website_news:2019030603

អង្គការ APLE និងនគរបាល រួមគ្នាបង្កើតបន្ទប់សម្រាប់សម្ភាសកុមាររងគ្រោះ

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 03 June 2019 | 10:32 ICT

ភ្នំពេញៈ អង្គការសកម្មភាពដើម្បីកុមារ (APLE) ដាក់ឲ្យប្រើប្រាស់បន្ទប់សម្ភាសន៍តាមបែបកុមារមេត្រីនៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីជួយសម្រួលដំណើរការនៃការសម្ភាសជាមួយនឹងកុមារដែលអាចទទួលរងគ្រោះពីអំពើរំលោភ បំពាន និងកេងប្រវ័ញ្ចផ្លូវភេទផ្សេងៗ។ យោងតាមសេចក្តីប្រកាសរបស់អង្គការនេះចេញផ្សាយកាលពីថ្ងៃសុក្រ។ សេចក្ដីប្រកាសព័ត៌មានដដែលនេះបានដឹងថា ការបង្កើតបន្ទប់នេះឡើង នឹងធ្វើឲ្យកុមារមានភាពល្អប្រសើរឡើងវិញ ចៀសវាងការប៉ះទង្គិចផ្លូវចិត្តជាថ្មី នៅពេលពួកគេចូលដល់បន្ទប់បែបបច្ចេកទេសនេះផងដែរ។ សេចក្តីប្រកាសនេះបានឲ្យដឹងថា៖ «បន្ទប់កុមារមេត្រីនេះ គឺជាគំនិតផ្តួចផ្តើមដែលត្រូវបានបង្កើតឡើងនៅតាមបណ្តាខេត្តនានាមួយចំនួនរួចមកហើយ ដែលវាជាចំណែកមួយនៃកម្មវិធីអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយ អាជ្ញាធរប៉ូលិសជាតិក្នុងការលើកកម្ពស់ ការអនុវត្ដ ជិតស្និទ្ធ ដែលមានស្តង់ដា ក្នុងអំឡុងពេលស៊ើបអង្កេត»។

លោក ខឹម វ៉ានដូ អ្នកឯកទេស ការពារកុមារ នៃអង្គការ APLE បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា កន្លងទៅ អង្គការ បានបង្កើតបន្ទប់សម្ភាសន៍បែបកុមារមេត្រីនេះចំនួន ៣ រួចមកហើយ គឺទី១ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ និងទី២ នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៅខេត្តសៀមរាប និងខេត្តកណ្តាល។ ការបង្កើតបន្ទប់កុមារមេត្រីបន្ថែមទៀតនេះ គឺជាមធ្យោបាយផ្តល់ភាពងាយស្រួល ដល់អាជ្ញាធរខេត្តនេះ ជាពិសេស ផ្តល់ការជឿទុកចិត្តដល់កុមាររងគ្រោះបន្ថែមទៀត។ លោក ខឹម វ៉ានដូ ថ្លែងថា៖ «តាមបទពិសោធដែលយើងធ្វើការជាមួយនគរបាលកន្លងមក គាត់មិនមានបន្ទប់សម្ភាសន៍បែបកុមារមេត្រីទេ ប៉ុន្តែនគរបាលមួយចំនួន បានអនុវត្តតាមនីតិវិធីដែលគាត់ផ្តោតទៅលើភាពឯកជនរបស់កុមារដែរ។ ប៉ុន្តែជាការពិតបន្ទប់បែបកុមារមេត្រីគឺយើងគិតគូរខ្ពស់បំផុត ទៅដល់ឧត្តមប្រយោជន៍របស់កុមារ ហើយយើងរៀបចំនេះ គឺទៅតាមស្តង់ដាតាមបែបអ្នកជំនាញ»។ លោកថ្លែងថា ជារួមបន្ទប់សម្ភាសន៍តាមបែបកុមារមេត្រី គឺជាបន្ទប់មួយដាច់ដោយឡែក សម្រាប់តែកុមារដែលរងគ្រោះតែប៉ុណ្ណោះ ហើយវាមានបំពាក់ឧបករណ៍នានាមួយចំនួន ដោយធានាថា ការនិយាយរបស់កុមារ គឺត្រូវទុកជាការសម្ងាត់ ហើយមិនមានការរំខានពីភាគីដទៃនៅពេលកុមាររងគ្រោះ នៅក្នុងបន្ទប់នេះ។

លោក ម៉ៅ ចាន់ម៉ាធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអះអាងថាបន្ទប់សម្ភាសន៍បែបកុមារមេត្រីនេះដែរថា វាពិតជាបានចូលរួមចំណែកយ៉ាងច្រើនដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការពន្លឿននីតិវិធីនៃការស៊ើបអង្កេត ហើយក៏ចូលរួមជួយដល់ជនរងគ្រោះផងដែរ។ លោកបញ្ជាក់ថា៖ «យើងរៀបចំនេះ មានសារៈសំខាន់ល្អ ព្រោះកុមារ (រងគ្រោះ) ពេលដែលយើងយកគាត់មកដល់បន្ទប់នេះ ធ្វើឲ្យគាត់បានសម្រួលអារម្មណ៍ ដែលងាយស្រួលក្នុងការទទួលបានព័ត៌មានអីផ្សេងៗពីកុមារ» ។ លោក វ៉ានដូ ថ្លែងថា បន្ទប់បែបនេះនឹងធ្វើបន្តនៅខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ចាមជាដើម៕

website_news/2019030603.txt · Last modified: 2019/06/03 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki