website_news:2019040303

ការសិក្សា៖ ចំណូលពលករចំណាកស្រុកកាន់តែច្រើន បំណុលកាន់តែកើន! តើមកពីហេតុអ្វី?

https://cambonomist.com/news/ ដោយ ជ័យ ជំនះ ថ្ងៃ04 -03-2019

ការសិក្សាថ្មីមួយបានបង្ហាញថា ប្រាក់បញ្ញើពីក្រៅប្រទេសដោយពលករចំណាកស្រុកកម្ពុជា បានលើកទឹកចិត្តឲ្យគ្រួសារពួកគាត់ខ្ចីលុយកាន់តែច្រើនជាងមុន ដែលនេះបញ្ជាក់ថា កាលណាពួកគាត់រកលុយបានកាន់តែច្រើន បំណុលពួកគាត់ក៏កើនឡើងដែរ។ ក្នុងការសិក្សារបស់ស្ថាប័ន វេទិកាអនាគត (Future Forum) ដែលមានចំណងជើងថា «អន្ទាក់បំណុលកម្ពុជា? ការសិក្សាអំពីទំនាក់ទំនងរវាងលុយផ្ញើចូលនិងបំណុលគ្រួសារ» បានបង្ហាញថា លុយដែលផ្ញើចូល បានផ្សារភ្ជាប់ជាមួយនឹងកំណើនបំណុលជាអប្បបរមា ចំនួន ៦ភាគរយ។ ការសិក្សានេះបានពន្យល់ទស្សនៈពីរផ្សេងគ្នា៖

ដែលទីមួយ ជាតម្រូវការគ្រួសារអ្នកចំណាកស្រុកក្នុងការយកប្រាក់កម្ចីដើម្បីបំពេញតម្រូវការជាដើមទុន ឬចំណាយលើទ្រព្យសម្បត្តិល្អនិងមិនល្អ ផងដែរ។

ទីពីរ នៅលើផ្នែកផ្គត់ផ្គង់ អ្នកផ្តល់ប្រាក់កម្ចី ទាំងផ្លូវការ ទាំងមិនផ្លូវការ មើលឃើញលុយដែលបញ្ជូនចូល ជាយន្ដការនៃការកាត់បន្ថយការលំបាកនៃការផ្តល់ប្រាក់កម្ចី ដោយប្រាក់ផ្ញើមកពីក្រៅប្រទេសនោះ មានតួនាទីជាវត្ថុបញ្ចាំលើប្រាក់កម្ចី។

ការសិក្សានេះ បាននិយាយដូច្នេះថា «ជាមួយលទ្ធផលនេះ ការសិក្សាសន្មតថា លុយដែលរកបាននិងប្រាក់កម្ចី ជួយបំពេញគ្នាទៅវិញទៅមកដោយសារតែចំណូលហ្នឹងបានបង្កើតបន្ទុកបំណុលបន្តបន្ទាប់ ដើម្បីដោះស្រាយភាពលំបាកក្នុងការខ្វះខាតសាច់ប្រាក់សម្រាប់តម្រូវការប្រើប្រាស់ចម្បងរបស់ពួកគាត់ សកម្មភាពសេដ្ឋកិច្ច វិបត្ដិ និងគោលបំណងផ្សេងៗទៀត នៅពេលដែលលំហូរលុយនោះមិនគ្រប់គ្រាន់។» ការស្រាវជ្រាវនេះ ដែលធ្វើដោយលោក ឡោ សំណាង បានអះអាងបន្ត ដោយយោងតាមតួលេខធនាគារពិភពលោកថា ចំណូលរបស់ជនចំណាកស្រុកបញ្ជូនទៅគ្រួសាររបស់ពួកគាត់បានរួមចំណែកចំនួន ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ហើយបានកើនឡើងចំនួន ១៦៥ភាគរយ ពីឆ្នាំ២០០៩ ទៅឆ្នាំ២០១៤ គឺកើនពី ១៤២លានដុល្លារ ទៅ ចំនួន ៣៧៦លានដុល្លារ។ គ្រួសារភាគច្រើន ដែលមានចំណូលពីបងប្អូនផ្ញើពីក្រៅប្រទេសមក យកប្រាក់កម្ចីពីស្ថាប័នឲ្យខ្ចី ដោយមិនមានមូលហេតុល្អ ដែលមានចំនួន ៦៣,២៤ភាគរយ ខណ:ដែលអ្នកខ្ចីលុយមានផលិតភាពល្អ គឺមានតែចំនួន ៣៦,៧៦ភាគរយ។

កម្ចីដែលមានផលិតភាព ពួកគេប្រើលើសកម្មភាពកសិកម្ម ឧទាហរណ៍ដូចជាទិញពូជស្រូវ ធ្វើសួនបន្លែ និងដាំដំណាំ ការចិញ្ចឹមសត្វ ការនេសាទ ជាដើម ខណ:ដែលកម្ចីដែលមិនមានផលិតភាព បានប្រើប្រាស់សម្រាប់តម្រូវការប្រើប្រាស់ ដូចជា ចំណាយលើចំណីអាហារនិងសម្លៀកបំពាក់ជាដើម។ ការស្រាវជា្រវនេះបានបន្ថែមថា «ស្ថានភាពនៃចំណូលនិងបំណុលនៅក្នុងបរិបទកម្ពុជា ក្នុងរយៈពេលខ្លី អាចត្រូវបានមើលឃើញជាវិជ្ជមានព្រោះវាជួយគ្រួសារចំណាកស្រុក ធានានូវតម្រូវការរស់នៅរបស់ពួកគាត់ ដូចជា អាហារ ការដឹកជញ្ជូន និងកន្លែងស្នាក់នៅ។ ក៏ប៉ុន្តែ ក្នុងរយ:ពេលវែង គ្រួសារចំណាកស្រុកអាចជំពាក់បំណុលច្រើនពេក ដូចដែលបានរកឃើញថា ប្រាក់កម្ចីត្រូវបានផ្តល់ឲ្យជាទូទៅ ដោយមិនមានផលិតភាពល្អ។» ដូច្នេះហើយការស្រាវជ្រាវនេះបាននិយាយថា មុននឹងផ្តល់ប្រាក់កម្ចីដល់គ្រួសារចំណាកស្រុក អ្នកផ្តល់ប្រាក់កម្ចី គួរពិនិត្យមើលល្អិតល្អន់នូវប្រវត្តិនៃការខ្ចី សមត្ថភាពទូទាត់បំណុល និងគោលបំណងរបស់ពួកគាត់៕

website_news/2019040303.txt · Last modified: 2019/03/04 15:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki