website_news:2019030601

យល់ដឹងផ្នែកច្បាប់៖ បទញុះញង់អនីតិជនឱ្យសុំទាន

http://www.freshnewsasia.com/index.php/en/localnews/ 2019-06-02

(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ន យើងសង្កេតឃើញថាមានវត្តមានកុមារជាអនីតិជនជាច្រើន ដែលតែងតែដើរសុំទាននៅតាមទីសាធារណៈ ឬទីប្រជុំជនមានដូចជា តាមដងផ្លូវ តាមស្ដុបសាធារណៈ វត្តអារាម ភោជនីយដ្ឋាន និងតាមតំបន់រមនីយដ្ឋាននានា មិនថាពេលថ្ងៃ ឫពេលយប់ឡើយ។ ភាគច្រើន មូលហេតុចម្បងដែលជម្រុញឱ្យកុមារទាំងនេះដើរសុំទាន គឺអាចបណ្ដាលមកពីបញ្ហាជីវភាព និងមួយចំណែកទៀតអាចកើតចេញពីសមាជិកគ្រួសារក្មេងនោះ ឬជនខិលខូចមួយចំនួនជួយសម្របសម្រួល និងញុះញង់ ក៏ដូចជាធ្វើការគំរាមកំហែងឱ្យកុមារទាំងនោះ យកការសុំទានមកធ្វើជាមុខរបរដើម្បីរកប្រាក់ចិញ្ចឹមពួកគេ។

ដូច្នេះ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ យើងត្រូវដឹងថា តើអំពើ និងសកម្មភាពបែបណា ដែលត្រូវបានចាត់ទុកថាជាការញុះញង់អនីតិជនឱ្យសុំទាន? ហើយជនដែលប្រព្រឹត្តអំពើនេះ ត្រូវទទួលទោសតាមច្បាប់កម្រិតណា? ដើម្បីជួយស្រាយចម្ងល់ និងបំភ្លឺអំពីបញ្ហាខាងលើជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បទញុះញង់អនីតិជនឱ្យសុំទាន» មកបកស្រាយ និងចែករំលែក ដូចតទៅ៖

អនីតិជន គឺសំដៅទៅលើជនទាំងឡាយណាដែលមិនទាន់គ្រប់អាយុតាមច្បាប់កំណត់ ឬ មានអាយុក្រោម ១៨ ឆ្នាំ។ កាលណាអត្រានៃអនីតិជនដែលដើរសុំទានមានកាន់តែច្រើន នោះផលប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពួកគេក៏កើតមានច្រើនដូចគ្នា ដែលផលប៉ះពាល់ទាំងនោះរួមមាន ការកេងប្រវ័ញ្ចលើកម្លាំងពលកម្មកុមារ ការបង្កឱ្យមានភាពឥតសណ្ដាប់ធ្នាប់នៅតាមទីសាធារណៈ ហានិភ័យនៃការទទួលរងគ្រោះថ្នាក់ផ្សេងៗ (ឧទាហរណ៍. គ្រោះថ្នាក់ចរាចរណ៍) និង អាចធ្វើឱ្យកុមារទាំងនោះបាត់បង់ឱកាសក្នុងការរៀនសូត្រផងដែរ។

យ៉ាងណាមិញ នៅពីក្រោយការសុំទានរបស់អនីតិជន យើងឃើញថាមានជនខិលខូចមួយចំនួនដែលមានភាពខិ្ជលច្រអូស និងគេចវេសពីការប្រកបរបរចិញ្ចឹមជីវិតដោយខ្លួនឯង បានរិះរកវិធីសាស្រ្តទុច្ចរិត និងរៀបចំផែនការគ្រប់មធ្យោបាយ ដើម្បីកេងចំណេញ ឬទាញយកផលប្រយោជន៍ពីកុមារដែលខ្សត់ខ្សោយទាំងនោះ។ បើផ្អែកតាមការសិក្សាស្រាវជ្រាវលើបញ្ហានេះកន្លងមក មធ្យោបាយដែលមេខ្លោងទាំងនោះយកមកប្រើប្រាស់មានដូចជា ការសម្របសម្រួលដោយរកទីតាំងសម្រាប់ឱ្យកុមារជាអនីតិជនទាំងនោះសុំទាន ហើយផ្ដល់ដំណឹងឱ្យកុមារទាំងនោះគេចខ្លួនរាល់ពេលដែលមានមន្រ្តីមានសមត្ថកិច្ចចុះមកត្រួតពិនិត្យជាដើម។ បន្ទាប់មកកុមារជាអនីតិជន ត្រូវប្រគល់ប្រាក់មួយចំនួនដែលខ្លួនសុំបានទៅឱ្យមេខ្លោង ដើម្បីជាថ្នូរក្នុងការផ្ដល់ដំណឹង។

ក្រៅពីមធ្យោបាយខាងលើ មានជនទុច្ចរិតមួយចំនួនទៀត បានធ្វើការញុះញង់ឱ្យកុមារដើរសុំទានតាមទីសាធារណៈ រួចប្រគល់ប្រាក់ទាំងអស់មកឱ្យខ្លួន ដើម្បីដូរយកអាហារ ក៏ដូចជាទីជម្រកផងដែរ។ ក្នុងករណីដែលមិនអាចសុំទានបានគ្រប់តាមចំនួនណាមួយដែលមេខ្លោងបានកម្រិត កុមារដែលជា អនីតិជនទាំងនោះ អាចត្រូវទទួលរងនូវការគំរាមកំហែង បង្អត់អាហារ និងដេញចេញពីកន្លែងស្នាក់អាស្រ័យទៀតផង។ ដោយហេតុដូចបានរៀបរាប់ខាងលើនេះ ទើបក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បន្ទុកទៅលើជនខិលខូចទាំងអស់នោះ ដោយបញ្ញត្តត្រង់មាត្រា ៣៤៤ ថា៖ «អំពើញុះញង់អនីតិជនដោយផ្ទាល់អោយសុំទាន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន)រៀល» ។

សរុបមកវិញ ជនទាំងឡាយណាដែលបានប្រព្រឹត្តិអំពើញុះញង់អនីតិជនឱ្យសុំទាន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ហើយអនីតិជនដែលមិនទាន់គ្រប់អាយុទាំងអស់ គួរគប្បីទទួលបានការគាំពារថែរក្សា ដោយទទួលបាននូវការសិក្សាអប់រំរៀនសូត្រ និងតាមរយៈការបំបាត់នូវរាល់សកម្មភាពរំលោភបំពានសិទ្ធិនានាទៅលើពួកគេ។

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា គន្ធ វិជិតា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

website_news/2019030601.txt · Last modified: 2019/06/03 14:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki