website_news:2019030602

កម្ពុជាត្រូវអង្គការសហប្រជាជាតិដាក់ជាប្រទេសដែលបានចូលរួមលុបបំបាត់ហិង្សាលើកុមារ

http://bayontv.com.kh/ 01/06/2019

ភ្នំពេញ ៖ នៅក្នុងឱកាសកម្ពុជាប្រារព្ធខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០១៩ បណ្តាអង្គការសង្គមស៊ីវិលដែលធ្វើការងារដើម្បីកុមារ បានអបអរសាទរចំពោះស្នាដៃដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកាលពីពេលថ្មីៗនេះ ត្រូវបានអង្គការសហប្រជាជាតិ(UN) ចុះឈ្មោះព្រះរាជាណាចក្រកម្ពុជាចូលជាប្រទេសទី២៦ លើការងារលប់បំបាត់អំពើហិង្សាគ្រប់ទម្រង់ លើកុមារនៅកម្ពុជា។

នាយកប្រតិបត្តិអង្គការសម្ព័ន្ធសិទ្ធកុមារកម្ពុជា លោក សុន ពេញ បានថ្លែងឱ្យដឹងថា ការដាក់បញ្ចូលប្រទេសកម្ពុជា ជាប្រទេសទី២៦ របស់UN លើការងារលប់បំបាត់អំពើហិង្សានេះ បានន័យថា កម្ពុជាគឺជាប្រទេសឈានមុខគេនៅក្នុងចំណោមប្រទេសជាច្រើននៅលើពិភពលោក លើការងារលុបបំបាត់អំពើហិង្សាលើកុមារ ពិសេសកុមារនៅតាមសាលារៀន កុមារនៅតាមខ្នងផ្ទះ និងនៅតាមទីសាធារណៈជាដើម។ លោក បន្តថា ការដាក់បញ្ចូលកម្ពុជាជាសមាជិកក្នុងចំណោមប្រទេសចំនួន២៦ របស់UNនេះ ដោយសារUN គេវាយតំលៃថា កម្ពុជា មានច្បាប់ មានផែនការ មានគោលនយោបាយច្បាស់លាស់ ក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សាលើកុមារ។ សម្រាប់ការដាក់បញ្ចូលកម្ពុជាជាប្រទេសទី២៦ របស់UN នេះដែរ លោក សុន ពេញ ក៏បានស្នើអោយអាណាព្យាបាលគ្រប់រូប ជីដូន អ្នកមើលថែកុមារ និងលោកគ្រូអ្នកគ្រូ សូមបញ្ឈប់ជាបន្ទាន់លើការប្រើប្រាស់អំពើហិង្សា ដោយគិតចាប់ពីការជេរប្រមាថកុមារឡើងទៅ ធ្វើជាមធ្យោបាយសម្រាប់អប់រំកុមារ និងប្រដៅទូន្មានកុមារ។

កន្លងមកឯកឧត្តម តូច ចន្នី អគ្គនាយកបច្ចេកទេសនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា នៅក្នុងដំណាក់កាលនៃការប្តេជ្ញាចិត្តលប់បំបាត់អំពើហិង្សាលើកុមារនៅកម្ពុជា គឺយើងមិនអាចលុបបំបាត់ អស់នោះទេ ពោលគឺយើងបានត្រឹមតែទប់ស្កាត់ និងកាត់បន្ថយវា ខណៈអាណាព្យាបាលមួយចំនួននៅតែមានផ្នត់គំនិតប្រើប្រាស់អំពើហិង្សាតាមបែបប្រពៃណីធ្វើជាមធ្យោបាយសម្រាប់អប់រំកុមារជាដដែល៕

website_news/2019030602.txt · Last modified: 2019/06/03 14:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki