website_news:2019030702

ជប៉ុនជួយលើកកម្ពស់សមត្ថភាពពលករកម្ពុជាផ្នែកថែទាំមនុស្សចាស់ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារនៅប្រទេសជប៉ុន

https://www.information.gov.kh/ ចេញផ្សាយថ្ងៃទី 2 ខែកក្កដា ឆ្នាំ2019 វិទ្យុជាតិកម្ពុជា អត្ថបទ៖លោក ជួន បូណា

ភ្នំពេញ៖ អង្គការ JCIA របស់ជប៉ុន ជួយបណ្តុះបណ្តាលពលករកម្ពុជាពីជំនាញថែទាំមនុស្សចាស់ ដើម្បីបង្កើនសមត្ថភាពសម្រាប់ឆ្លើយតបទីផ្សារការងារនៅក្នុងប្រទេសជប៉ុន។ ក្រោយបញ្ចប់ជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូជប៉ុនដឹកនាំដោយលោក យ៉ាម៉ាដា ហ្វូមីយ៉ូ (Yamada Fumio) ប្រធានអង្គការ JCIA នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។

ឯកឧត្តម ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា លោកយ៉ាម៉ាដាបានឱ្យដឹងថា មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យកំពុងដំណើរការបណ្ដុះបណ្ដាលជំនាញផ្នែកថែទាំមនុស្សចាស់ដល់កម្មសិក្សាការីកម្ពុជា ដែលបានប្រព្រឹត្តទៅដោយរលូន ស្របនឹងស្តង់ដារប្រទេសជប៉ុន។ ឯកឧត្តមបានបញ្ជាក់ថា ទីផ្សារការងារថែទំាមនុស្សចាស់នៅប្រទេសជប៉ុនមានតម្រូវការ ខ្ពស់ ដូច្នេះដែលទាមទារការបណ្តុះបណ្តាលកម្មសិក្សាការីជំនាញនេះឲ្យបានច្រើនបន្ថែមទៀតដើម្បីឆ្លើយតម្រូវការចង់បាននៅក្នុងប្រទេសជប៉ុន។ ឯកឧត្តមបញ្ជាក់ថា ដោយមើលឃើញកត្ដាទាំងនេះហើយ អង្គការ JCIA របស់ជប៉ុនដែលជាដៃគូសហការនិងជួយគាំទ្រមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ បានបញ្ជូនគ្រូបង្គោលផ្នែកថែទាំមនុស្សចាស់របស់ខ្លួនបន្ថែមមកបណ្ដុះបណ្ដាលជំនាញមួយចំនួននៅកម្ពុជា ដើម្បីបង្កើនការជ្រើសរើសគ្រប់គ្រងបណ្ដុះបណ្ដាលនិងបញ្ជូនកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនអោយកាន់តែច្រើនថែមទៀត។ ឯកឧត្តមបានន្ថែមថា ការពង្រីកគ្រូបង្គោលផ្នែកថែទាំមនុស្សចាស់ដល់ពលកម្ពុជានេះ ខណៈដែលពលករកម្ពុជាមានអត្តចរិតល្អ ភាពអត់ធ្មត់ និងតស៊ូ ដែលបានទៅធ្វើការនៅប្រទេសជប៉ុន ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានស្វាគមន៍ និងគាំទ្រងយ៉ាងពេញទំហឹងដោយបានលើកទឹកចិត្តឱ្យអង្គការJCIA អនុវត្តការបណ្ដុះបណ្ដាលជំនាញដល់កម្មសិក្សាការីនេះឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីកម្ពុជា និងជប៉ុន ដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីដើមឆ្នាំ២០១៩ មកនោះ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក៏បានស្នើឱ្យមានការគិតគូរលើបញ្ហាសុវត្ថិភាពរបស់កម្មសិក្សាការីកម្ពុជា ដែលត្រូវបញ្ជូនទៅធ្វើការនិងកំពុងធ្វើការនៅប្រទេសជប៉ុនផងដែរ ដើម្បីធានាសុវត្ថិភាព និងសិទ្ធិ ពលករកម្ពុជា។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ពលករកម្ពុជាដែលបានបញ្ជូនទៅធ្វើនៅប្រទេសជប៉ុន មានចំនួនជាង៨ពាន់នាក់ហើយកម្ពុជា-ជប៉ុនគ្រោងនឹងបញ្ជូនពលករទៅការនៅជប៉ុននាពេលខាងមុខនេះអោយកាន់តែច្រើនបន្ថែមទៀ៕

website_news/2019030702.txt · Last modified: 2019/07/03 15:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki