website_news:2019040401

ពលករខ្មែរចាប់ផ្តើមសម្រុកចេញពីប្រទេសថៃ មកចូលរួមបុណ្យចូលឆ្នាំថ្មីជាបន្តបន្ទាប់

http://www.rasmeinews.com/ April 4, 2019, 11:11 AM

ដោយៈគ្រញូង/បាត់ដំបងៈ ពលករខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃ បានវិលត្រឡប់ចូលមកស្រុកកំណើតវិញតាមច្រកទ្វាអន្តរជាតិដូង ស្រុកកំរៀងនិងច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូន ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលជិតចូលមកដល់នាពេលខាងមុខនេះ។

លោកផាន់ ផានណា ប្រធានប៉ុស្តិ៍អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី៣ខែមេសានេះថា រយៈពេល៣ថ្ងៃជាប់ៗគ្នា ចាប់តាំងពីថ្ងៃទី១ដល់ថ្ងៃទី៣ខែមេសាឆ្នាំ២០១៩នេះ ពលករខ្មែរទាំងប្រុស ទាំងស្រីបានចាប់ផ្តើមនាំគ្នាចេញពីប្រទេសថៃចូលមកកម្ពុជាវិញ ក្នុងគោលបំណងមកជួបជុំក្រុមគ្រួសារ សាច់ញាតិកូនចៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នៅថ្ងៃទី១៤ខែមេសាឆ្នាំ២០១៩ខាងមុខនេះ។ លោកនាយប៉ុស្តិ៍បានបន្តថា ការសម្រុកពីប្រទេសថៃរបស់ពលករខ្មែររយះពេល៣ថ្ងៃនេះសរុបចំនួន៦.៩៦២នាក់ដោយនៅថ្ងៃទី១ខែមេសាមានចំនួន២១៥៦នាក់នៅថ្ងៃទី២និងទី៣ខែមេសាមានចំនួន៤.៨០៦នាក់។

ពលករខ្មែរដែលធ្វើចំណាកស្រុកវិលត្រឡប់មកស្រុកវិញនេះភាគច្រើនជាពលករដែលបានបំពញបែបបទត្រឹមត្រូវស្របតាមច្បាប់កំណត់ ផ្ទុយទៅវិញតួលេខពលករដែលធ្វើចំណាកស្រុកដោយខុសច្បាប់មានត្រឹមចំនួនតិចតួចប៉ុណ្ណោះ។ ពលករខ្មែរដែលបានសម្រុកចេញនេះដែរមានច្រើនចម្រុះគ្នាមកពីតាមបណ្តាខេត្តនានា ដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ពោធិសាត់ កំពង់ឆ្នាំង ព្រៃវែង ហើយនឹងខេត្តស្វាយរៀងជាដើម។ពួកគាត់បញ្ជាក់ជំហរថា ក្រោយការវិលត្រឡប់មកស្រុកវិញនេះពួកគាត់មូយចំនួនមិនត្រឡប់ទៅកាន់ប្រទេសថៃវិញទេ គឺរកការងារធ្វើនៅក្នុងប្រទេសក៏មានការងារច្រើនមិនខ្វះដែរ។

ផ្ទុយទៅវិញពលករមួយចំនួនទៀតក៏បានបញ្ជាក់ថា ក្រោយពេលបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីរួចរាល់ពួកគាត់នឺងវិលទៅប្រទេសថៃវិញដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារបន្តទៀត៕S/Ha

website_news/2019040401.txt · Last modified: 2019/04/04 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki