website_news:2019040601

ពលករខ្មែរ ក្នុងប្រទេសកូរ៉េ មកធ្វើការនៅទីនេះ មិនមែនមកយកតែលុយទេ ត្រូវរៀនសូត្រ ពង្រឹងវិជ្ជាជីវៈ យកចំណេះ ជំនាញទាំងនេះ ត្រឡប់ទៅកម្ពុជាវិញ

http://www.cen.com.kh/archives/ June 4, 2019

កូរ៉េ ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើបទបង្ហាញ ដល់បងប្អូនពលករខ្មែរ ក្នុងប្រទេសកូរ៉េខាងត្បូងថា យើងមកធ្វើការនៅទីនេះ គឺមិនមែនមកយក តែលុយតែមួយមុខនោះទេ ប៉ុន្តែត្រូវរៀនសូត្រ ពង្រឹងវិជ្ជាជីវៈ ដើម្បីយើងអាចយកចំណេះ ជំនាញទាំងនេះ ត្រឡប់ទៅកម្ពុជាវិញ ស្របពេលបច្ចុប្បន្ននេះ មានពលករខ្មែរសរុបជាង៦ម៉ឺននាក់ កំពុងធ្វើការនៅកូរ៉េនេះ ដែលបាននាំសាច់ប្រាក់ ចូលកម្ពុជាវិញ មានប្រមាណជា ៦០០លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំៗ។

ក្រោមកិច្ចសហការរបស់ លោកឡុងឌី ម៉ង់ ឯកអគ្គរាជទូតព្រះរាជណាចក្រកម្ពុជាប្រចាំប្រទេសកូរ៉េ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈថេគូ លោកបណ្ឌិត្យសភាចារ្យ សុខ ទូច បានធ្វើបទបង្ហាញស្តីពី «ដំណើរប្រព្រឹត្តទៅរបស់រាជរដ្ឋាភិបាលមុននឹងក្រោយការបោះឆ្នោតអាណត្តទី៦» នៅខេត្ត ថេគូ ប្រទេសកូរ៉េ។ នៅក្នុងកិច្ចចាប់ផ្តើមលោកឯកអគ្គរាជទូត បានលើកឡើងអំពីតួរនាទី ដែលពលករមកធ្វើការនៅទីនេះ ត្រូវយកចិត្តទុកដាក់ និងត្រូវសហការជាមួយស្ថានទូត ហើយក្រោយពេលចប់អាណត្តិ ត្រូវរូតរះវិលត្រឡប់ទៅកម្ពុជាវិញ ម្យ៉ាងវិញទៀតក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី លោកតែងយកចិត្តទុកដាក់ដល់ សុខទុក្ខបងប្អូនពលករខ្មែរដែល ធ្វើការនៅក្រៅប្រទេស ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាបានធ្វើការ យ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកូរ៉េ ដើម្បីបង្កើនកូតាសម្រាប់ពលករខ្មែរយើង។ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ មានពលករខ្មែរសរុបជាង៦ម៉ឺន នាក់កំពុងធ្វើការនៅកូរ៉េនេះ ហើយស្ត្រីខ្មែរដែលមានស្វាមី ជាជនជាតិកូរ៉េ មានចំនួនចន្លោះពី៧ ទៅ៨ពាន់នាក់។ ក្នុងមួយឆ្នាំៗ មានពលករខ្មែរជាង៨ពាន់នាក់ ត្រូវមកធ្វើការនៅកូរ៉េ ដែលបាននាំសាច់ប្រាក់ ចូលកម្ពុជាវិញ មានប្រមាណជា៦០០លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ។

នៅក្នុងបទបង្ហាញនោះ លោកបណ្ឌិតសភាចារ្យ លើកឡើងពីការផ្តើមទំនាក់ទំនងឡើងវិញរវាងកម្ពុជា កូរ៉េនៅឆ្នាំ១៩៩៦ ដោយការខិតខំប្រឹប្រែងរបស់សម្តេច បើទោះជាស្ថានភាពពេលនោះកម្ពុជាមានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើងក្តី សម្តេចតេជោហ៊ុន សែនបានពង្រឹងទំនាក់ទំនងនេះ បន្តិចម្តងៗរហូតដល់មាន ការឯកភាពគ្នាផ្តល់ភាពងាយស្រួល ដល់បងប្អូនមកធ្វើការនៅកូរ៉េនេះ។ ចំពោះ ស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជា លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ផងដែរថា «កម្ពុជាកំពុងតែដើរនៅ លើផ្លូវមួយដ៏ត្រឹមត្រូវ តាមគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រោះនាអាណត្តិទី៦នេះ មានគណបក្សជាច្រើន បានចូលរួមប្រកួតប្រជែងបោះឆ្នោត។ កម្ពុជា បានគោរពតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន។ រីឯស្ថានភាពសេដ្ឋកិច្ចក៏មានភាពរីកចម្រើនផងដែរ ក្នុងរង្វង់ប្រមានជា៧%ក្នុងមួយឆ្នាំ។» រដ្ឋាភិបាលអាណត្តិទី៦ ប្រើប្រាស់គោលនយោបាយ បើកចំហជើងមេឃ យ៉ាងទូលាយ ព្រោះថាកម្ពុជារឹតចមណងមិត្តភាព ជាមួយប្រទេសទាំងអស់ ជាមិត្តមិនថា អាម៉េរិក ចិន ជប៉ុន កូរ៉េ ឬអឺរ៉ុបនោះទេ សំខាន់ឱ្យតែប្រទេសទាំងនោះ ផ្តល់នូវផលប្រយោជន៍ជូនដល់កម្ពុជា។ » លោកបណ្ឌិតសភាចារ្យបានបន្ថែម។ មុននឹងបិទបញ្ចប់បាឋកថា លោកបណ្ឌិតសភាចារ្យ បានផ្តល់ជាគំនិតដល់ពលករខ្មែរថា «យើងមកធ្វើការនៅទីនេះ គឺមិនមែនមកយកតែលុយតែមួយមុខនោះទេ ប៉ុន្តែត្រូវរៀនសូត្រ ពង្រឹងវិជ្ជាជីវៈ ដើម្បីយើងអាចយកចំណេះ ជំនាញទាំងនេះ ត្រឡប់ទៅកម្ពុជាវិញ ជាជាងយកតែទស្សនៈនយោបាយចូលស្រុក ឬជឿស្លុងទៅលើការឃោសនា របស់ក្រុមមួយចំនួន។»

សូមជម្រាបជូនថា លោកបណ្ឌិត្យសភាចារ្យ សុខ ទូច ដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ទៅចូលរួមក្នុងវេទិកា កោះជេជូ ស្តីពី«គោលនយោបាយ សម្លឹងមកទិសខាងត្បូងរបស់កូរ៉េ» និងបំពេញទស្សនកិច្ចស្រាវជ្រាវ នៅតាមគ្រឹស្ថានរដ្ឋនិងឯកជនមួយចំនួន ក្នុងសាធារណរដ្ឋកូរ៉ ចំនួន៩ថ្ងៃ ពីថ្ងៃទី២៨ខែឧសភា ដល់ថ្ងៃទី៥ខែមិថុនា ឆ្នាំ២០១៩៕ ដោយ៖កូឡាប

website_news/2019040601.txt · Last modified: 2019/06/04 14:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki