្មែរនៅក្នុងទីក្រុងបាងកក ត្រូវពិនិត្យមើលករណីនេះឱ្យបានដិតដល់ ដើម្បីការពារផលប្រយោជន៍ពលរដ្ឋរបស់ខ្លួន៖ «ត្រូវស្រាវជ្រាវរកព័ត៌មានរបស់ពួកគាត់ហ្នឹងថាតើគាត់បានប្រព្រឹត្តដូចមានការចោទប្រកាន់របស់អាជ្ញាធរចាប់ហ្នឹងដែរឬទេ?ហើយវាមានភស្តុតាងគ្រប់គ្រាន់មានវិមតិសង្ស័យយ៉ាងម៉េចខ្លះ ហើយប្រសិនបើពួកគាត់អត់បានប្រព្រឹត្តអាហ្នឹងគួរតែមានកិច្ចអន្តរាគមន៍យ៉ាងណា ដើម្បីភាគីថៃដោះលែងពួកគាត់អោយបានវិលត្រឡប់មិនប្រទេសកម្ពុជាវិញហើយបើទោះបីជារកឃើញថា ពួកគាត់បានប្រព្រឹត្តខុសទាស់អីមែនគួរតែស្ថានទូតធ្វើយ៉ាងណា ដើម្បីរកមេធាវីធ្វើការការពារក្តីពួកគាត់តាមនីតិវិធីផ្លូវច្បាប់ទៅក្នុងន័យមួយដែលថាប្រទេសមួយដែលយកចិត្តទុកដាក់ចំពោះពលរដ្ឋរបស់ខ្លួន»។

កាលពីថ្ងៃទី៣១ មីនា កន្លងទៅ អាជ្ញាធរចម្រុះរបស់ថៃ បានចុះឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ១២នាក់ នៅចំណុចចម្ការកៅស៊ូមួយកន្លែង ក្នុងស្រុកខនបូរី (Khon Buri) ខេត្តនគររាជសីមា (Nakhon Ratchasima) ពាក់ព័ន្ធនឹងការលបឆ្លងដែនចូលក្នុងប្រទេសថៃដោយខុសច្បាប់។ អាជ្ញាធរថៃសង្ស័យថា ពួកគេត្រូវបានជួលឱ្យមកកាប់ឈើគ្រញូង នៅក្នុងតំបន់ឧទ្យានជាតិ ថាប ឡាន (Thap Lan National Park) ខេត្តនគររាជសីមា។

កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) បានស្រង់សម្ដីរបស់មន្ត្រីថៃថា ពលរដ្ឋខ្មែរទាំងនោះបានសារភាពថា ពួកគេបានលបឆ្លងដែនចូលក្នុងប្រទេសថៃដោយខុសច្បាប់ តាមការណែនាំពីមេខ្យល់មួយក្រុម ដែលអះអាងថា ពួកគេនឹងត្រូវបានបញ្ជូនឱ្យទៅធ្វើការនៅតាមតំបន់ផ្សេងៗ នៃប្រទេសថៃ ដោយទទួលបានប្រាក់ឈ្នួលក្នុងម្នាក់រហូតដល់ ១ម៉ឺនបាតក្នុងមួយថ្ងៃ។

អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសលោក កេត សោផាន់ ដើម្បីសាកសួរអំពីរឿងនេះបានទេ នៅថ្ងៃទី២ មេសា ដោយលោកមិនលើកទូរស័ព្ទ ចំណែកមន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកកក៏មិនមានអ្នកលើកទូរស័ព្ទដូចគ្នា ទោះបានហៅជាច្រើនសាក្តី។

មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក ឌី ថេហូយ៉ា ថ្លែងថា ករណីនេះត្រូវតែមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ព្រោះលោកជឿជាក់ថា ពលរដ្ឋខ្មែរទាំងនោះគ្មានលទ្ធភាពឆ្លងចូលជ្រៅក្នុងទឹកដីថៃ ដើម្បីទៅកាប់ឈើប្រណីតនោះឡើយ ប្រសិនបើគ្មានការរៀបចំ និងឃុបឃិតគ្នាជាប្រព័ន្ធរវាងមន្ត្រីថៃ និងក្រុមមេខ្យល់ខ្មែរទេនោះ។ លោកបន្តថា ពលរដ្ឋខ្មែរទាំង ១២នាក់នោះ គឺជាជនរងគ្រោះទៅវិញទេ ព្រោះត្រូវបានមេខ្យល់នាំឱ្យទៅប្រទេសថៃ ដោយសន្យាថា នឹងផ្ដល់ការងារឱ្យធ្វើ៖ «វាមើលទៅឃើញថា ជារូបភាពរៀបចំជាផែនការរវាងអ្នកពាក់ព័ន្ធនៅថៃ និងឈ្មួញនៅខ្មែររកស៊ីជាមួយគ្នា។ អ៊ីចឹងហើយ យើងសង្កត់ធ្ងន់ទៅលើធ្វើម៉េចឲ្យមានការស៊ើបអង្កេតស្វែងរកជនល្មើស ដែលរៀបចំគម្រោងបែបហ្នឹងឱ្យបានច្បាស់លាស់ ជាជាងចាប់ពលករដែរស៊ីឈ្នួលគេហ្នឹង គាត់ជាអ្នករងគ្រោះក្នុងការនាំមនុស្សទៅធ្វើការឱ្យហើយ ហើយត្រូវបានគេចោទប្រកាន់អីផ្សេងៗ ទៀ។ ខ្ញុំគិតថា វាអយុត្តិធម៌សម្រាប់ពួកគាត់»។

website_news/2019030401.txt · Last modified: 2019/04/03 10:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki