website_news:2019040402

អាជ្ញាធរថៃបន្តឃុំខ្លួនពលរដ្ឋខ្មែរ ១២នាក់ ពាក់ព័ន្ធនឹងការលបឆ្លងដែនខុសច្បាប់

https://www.rfa.org/khmer/news/ ដោយ អាស៊ីសេរី 2019-04-03

អាជ្ញាធរថៃអះអាងថា ពលរដ្ឋខ្មែរ ១២នាក់ ដែលត្រូវបានឃាត់ខ្លួននៅស្រុកខនបូរី (Khon Buri) ខេត្តនគររាជសីមា កាលពីពេលថ្មីៗ នេះ បានចូលមកក្នុងប្រទេសថៃដោយខុសច្បាប់ ហើយគិតត្រឹមរសៀលថ្ងៃទី៣ មេសា ពួកគេកំពុងជាប់ឃុំនៅក្នុងឧទ្យានជាតិថាបឡាន (Thap Lan National Park) នៅឡើយ។

មេប៉ូលីសស្រុកខនបូរី (Khon Buri) វរសេនីយ៍ឯក សថេន ឡាវកើង (Pol. Col. Sathein Laokerng) អះអាងប្រាប់អាស៊ីសេរីនៅថ្ងៃទី៣ មេសាថា នៅពេលណាពលរដ្ឋខ្មែរទាំងនោះត្រូវបញ្ជូនមកដល់កន្លែងរបស់លោក ពួកលោកនឹងធ្វើរបាយការណ៍ ហើយបញ្ជូនពួកគេបន្តទៅផ្នែកអន្តោប្រវេសន៍នៅខេត្តនគររាជសីមា។ ទោះជាយ៉ាងណា លោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើពលរដ្ឋខ្មែរទាំងនោះនឹងត្រូវចោទប្រកាន់រឿងកាប់ឈើខុសច្បាប់ដែរ ឬមួយក៏អត់។

កាលពីថ្ងៃទី៣១ មីនាកន្លងទៅ អាជ្ញាធរចម្រុះរបស់ថៃ បានចុះឃាត់ខ្លួនពលរដ្ឋខ្មែរទាំងនោះ ដោយសង្ស័យថា ពួកគេត្រូវបានជួលឱ្យមកកាប់ឈើគ្រញូង នៅក្នុងតំបន់ឧទ្យានជាតិថាបឡាន។ ទោះជាយ៉ាងណា ពួកគេបានសារភាពក្រោយពេលឃាត់ខ្លួនថា ពួកគេបានលបឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់ តាមការណែនាំពីមេខ្យល់មួយក្រុម ដែលសន្យាថានឹងផ្តល់ឱ្យពួកគេនូវការងារ ដែលអាចទទួលបានប្រាក់ឈ្នួលក្នុងម្នាក់ រហូតដល់ ១ ម៉ឺនបាត ក្នុងមួយថ្ងៃ។

អាស៊ីសេរីនៅមិនទាន់អាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ដើម្បីសាកសួរអំពីអន្តរាគមន៍ក្នុងករណីនេះបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ៕

website_news/2019040402.txt · Last modified: 2019/04/04 14:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki