website_news:2019030501

នគរបាលឃាត់ពលរដ្ឋជាង ១០០ នាក់ អប់រំ ក្រោយពួកគេព្យាយាមឆ្លងដែនខុសច្បាប់

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 01 May 2019 | 14:18 ICT

បន្ទាយមានជ័យៈ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឃាត់ដំណើរពលករខ្មែរប្រមាណជាង ១០០ នាក់ ដែលព្យាយាមឆ្លងដែនចូលទឹកដីថៃ ដោយមិនមានឯកសារត្រឹមត្រូវជាបន្តបន្ទាប់តាមច្រករបៀងតូចៗ ដើម្បីយកមកអប់រំ ខណៈសង្គមស៊ីវិលមើលឃើញថា ការឃាត់យកមកអប់រំ ដើម្បីឲ្យពួកគាត់ឈប់ឆ្លងដែន គឺមិនមែនជាគោលនយោបាយមួយដែលមានប្រសិទ្ធភាពនោះទេ។

តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៩ ពលករខ្មែរមួយក្រុមមានគ្នា ១១៤ នាក់ មកពី ១១ ខេត្តទូទាំងប្រទេស ក្នុងនោះមានស្រី ៤៨ នាក់ និងកុមារ ៩ នាក់ បម្រុងឆ្លងដែនខុសច្បាប់តាមច្រករបៀងក្នុងភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ តែក្រោយមកត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨១៥ ឈរជើងក្នុង ភូមិសាស្ត្រ ស្រុកម៉ាឡៃ ឃាត់ដំណើរពួកគេមិនឱ្យឆ្លងដែនចូលទៅក្នុងប្រទេស ថៃ នោះឡើយ បន្ទាប់ពីកម្លាំងនគរបាលការពារព្រំដែនបានត្រួតពិនិត្យឃើញថា ពួកគេទាំងនោះ បម្រុងឆ្លងដែនតាមរយៈការចាត់ចែងរបស់មេខ្យល់ ដោយគ្មានលិខិតឯកសារស្របច្បាប់ចូលក្នុងប្រទេស ថៃ នោះឡើយ។

លោក បេន សំអាត អធិការស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យថ្លែងថា កាលពីយប់ថ្ងៃ ២៩ គឺកម្លាំងការពារព្រំដែនបានចុះប្រមែប្រមូលពួកគាត់បាន ១១៤ នាក់ យកមកអប់រំណែនាំហើយ ហើយកាលពីម្សិលមិញបានឃាត់ពលរដ្ឋប្រមាណ ២០ នាក់ទៀត ដែលពួកគាត់បានព្យាយាមឆ្លងដែនខុសច្បាប់។ លោកថ្លែងថា៖ «ការឆ្លងដែនទាំងប្រថុយប្រថានចូលក្នុងប្រទេសថៃខុសច្បាប់នេះ ពួកគាត់ប្រឈមបញ្ហាច្រើន ណាមួយអាចត្រូវបានទាហានថៃចាប់ ឬបាញ់អីទៅ ដែលគ្រោះថ្នាក់ដល់អាយុជីវិត។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ក៏អាចប្រឈមចាញ់បោកការជួញដូរពីសំណាក់ក្រុមមេខ្យល់ផងដែរ ទើបពួកយើងចុះរារាំង និងឃាត់ដំណើរពួកគាត់យកមកអប់រំ»។ លោក សំអាត ថ្លែងថា ពលរដ្ឋទាំងនោះ ត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះសំបែងវិញ ក្រោយពីបានអប់រំដល់ពួកគេហើយ។ តាមការសង្កេតបទល្មើសឆ្លងដែនខុសច្បាប់នៅដើមឆ្នាំនេះ គឺមានការថយចុះជាងឆ្នាំមុន»។ តាមរបាយការណ៍ដដែលបានឲ្យដឹងថា ពលករខ្មែរទាំង ១១៤ នាក់នោះ មកពីខេត្តពោធិ៍សាត់ ១២ នាក់ ខេត្តកំពត ម្នាក់ ខេត្តបាត់ដំបង ១៩ នាក់ ខេត្តព្រៃវែង ២៤ នាក់ ខេត្តបន្ទាយមានជ័យ ២៦ នាក់ ខេត្តកំពង់ធំ ម្នាក់ ខេត្តសៀមរាប ១០ នាក់ ខេត្តឧត្តរមានជ័យ ៣ នាក់ ខេត្តស្វាយរៀង ២ នាក់ ខេត្តកំពង់ចាម ៨ នាក់ និងខេត្តត្បូងឃ្មុំម្នាក់។

លោក ស៊ុំ ចាន់គា មន្ត្រីសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តបន្ទាយមានជ័យ យល់ថា ការឃាត់ដំណើរពលរដ្ឋ ដោយគ្រាន់តែយកមកអប់រំ ដើម្បីឲ្យពួកគាត់ឈប់ឆ្លងដែនខុសច្បាប់នោះ គឺមិនមែនជាគោលនយោបាយត្រឹមត្រូវ ដែលមានប្រសិទ្ធភាពនោះទេ។ វាគ្រាន់ តែអាចរារាំងបានមួយពេល ហើយជាគោលការណ៍ពលរដ្ឋទាំងនោះ នៅបន្តលួចឆ្លងដែនដោយខុសច្បាប់ដដែល។ លោកថា៖ «ឃាត់អប់រំអី វាមិនជាប់ ព្រោះមនុស្សត្រូវការស៊ី ត្រូវការរស់នៅចិញ្ចឹមជីវិត ដោយពឹងទៅលើអាហារ តើការឃាត់គាត់ រារាំងគាត់ហ្នឹង មានអ្វីជួយគាត់នៅ? អ៊ីចឹង គួរតែធ្វើយ៉ាងម៉េចឲ្យពួកគាត់មានការងារធ្វើ មានប្រាក់ខែ និងជីវភាពសមរម្យ មានការធានាផ្នែកសុខភាពដល់ពួកគាត់ មានទីផ្សារអីល្អ បើប្រៀបធៀបទៅប្រទេសជិតខាងយើងដូចជាថៃ វៀតណាមអី។ បើមានតែប៉ុណ្ណឹងអី គាត់មានទៅចំណាកស្រុកអី»។

តាមរបាយការណ៍ស្ដីពីលទ្ធផលការងារ ២០១៨ របស់ក្រសួងមហាផ្ទៃ ពលករខ្មែរធ្វើការនៅបរទេសចំនួន ៣២ ៨៨៥ នាក់ ត្រូវបានបញ្ជូនត្រឡប់មកវិញនិង ២២១ នាក់ ស្លាប់ក្នុងអំឡុងពេលទេសន្តរប្រវេសន៍៕

website_news/2019030501.txt · Last modified: 2019/05/03 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki