website_news:2019040302

ពលករចំណាកស្រុក» ជារឿងគួរកើតទុក្ខ ឬគួររីករាយ? មកស្ដាប់អ្នកជំនាញ!

https://cambonomist.com/news/ ដោយ ចាន់ មង្គល

រឿងចំណាកស្រុករបស់ប្រជាពលរដ្ឋកម្ពុជា ទៅធ្វើការងារនៅក្រៅប្រទេស ដូចជា ថៃ និងកូរ៉េ ជាដើម ត្រូវបានគេមើលឃើញថា គឺជារឿងក្ដៅមួយ ក្នុងចំណោមរឿងក្ដៅផ្សេងៗទៀត ដែលអ្នកតាមដានសង្គម ក៏ដូចជា អ្នកនយោបាយមួយចំនួនផងដែរ តែងតែយកមកជជែកយ៉ាងផុសផុល និងយកទៅរិះគន់ការដឹកនាំរបស់រាជរដ្ឋាភិបាល។

វិភាគសេដ្ឋកិច្ច អំពី ចំណាកស្រុក៖

ទោះយ៉ាងណា បើតាមអ្នកជំនួញធំៗ ក៏ដូចជាអ្នកជំនាញសេដ្ឋកិច្ចល្បីៗ បានអះអាងយ៉ាងជាក់លាក់ ដោយផ្អែកតាមការសិក្សានិងបទពិសោធន៍ថា ការចំណាកស្រុកគឺជាចរន្ដនិន្នាការសេដ្ឋកិច្ច ដែលមិនអាចហាមឃាត់បានឡើយ ហើយប្រទេសណាក៏មានចំណាកស្រុកដែរ មិនមែនមានតែកម្ពុជាមួយតែឯកឯងនោះឡើយ។ តាមរយៈ ខេមបូណូមីស ក្រុមអ្នកជំនាញសេដ្ឋកិច្ចនិងធុរជនល្បីៗជាច្រើន បានចេញមុខអះអាងថា ការចំណាកស្រុកពីសំណាក់ជនជាតិខ្មែរទៅរកការងារនៅក្រៅប្រទេស គឺជានិន្នាការវិជ្ជមាន សម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរយៈពេលយូរអង្វែង។ ការអះអាងរបស់ក្រុមអ្នកជំនួញ និងអ្នកជំនាញដ៏លេចធ្លោទាំងអស់នេះ ស្របពេលដែលកម្ពុជាមានពលករចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេស ប្រមាណជាង ១,២លាននាក់ និងបានផ្ញើប្រាក់មកស្រុកកំណើតប្រមាណ ២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីឆ្នាំ២០១៧។ មានប្រទេសចំនួន ៧ ដែលកម្ពុជា បានបញ្ជូនពលករឲ្យទៅធ្វើការ មានដូចជា ប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន សាំងហ្គាពួរ ម៉ាឡេស៊ី អារ៉ាប់ប៊ីសាអូឌីត និងទីក្រុងហុងកុង ប្រទេសចិន។ ថ្វីត្បិតតែការចំណាកស្រុកមានច្រើនក៏ពិតមែន ក៏ប៉ុន្តែមន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ បានលើកឡើងថា ការធ្វើចំណាកស្រុករបស់ពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេសនេះ កុំថា ជារឿងបញ្ហាសេដ្ឋកិច្ចធំដុំឲ្យសោះ ផ្ទុយទៅវិញត្រូវយកចិត្តទុកដាក់ និងគាំទ្រសម្រួលការងារ និងការពារសិទ្ធិពួកគាត់ ជាប្រយោជន៍បង្កើនចំណូលសេដ្ឋកិច្ចគ្រួសារឲ្យកាន់តែប្រសើរឡើង។

សំណួរសួរថា តើហេតុអ្វីបានមានពលករចំណាកស្រុក?

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការចំណាកស្រុករបស់ប្រជាពលរដ្ឋខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយសារតែហេតុផលសេដ្ឋកិច្ច ហេតុផលសង្គម និងគម្លាតប្រាក់ឈ្នួលពលកម្ម ដែលនៅប្រទេសថៃ កូរ៉េ និងជប៉ុន គឺមានប្រាក់ឈ្នួលខ្ពស់ ធៀបនឹងបណ្តាប្រទេសផ្សេងទៀតនោះ ដូច្នេះ យើងត្រូវតែលើកទឹកចិត្ត និងគាំទ្រដល់ពួកគាត់។ ពិសេស គឺការធានានូវសុខសុវត្ថិភាពជូនពួកគាត់ ពេលបំពេញការងារតែម្ដង។

ពាក់ព័ន្ធទៅនឹងចំណាកស្រុកនេះដែរ លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន WorldBridge Group ដែលជាវិនិយោគិនលេចធ្លោមួយរូបនៅកម្ពុជា បានលើកឡើងដែរថា ការធ្វើចំណាកស្រុករបស់ពលករ មិនមែនមានតែនៅកម្ពុជានោះទេ គ្រប់ប្រទេសលើពិភពលោក ក៏មានចំណាកស្រុកដូចគ្នាដែរ ហើយប្រទេសខ្លះមានចំណាកស្រុកច្រើនជាងកម្ពុជាទៀតផង ដូចជា ថៃ និង ហ្វីលីពីន ជាដើម ហើយបើនិយាយក្នុងន័យសេដ្ឋកិច្ច វាគឺជាកត្តាបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។ បន្ថែមពីលើនេះដែរ លោក ឧកញ៉ា សៀ ឫទ្ធី បានគូសបញ្ជាក់ទៀតថា ចំណាកស្រុកគឺជារឿងល្អនោះទេ ឲ្យតែការចំណាកស្រុកនោះ ធ្វើឡើងដោយស្របច្បាប់ ហើយរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំជួយជ្រោមជ្រែងសម្បើមណាស់ចំពោះការងារនេះ ដើម្បីឲ្យពលករកម្ពុជាអាចធ្វើចំណាកស្រុកទៅរកការងារធ្វើបានសុវត្ថិភាព និងទទួលបានប្រាក់ខែល្អ និងចំណេះជំនាញ ដើម្បីយកមកអភិវឌ្ឍប្រទេសកំណើតវិញ។ លោកឧកញ៉ា បានគូសបញ្ជាក់ថា ការចំណាកស្រុក នឹងនាំមកនូវផលចំណេញ ទាំងចំណូល ចំណេះ និងជំនាញសម្រាប់ពលករ ដែលទាំងអស់នេះហើយ គឺជាអ្វីដែលរាជរដ្ឋាភិបាលចង់បាន ព្រោះនៅពេលដែលពលករទាំងនោះត្រឡប់មកវិញ ជីវភាពពួកគេក៏ប្រសើរ ហើយមានទាំងចំណេះជំនាញ ដែលជាតម្រូវការសម្រាប់ការអភិវឌ្ឍស្រុកទេសទៅថ្ងៃអនាគត។ សំណួរមួយទៀត ដែលគួរចោទសួរ តើនៅកម្ពុជា គ្មានការងារធ្វើ ឬប្រជាជនជំពាក់បំណុលធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ បានជាពួកគេធ្វើចំណាកស្រុក?

បើនិយាយថា អត្រាអ្នកគ្មានការងារធ្វើ កម្ពុជាគឺមានក្នុងកម្រិតមួយទាបបំផុត ដែលមាន ០,៣% ប៉ុណ្ណោះ ហើយបើធៀបនឹងប្រទេសក្នុងតំបន់ អត្រាអ្នកគ្មានការងារធ្វើនៅកម្ពុជា គឺមានតិចជាងគេបំផុត។ នេះបើតាមការសិក្សាមួយរបស់ សភាអន្តរអាស៊ាន (AIPA) ដែលបានចេញផ្សាយកាលពីខែកក្កដា ឆ្នាំ២០១៨។ បើនិយាយថា ការធ្វើចំណាកស្រុក ព្រោះតែមកពីការជាប់បំណុលវ័ណ្ឌក ក៏ដូចជាមិនសមហេតុផលដែរ។ ជាក់ស្ដែង បើតាមប្រសាសន៍លោកបណ្ឌិត អ៊ិន ចាន់នី អគ្គនាយកប្រតិបត្តិធនាគារ អេស៊ីលីដា ដែលមានបទពិសោធន៍ចាស់វស្សាក្នុងវិស័យនេះ បានអះអាងថា វាមិនមែនជារឿងត្រឹមត្រូវទេ ដែលថា ពលរដ្ឋចំណាកស្រុក ព្រោះបំណុលវ័ណ្ឌក។ លោក អ៊ិន ចាន់នី បានគូសបញ្ជាក់ថា រឿងចំណាកស្រុកនេះ គឺជានិន្នាការសេដ្ឋកិច្ចមួយ ដែលផ្ដល់ឲ្យប្រជាពលរដ្ឋមានជម្រើស និងឱកាសស្វែងរកការងារ មិនមែនមកពីការជំពាក់បំណុលគ្រឹះស្ថានធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះឡើយ។

អគ្គនាយកប្រតិបត្តិធនាគារ អេស៊ីលីដា រូបនេះ បានបន្ថែមទៀតថា ការងារក្នុងស្រុកមានមិនខ្វះទេ ប៉ុន្ដែ ជាទូទៅ ពលករចំណាកស្រុក គាត់មើលឃើញឱកាសទៅធ្វើការងារនៅក្រៅប្រទេស ដោយចង់បានទៅស្គាល់ស្រុកគេផង និងចំណូលខ្ពស់ជាងមុនផង។ ទោះយ៉ាងណា លោកថា ការងារនៅក្នុងស្រុកនាពេលបច្ចុប្បន្ននេះ ក៏មានប្រាក់ខែខ្ពស់គួរសមដែរ ហើយបើធ្វើការងារក្នុងស្រុក ក៏មានការផ្ដល់ជូនអត្ថប្រយោជន៍ច្រើនណាស់ដែរ ពោលគឺមិនសូវចំណាយច្រើន និងបានរស់នៅជិតក្រុមគ្រួសារ ជាដើម។

តើកម្លាំងពលកម្មក្នុងស្រុកនឹងប្រឈមដែរទេ ពេលមានការចំណាកស្រុក?

ទាក់ទងនឹងសំណួរខាងលើនេះ ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានគូសបញ្ជាក់ដែរថា ដ្បិតថា កម្ពុជាមានលំហូរកម្លាំងពលកម្មទៅក្រៅប្រទេសមួយចំនួនក៏ដោយ ប៉ុន្ដែ រាជរដ្ឋាភិបាលកម្ពុជា ក៏មានគោលនយោបាយក្នុងការបំពាក់បំប៉នជំនាញសម្រាប់កម្លាំងពលកម្មក្នុងស្រុក បន្ថែមផងដែរ ដូចជា ការបង្កើតនូវជំនាញបន្ថែមសម្រាប់កម្មករ កម្មការិនី សំដៅជំរុញឲ្យមានការធ្វើពិពិធកម្មទីផ្សារ ដើម្បីបង្កើនតម្លៃបន្ថែមកាន់តែខ្ពស់នៅក្នុងវិស័យកាត់ដេរ។ បន្ថែមពីនេះ ការជំរុញនិងលើកស្ទួយនូវជំនាញថ្មីៗ ទាក់ទងនឹងវិស័យព័ត៌មានវិទ្យា បច្ចេកវិទ្យា ក៏ជាទិសដៅសំខាន់មួយក្នុងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ បានគូសបញ្ជាក់ទៀតថា វិស័យធនធានមនុស្សផ្នែកជំនាញព័ត៌មានវិទ្យានេះ គឺជាវិស័យមួយសំខាន់ណាស់ ដោយឯកឧត្តមបានចាត់ទុកថា វាគឺជាវិស័យនាំចេញដោយមិនដាក់តាមកប៉ាល់របស់កម្ពុជា ហើយបច្ចុប្បន្ន កម្ពុជាកំពុងចាប់ផ្ដើមមានពន្លកលូតលាស់ជាបណ្ដើរៗហើយ។

ទាក់ទិននឹងរឿងចំណាកស្រុកនេះដែរ សេដ្ឋវិទូធនាគារពិភពលោក Miguel Eduardo Sanchez Martin ក៏ធ្លាប់បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីខែមេសា ដើមឆ្នាំ២០១៨នេះថា ប្រសិនបើប្រជាជនកម្ពុជាធ្វើចំណាកស្រុកទៅប្រទេសថៃ ពួកគាត់អាចទទួលបានជំនាញ ហើយត្រឡប់មកវិញជាមួយនឹងជំនាញទាំងនោះប្រហែលជាអាចបើកអាជីវកម្ម ឬអាចធ្វើអ្វីផ្សេងទៀតនៅកម្ពុជាដែលវាជាភាពវិជ្ជមាន។ សេដ្ឋវិទូរបស់ធនាគារពិភពលោករូបនេះបានបញ្ជាក់ថា ការធ្វើចំណាកស្រុកពីជនបទទៅកាន់ទីក្រុងដែលមានឱកាសការងារជាច្រើនក្នុងវិស័យផលិតកម្ម និងទេសចរណ៍ក៏អាចជានិន្នាការវិជ្ជមាននិងជា មូលដ្ឋានគាំទ្រដល់កំណើនសេដ្ឋកិច្ចនាពេលអនាគត។

សូមជម្រាបថា បើតាមប្រសាសន៍របស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់បានលើកឡើង កាលពីខែមីនា ឆ្នាំ២០១៨ កន្លងទៅ នៅក្នុងសន្និបាតប្រចាំឆ្នាំ បានឲ្យដឹងថា ពលករដែលធ្វើចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេស មានចំនួនជាង ១លាន ២សែននាក់ ហើយពួកគេបានផ្ញើប្រាក់ត្រឡប់មកស្រុកកំណើតវិញប្រមាណ ជិត ២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ តាមរបាយការណ៍ពីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតត្រឹមដើមឆ្នាំ២០១៨ កន្លងទៅ ក្រុមហ៊ុនដែលបានចុះបញ្ជីស្របច្បាប់ ក្នុងការបញ្ជូនពលករឲ្យទៅធ្វើការងារនៅក្រៅប្រទេសមានចំនួន រហូតដល់ជាង ៩០ក្រុមហ៊ុន៕

website_news/2019040302.txt · Last modified: 2019/03/04 14:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki