website_news:2019030504

ពលករក្រៅប្រទេសនឹងក្លាយជាបន្ទុក បើមិនមានចំណេះជំនាញជាប់នឹងខ្លួន ពេលត្រឡប់មកវិញ

https://thmeythmey.com/ 03, May 2019 , 9:29 am ដោយ: ថ្មីៗ

ភ្នំពេញ៖ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចអះអាងថា ការចេញទៅធ្វើការនៅក្រៅប្រទេសរបស់ពលករខ្មែរសព្វថ្ងៃ ជាជម្រើសមួយល្អ ខណៈផលិតកម្ម និងការវិនិយោគក្នុងស្រុកនៅមានចំនួនតិចមិនអាចផ្ដល់ការងារគ្រប់គ្រាន់។ បើតាមតួលេខពីធនាគារជាតិនៃកម្ពុជា ពលករខ្មែរបានផ្ទេរថវិកាតាមប្រព័ន្ធធនាគារប្រមាណ ១១០០លានដុល្លារចូលស្រុកកំណើតវិញកាលពីឆ្នាំ២០១៨ ដែលកើនឡើងប្រមាណ១០០លានដុល្លារ។ តែបើការអះអាងពីក្រសួងការងារ ថវិកាផ្ញើមកស្រុករបស់ពលករមានចំនួនច្រើនជាងនេះ។ ថវិកាទាំងនេះបានជួយបង្កើនប្រាក់ចំណូលសម្រាប់ពលរដ្ឋខ្មែរ និងធ្វើឲ្យមានលំហូរចាយវាយក្នុងស្រុកកាន់តែខ្លាំង។ តែបញ្ហាគឺនៅពេលពួកគាត់ត្រឡប់មកប្រទេសកំណើតវិញ។ បើពួកគាត់មិនបាននាំចំណេះជំនាញពេលត្រឡប់មកកម្ពុជាវិញនោះទេ នោះនឹងក្លាយជាបន្ទុកលំបាកជាមិនខាន។

ពលករខ្មែរនៅក្រៅប្រទេសមានចំនួនប្រមាណ១,២លាននាក់ ដោយនៅប្រទេថៃច្រើនជាងគេ ១,១លាននាក់ ប្រទេសកូរ៉េប្រហែល៥ម៉ឺននាក់ និងប្រទេសផ្សេងៗទៀតដូចជា ម៉ាឡេស៊ី ជប៉ុនជាដើម។ ពលករខ្មែរដែលចេញទៅក្រៅប្រទេស មាននៅប្រទេសថៃក្នុងចំនួនលើសលុប តែជាទូទៅធ្វើការគ្មានជំនាញ ដូចជាធ្វើការនៅការដ្ឋានសំណង់ សេវាកម្មផ្សេង និងកសិកម្ម ដកដំឡូង កាច់ពោត ចៀរជ័រកៅស៊ូ នេសាទ ជាដើម។ តែនៅកូរ៉េ និងជប៉ុន ពលករខ្មែរធ្វើការគ្រាន់បើជាងពលករនៅថៃ និងម៉ាឡេស៊ី ដោយទទួលប្រាក់ឈ្នួលខ្ពស់ ហើយពួកគេភាគច្រើនមានការអប់រំខ្ពស់ជាងពេលនៅខ្មែរ ដែលអាចរៀនពីរបៀបរបបធ្វើការពីក្រៅ និងចាប់យកចំណេះជំនាញបានក្នុងកម្រិតណាមួយប្រសើរជាង។ តែយ៉ាងណាក៏ដោយ ពលករខ្មែរនៅកូរ៉េ ទោះធ្វើការនៅផ្នែកឧស្សាហកម្ម ក៏ក្នុងនាមជាពលករជំនាញកម្រិតទាប ពោលគឺប្រើកម្លាំងពលកម្មលើសលុប។

ឆ្លើយតបនឹងសំណួរដែលថា អាចជាបញ្ហាសម្រាប់រយៈពេលវែងទេ នៅពេលពលករទាំងនោះវិលត្រឡប់មកស្រុកកំណើតវិញ លោក គី សេរីវឌ្ឍន៍ មានចម្លើយក្នុងន័យពីរ គឺមិនមែនបញ្ហាទេ បើពលករទាំងនោះនាំយកចំណេញជំនាញមកវិញ តែបើគ្មានជំនាញ នោះនឹងក្លាយជាបន្ទុក។ លោកថ្លែងដូច្នេះថា«ខ្ញុំគិតថាដូចជាមិនមានបញ្ហាអ្វីធ្ងន់ធ្ងរទេ នៅពេលដែលពួកគាត់ចេញទៅទីមួយបានស្គាល់របៀបរបបធ្វើការ ឧស្សាហកម្មធុនស្រាល និងមធ្យម ដូចនេះពេលត្រឡប់មកវិញ គួបផ្សំជាមួយនឹងកម្ពុជាលូតលាស់វិស័យឧស្សាហកម្មជាបន្តបន្ទាប់ដូច្នេះជំនាញដែលពលករធ្វើការនៅស្រុកគេ អាចយកមកធ្វើការនៅកម្ពុជា សមល្មមនឹងការងាររបស់គាត់»។ លោកបន្តថា៖«មួយទៀតលំហូរចំណេះដឹង ខ្ញុំឃើញពលករយើងដែលរៀនសូត្របានថ្នាក់វិទ្យាល័យ ហើយទៅធ្វើការនៅកូរ៉េចិញ្ចឹមជ្រូកនៅទីនោះ ពេលចប់អាណត្តិមកវិញ ហើយសល់លុយខ្លះ បានបើកកសិដ្ឋានចិញ្ចឹមជ្រូកបែបកូរ៉េនៅស្រុក គាត់ទទួលបានជោគជ័យ»។ អ្នកសេដ្ឋកិច្ចរូបនេះ បញ្ជាក់ដូច្នេះទៀតថា៖«តែបើគាត់មិនបានស្រូបយកចំណេះដឹងទាំងអស់នោះមកវិញទេ ពួកគាត់នឹងប្រៀបបានកាកសំណល់ដែលហូរត្រឡប់មកវិញហើយ ព្រោះថានៅពេលត្រឡប់មកវិញត្រូវចាំចាយលុយហើយព្រោះកម្លាំងក៏ចុះខ្សោយ»។ លោកជំរុញឲ្យរដ្ឋាភិបាលចាប់អារម្មណ៍ខ្លាំងការអប់រំនៅទីជនបទ ដែលខ្វះគុណភាព និងរៀបចំការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន ដើម្បីទាក់ការវិនិយោគ បង្កើតការងារក្នុងស្រុក៕

website_news/2019030504.txt · Last modified: 2019/05/03 13:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki