website_news:2019030604

ពលរដ្ឋខ្មែរ នឹងបាត់បង់ការងារដោយសារការមិនមានជំនាញច្បាស់លាស់ ព្រមទាំងការរីកចម្រើនរបស់ពិភពលោក

http://bayontv.com.kh/ 03/06/2019

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា នៅឆ្នាំបន្តបន្ទាប់ខាងមុខ បណ្តាពលករ និងកម្មករខ្មែរមួយចំនួននឹងរងការបាត់បាត់ការងារធ្វើរបស់ខ្លួន ប្រសិនបើពលករ និងកម្មករដែលកំពុងមានការងារធ្វើទាំងនោះ មិនខិតខំស្វះស្វែងរកការសិក្សាជំនាញមួយអោយបានច្បាស់ ចាប់ពីពេលនេះ តទៅនោះទេ។

ថ្លែងនៅថ្ងៃទី៣១ ខែឧសភា នាចុងសប្ដាហ៍ កន្លងមកនេះ ឯកឧត្តម ពេជ្រ សោភ័ណ្ឌ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គ្រប់យុវជន និងកម្មករខ្មែរនៅពេលបច្ចុប្បន្ននេះប្រសិនបើមិនខិតខំស្វះស្វែងរកការសិក្សារៀនសូត្រអោយមានជំនាញមួយពិតប្រាកដ នៅក្នុងខ្លួនទេ នៅថ្ងៃអនាគត គេនឹងមិនអាចរកការងារល្អៗធ្វើបាននោះទេ ហើយគេក៏មិនអាចស្វែងរកការងារធ្វើនៅក្រៅប្រទេសបាននោះដែរ ហើយអ្នកដែលប្រឈមនឹងការអត់ការងារធ្វើខ្លាំងជាងគេ គឺជាអ្នកដែលទទួលបានការសិក្សាតិចជាងគេ។ ប្រសាសន៍ឯកឧត្តម ពេជ្រ សោភ័ណ្ឌ បានធ្វើឡើង ខណៈរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ ILO កាលពីពេលថ្មីៗនេះបានចេញផ្សាយថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៥ រួមមាន ៖ កម្ពុជាខ្លួនឯង, វៀតណាម ថៃ ឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន សរុបប្រជាជនប្រមាណ១៣៧ លាននាក់ នឹងប្រឈមការបាត់បង់ការងារ ឬគ្មានការងារធ្វើ ដោយសារនៅក្នុងសម័យបដិវត្តឧស្សាហកម្ម៤.០ បណ្តាសង្វាក់ផលិតកម្មការងារនៅក្នុងរោងចក្រមួយចំនួនធំ នឹងងាកទៅរកការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលដើរដោយកម្លាំងម៉ាស៊ីនជំនួសអោយកំលាំងមនុស្ស។ ឯកឧត្តម ពេជ្រ សោភ័ណ្ឌ បន្តថា នៅពេលបច្ចុប្បន្ននេះ ជាបណ្តើរៗគ្រប់យុវជនមិនទាន់បានសិក្សាជំនាញ ឬ គ្រប់កម្មករដែលកំពុងធ្វើការងារដោយកម្លាំងនៅតាមការដ្ឋាន រោងចក្រសហគ្រាសនានា គួរខិតខំស្វះស្វែងរកឱកាសការសិក្សាជំនាញ ដើម្បីបង្កើនប្រាក់ខែខ្ពស់ផង និងស្ថេរភាពអនាគតការងារផងដែរ។

ប្រធានគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ជា កុកហេង បានថ្លែងថា ដើម្បីរួមចំណែកអភិវឌ្ឍន៍ជំនាញដល់យុវជនខ្មែរ នៅក្នុងឆ្នាំ២០១៩នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសរួមចំណែកផ្តល់មូលនិធិទៅដល់បណ្តាសាលា និងក្រុមហ៊ុនរោងចក្រសហគ្រាសនានា សំដៅផ្តល់ឱកាសបុគ្គលិក កម្មករកំពុងបំរើការងារដោយមិនមានជំនាញអោយគេបានសិក្សារៀនសូត្រដើម្បីទទួលបានជំនាញមួយនៅក្នុងខ្លួន។ លោក ជា កុក ហេង បន្តថា មកដល់ពេលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់មូលនិធិអភិវឌ្ឍន៍ជូន បណ្តាក្រុមហ៊ុន និងសាលាបណ្តុះបណ្តាលជំនាញរដ្ឋ និងឯកជនបានមួយជំនាន់រួចហើយ ដែលមានយុវជន បុគ្គលិក កម្មករនិយោជិត ប្រមាណជាង៥០០នាក់ បានទទួលការបណ្តុះបណ្តាលជំនាញមួយច្បាស់លាស់៕

website_news/2019030604.txt · Last modified: 2019/06/03 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki