website_news:2019041002

ក្រសួងសង្គមកិច្ច បានចុះកិច្ចព្រមព្រៀង ជាមួយអង្គការចំនួនពីរ បន្ថែមទៀត លើកិច្ចការងារ កុមារ និងការជួញដូរមនុស្ស

http://bayontv.com.kh/ 04/10/2019

ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច បានសម្រេចចុះកិច្ចព្រមព្រៀងការងារ ជាមួយអង្គការចំនួន ២ លើកិច្ចការងារជួយដល់កុមារ និងកិច្ចការងារជួយដល់ជនរងគ្រោះដោយការជួញដូរនៅកម្ពុជា ។ ការចុះកិច្ចព្រមព្រៀងនេះផ្ទាល់ធ្វើឡើង នៅព្រឹកថ្ងៃទី ៤ ខែតុលាឆ្នាំ ២០១៩ ដោយមានការចូលរួមជាអធិបតីពី ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។ ក្រសួងសង្គមកិច្ចបានចុះកិច្ចព្រមព្រៀងការងារជាមួយ អង្គការដៃកម្ពុជា (ARM) និងមូលនិធិ អេ២១ ដើម្បីរួមចំណែកការងារសង្គមជួយលើផ្នែក កុមារ និងជនរងគ្រោះក្នុងអំពើជួញដូរមនុស្ស។

សម្រាប់អង្គការដៃកម្ពុជា ដែលបានចុះកិច្ចព្រមព្រៀងនាពេលនេះ មានទំហំទឹកប្រាក់ចំនួនជាង ៣លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំ ដោយអង្គការផ្ដោតលើការស្តានីតិសម្បទា និងសមហរណកម្មដល់កុមារីរងគ្រោះដោយសារ ការរំលោភបំពានផ្លូវភេទ ការជួញដូរផ្លូវភេទ និងការជួញដូរពលកម្ម ហើយទីតាំងអនុវត្តគម្រោងគឺស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ រីឯមូលនិធី អេ ២១វិញ គឺនឹងជួយដល់ការការពារជនរងគ្រោះក្នុងអំពើជួញដូរមនុស្ស និងការធ្វើសមហរណកម្មជនរងគ្រោះទៅសហគមន៍វិញផងដែរ ដោយទីតាំងអនុវត្តគម្រោងធ្វើឡើងនៅក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងមាន ថវិកា ជាង៦សែនដុល្លារសម្រាប់អនុវត្តកម្មវិធី។

ក្នុងឱកាសចុះកិច្ចព្រមព្រៀងនេះ ឯកឧត្តម តូច ចាន់នីអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស បញ្ជាក់ថា ក្រសួងតែងស្វាគមន៍បណ្ដាអង្គការទាំងអស់ ដែលចូលមករួមចំណែកជួយដល់កម្ពុជា តែយ៉ាងណាម៉ិញក៏ទាមទារឱ្យអង្គការទាំងអស់ត្រូវគោរពតាមគោលការណ៍ និងមិនត្រូវឆ្លៀតឱកាសធ្វើការងារនយោបាយនោះទេ។ អង្គការទាំងនោះត្រូវមាន លក្ខខណ្ឌកម្មវិធីជាក់លាក់ និងគម្រោងទាំងនោះ ត្រូវផ្ដល់ប្រយោជន៍ដល់ក្រុមគោលដៅពិតប្រាកដ។ ឯកឧត្តមបន្តថា បន្ទាប់ពីការចុះកិច្ចព្រមព្រៀងរួច មន្ទីរសង្គមកិច្ចនៅតាមរាជធានី ខេត្ត ត្រូវតាមដានសកម្មភាពរបស់អង្គការថា តើគោរពតាមកិច្ចព្រមព្រៀងរឺទេ។ ឯកឧត្តម បញ្ជាក់ដែរថា មកដល់ពេលនេះ ក្រសួងសង្គមកិច្ច បានចុះកិច្ចព្រមព្រៀងជាមួយអង្គការចំនួន ១២៥ហើយ ដោយមានទំហំទឹកប្រាក់ជាង ១០០លានដុល្លារ។

គួរបញ្ជាក់ថា អង្គការទាំង២ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ចនាពេលនេះ សុទ្ធសឹងតែជាអង្គការ ដែលបានចូលរួមចំណែកជួយការពារជនរងគ្រោះពីការជួញដូរមនុស្ស ករណីកេងប្រវ័ញ្ចលើកុមារ ការរំលោភបំពាន ផ្លូវភេទ ការជួញដូរផ្លូវ ភេទ និងការជួញដូរកម្លាំងពលកម្ម៕

website_news/2019041002.txt · Last modified: 2019/10/04 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki