website_news:2019040203

បុរសអាមេរិកម្នាក់ត្រូវជាប់គុកមួយជីវិតករណីរំលោភក្មេងខ្មែរក្នុងមណ្ឌលដែលខ្លួនគ្រប់គ្រង

https://www.rfa.org/khmer/ 2019-02-03 ដោយ ថន ថារ៉ូ

បុរសជនជាតិអាមេរិក លោក Daniel Stephen Johnson អាយុ៤០ឆ្នាំ ត្រូវបានតុលាការអាមេរិកក្នុងរដ្ឋអរីហ្ក្រេន សហរដ្ឋអាមេរិក កាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតករណីរំលោភផ្លូវភេទកុមារខ្មែរចំនួន៦ករណី។ កាលពីថ្ងៃទី១៨ ខែមករា កន្លងទៅ បុរសរូបនេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៣០ឆ្នាំក្នុងករណី រួមភេទខុសច្បាប់នៅបរទេស និងជាប់គុកអស់មួយជីវិតករណីរួមភេទ និងអនីតិជន។ យ៉ាងហោចណាស់មានជនរងគ្រោះចំនួន ១០នាក់ អាយុចាប់ពី៧ដល់១៨ឆ្នាំ ចោទប្រកាន់ លោក Daniel ថាបានបំពានផ្លូវភេទពួកគេ។

តាមឯកសារតុលាការអាមេរិកដែលបានចែកផ្សាយក្នុងអំឡុងពេលសវនាការបានឱ្យដឹងថា បុរសរូបនេះបានរំលោភផ្លូវភេទកុមារកម្ពុជាជាច្រើននាក់ផ្ទួនៗគ្នា ក្នុងមជ្ឈមណ្ឌលកុមារកំព្រាដែលគាត់ជាអ្នកគ្រប់គ្រង ដែលអំពើនេះបានប្រព្រឹត្តិទៅក្នុងរវាងអំឡុងខែវិច្ឆិកា ឆ្នាំ២០០៥ និងមុនការចាប់ខ្លួនគាត់ក្នុងឆ្នាំ២០១៣។ ការិយាល័យព្រះរាជអាជ្ញារបស់អាមេរិកបានអោយដឹងថា បុរសអាមេរិករូបនេះ បានទទួលជំនួយថវិកាពីក្រុមវិហារសាសនាគ្រឹះ ក្នុងរដ្ឋ អរីហ្ក្រេន (Oregon) កាលីហ្វរនីញ៉ា (Calforina) តិចសាស (Texsas) និងកន្លែងផ្សេងៗទៀតជាច្រើន ដើម្បីជួយឧបត្ថម្ភដល់មជ្ឈមណ្ឌលកុមារកំព្រារបស់លោកក្នុងក្រុងភ្នំពេញ។ លោក Daniel ក៏ធ្លាប់ជាប់គុកមួយឆ្នាំនៅកម្ពុជាដោយបទបៀតបៀនកេរ្តិ៍ខ្មាសកុមារ។ ហើយក្រោយត្រូវបានដោះលែង លោកត្រូវបានអាជ្ញាធរអាមេរិកបញ្ជូនខ្លួនទៅអាមេរិកដើម្បីកាត់ទោសបន្ថែមទៀត៕

website_news/2019040203.txt · Last modified: 2019/02/04 15:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki