website_news:2019040304

នគរបាលការិយាល័យប្រឆាំងការជួញដូរនិងការពារអនីតិជនឃាត់ខ្លួនជនបរទេសម្នាក់ ករណីទិញពេស្យាចារកុមារ

http://bayontv.com.kh/ 03/03/2019

ភ្នំពេញ៖ កម្លាំងនគរបាលជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានធ្វើការស្រាវជ្រាវ ស៉ើបអង្កេត ចុះប្រតិបត្តិការ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ ។ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៦ ល្ងាចនាថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះម៉ាស្សា យីហោ ស្រីនាង៨៧១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការសម្របសម្រួល ពីលោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយ លោក ឩត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។

នគរបាលបានអោយដឹងថា ជនបរទេសដែលឃាត់ខ្លួនមានឈ្មោះ POPE DANNY LEE ហៅ រ៉ានី ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 546245420។ នគរបាលដដែលបានបន្តឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យបរទេសម្នាក់នេះ គឺកម្លាំងនគរបាលជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានធ្វើការស្រាវជ្រាវ ស៉ើបអង្កេត កាលពីថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៩ រហូតថ្ងៃល្ងាចថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩ បានចុះទៅឃាត់ខ្លួនជន បរទេស តែម្ដង នៅចំណុចផ្ទះម៉ាស្សា យីហោ ស្រីនាង៨៧១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះផងដែរកម្លាំងនគរបាលបានឃាត់ខ្លួនបុរសជនជាតិ អាមេរិកម្នាក់ និងធ្វើការស្រាវជ្រាវរកឃើញនារីរងគ្រោះ ចំនួន០៥នាក់ ក្នុងនោះកុមារីចំនួន០៣នាក់ បាននាំខ្លួនជនបរទេសយកមកការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីធ្វើការសាកសួរ។

សូមបញ្ជាក់ផងដែរក្រោយបញ្ជប់ការសាកសួរ ជនបរទេសម្នាក់នេះមានការពាក់ព័ន្ធករណី រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស និងទិញពេស្យាចារកុមារ ត្រូវបានលោកព្រះរាជអាជ្ញា ឯកភាពអោយនគរបាលឃុំខ្លួនជនបរទេសបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង៥នាក់នោះត្រូវបាន នគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕ អត្ថបទ&រូបភាព៖ ម៉ឺន កុម្ភះ

website_news/2019040304.txt · Last modified: 2019/03/04 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki