website_news:2019030701

កងយោធពលខេមរភូមិន្ទ ប្តេជ្ញាបន្តពង្រឹងការពារជាតិ លើគ្រប់វិស័យ នៅតាមតំបន់ព្រំដែន

https://www.dap-news.com/archives/ ByID:113 Posted on 03 July 2019 | 12:40

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា ឆមាសទី១ ឆ្នាំ២០១៩ កងយោធពលខេមរភូមិន្ទបាន ប្តេជ្ញាបន្តពង្រឹងប្រៀបការពារជាតិ លើគ្រប់វិស័យនៅតាមតំបន់ព្រំដែនដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ ភូមិសាស្ត្រទទួលខុសត្រូវ និងចូលរួមទប់ស្កាត់ បទល្មើសគ្រប់ប្រភេទផងដែរ។

យោងតាមគេហទំព័រ ហ្វេសប៊ុករបស់លោក ឈុំ សុជាតិ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា “សម្រាប់ឆមាសទី១ ឆ្នាំ២០១៩នេះ កងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងការពារជាតិ លើគ្រប់វិស័យនៅតាមតំបន់ព្រំដែន ល្បាតជាប្រចាំ ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងភូមិសាស្ត្រទទួលខុសត្រូវ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងសកម្មភាពឆ្លងដែនខុសច្បាប់ ព្រមទាំងបានបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើងដោយសន្តិវិធី”។ លោកបន្ដថា សម្រាប់ឆមាសទី១ ឆ្នាំ២០១៩ កងយោធពលខេមរភូមិន្ទ បានបន្តអនុវត្តភារកិច្ចតាមកម្មវិធី នយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការកែទម្រង់ កងយោធពលខេមរភូមិន្ទរយៈពេល៥ឆ្នាំ និងកម្មវិធីការងារ ដោយសម្រេចបាននូវ សមិទ្ធផលការងារធំៗ ជាច្រើន។ សូមរំលឹកថា នៅព្រឹកថ្ងៃទី៣ កក្កដា នេះ ក្រសួងការពារជាតិ បានបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ៕ ដោយ ៖ អេង ប៊ូឆេង

website_news/2019030701.txt · Last modified: 2019/07/03 15:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki