website_news:2019040204

ជប៉ុនខ្វះកម្លាំងពលកម្មកាន់តែខ្លាំងមិនធ្លាប់មានក្នុងរយៈពេល ៤៥ឆ្នាំចុងក្រោយ

https://thmeythmey.com/ 02, Feb 2019 , 12:13 pm ដោយ: អ៊ឹម ម៉េងស៊ាង

មានការងារច្រើន តែបែរជាខ្វះមនុស្សធ្វើ។ នេះជាបញ្ហាដែលរដ្ឋអាស៊ីខាងកើតជប៉ុនកំពុងជួបប្រទះដោយសារគ្មានកម្លាំងពលកម្មគ្រប់គ្រាន់។ ក្រសួងការងារជប៉ុននៅថ្ងៃសុក្រទី ១ ខែកុម្ភៈ បានចាត់ទុកថា វិបត្តិខ្វះខាតកម្លាំងពលកម្មស្ថិតកើនឡើងកាន់តែខ្លាំងមិនធ្លាប់មានចាប់ពីឆ្នាំ ១៩៧៣ មក។

បើតាមទិន្នន័យរបស់ក្រសួងការងារជប៉ុន ភាគរយនៃការកង្វះកម្លាំងពលកម្មនៅជប៉ុនកើនខ្ពស់បំផុតមិនធ្លាប់ជួបក្នុងរយៈពេល ៤៥ឆ្នាំចុងក្រោយ ដោយជាមធ្យមប្រជាជនជប៉ុនត្រឹមតែ ១០០នាក់ប៉ុណ្ណោះដែលស្វែងរកការងារធ្វើ ស្របពេលដែលការងារមានរហូតទៅដល់ ១៦៣ កន្លែងឯណោះ។ ហើយមូលហេតុដែលបណ្តាលឲ្យខ្វះកម្លាំងពលកម្មនេះគឺមកកត្តាចំនួនពីរ។ មួយគឺអត្រាកំណើតរបស់ប្រជាជនថយចុះ និងមួយទៀត គឺអត្រាប្រជាជនចាស់ជរាកើនឡើងយ៉ាងរហ័ស។ ទន្ទឹមនឹងគ្នានេះដែរ អត្រានិកម្មភាព (ភាពគ្មានការងារធ្វើ) របស់ជប៉ុនក៏ស្ថិតនៅកម្រិតទាបដដែល គិតត្រឹមខែធ្នូ ដែលមានត្រឹមតែ ២,៤ ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដោយដកស្រង់ទិន្នន័យដាច់ដោយឡែកមួយពីក្រសួងមហាផ្ទៃជប៉ុន។

ដោយមើលឃើញពីគម្លាតចំនួនការងារនៅទំនេរ និងអ្នករកការងារធ្វើកាន់តែធំ រដ្ឋាភិបាលជប៉ុនដែលធ្លាប់តែមានប្រពៃណីរឹតត្បិតលើគោលនយោបាយអន្តោប្រវេសន៍ បែរជាយល់ព្រមអនុម័តច្បាប់ថ្មីមួយដែលនឹងបើកទ្វារខ្លួនកាន់តែធំទូលាយដើម្បីទទួលយកពលករបរទេស។ ហើយចំពោះប្រព័ន្ធទទួលពលករបរទេសថ្មីនេះ គេមើលឃើញថា វាជាការផ្លាស់ប្តូរដ៏ធំមួយរបស់ក្រុងតូក្យូទាក់ទងនឹងគោលនយោយបាយអន្តោប្រវេសន៍របស់ជប៉ុន។

គួរបញ្ជាក់ដែរថា ច្បាប់ថ្មីដែលត្រូវបានបង្កើតឡើងក្រោមអាណត្តិលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីបច្ចុប្បន្ន នឹងជ្រើសរើសពលករមានជំនាញពីបរទេស ៣៤៥០០០នាក់ក្នុងរយៈពេលប្រាំឆ្នាំ ហើយ ច្បាប់នេះនឹងចូលជាធរមានចាប់ពីខែ មេសាឆ្នាំ ២០១៩ ខាងមុខនេះ។ ច្បាប់នេះក៏នឹងផ្តល់ទិដ្ឋាការប្រភេទថ្មីចំនួនពីរសម្រាប់ពលករបរទេស។ ទីមួយគឺមានសុពលភាព៥ឆ្នាំសម្រាប់ពលករបរទេស ដែលអាចនិយាយភាសាជប៉ុនបានល្អ និងស្ថិតក្នុងវិស័យកំពុងខ្វះខាតខាងលើ។

ហើយទីពីរវិញនោះគឺសម្រាប់ពលករមានជំនាញខ្ពស់ ដែលពួកគេក៏ត្រូវបានអនុញ្ញាតឲ្យនាំគ្រួសារទៅរស់នៅជាមួយថែមទៀតផង។ ជាពិសេស សម្រាប់ទិដ្ឋាការប្រភេទទីពីរនេះ រដ្ឋាភិបាលពុំបានកំណត់ចំនួនការផ្តល់ចំនួនទិដ្ឋាការជាថ្មីឡើយ។ នេះមានន័យថា ពួកគេអាចមានសិទ្ធិរស់នៅក្នុងប្រទេសជប៉ុនជារៀងរហូតថែមទៀតផង៕

website_news/2019040204.txt · Last modified: 2019/02/04 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki