website_news:2019041003

យោធាកម្ពុជា-ថៃ បន្តសហការគ្នាដើម្បីសន្តិភាព

https://www.postkhmer.com/ ខន សាវិ | Publication date 04 October 2019 | 10:28 ICT

ភ្នំពេញៈ មន្ត្រីយោធាកម្ពុជា-ថៃ សន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ខណៈមន្ត្រីជាន់ខ្ពស់យោធាកម្ពុជាបានអះអាងថា ប្រទេសទាំង ២ មានសន្ដិភាពល្អជាមួយគ្នាចាប់តាំងពីលោក ប្រាយុធ ចាន់អូចា បានក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេស ថៃ មក។ ការអះអាងអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងយោធាកម្ពុជា-ថៃ នេះ បានធ្វើឡើងនៅថ្ងៃម្សិលមិញនៅឯទីស្ដីការគណៈរដ្ឋមន្ត្រីគឺនៅក្នុងជំនួបរវាងលោក សារ៉ាយុទ្ធ ប៊ុនជឺ អនុព័ន្ធយោធាកងទ័ពជើងគោក និងលោក ចាត់ទុរុង ឌីភីងទុន អនុព័ន្ធយោធាកងទ័ពជើងទឹកនៃកងទ័ពភូមិន្ទថៃដែលបានដឹកនាំមន្ត្រីជួបពិភាក្សាដើម្បីជម្រាបលាលោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិពេលបញ្ចប់អាណត្តិការទូតយោធានៅកម្ពុជា។

លោក នាង ផាត ថ្លែងថាថ្វីដ្បិតមានបញ្ហាស្មុគស្មាញជាច្រើនដែលមន្ត្រីយោធាប្រទេសទាំង ២ ត្រូវបន្តសហការគ្នាដើម្បីដោះស្រាយបន្ថែមក្ដី ប៉ុន្តែសន្ដិភាពរវាងភាគីទាំង ២ គឺមានភាពល្អប្រសើរចាប់ពីប្រទេសថៃបានស្ថិតក្រោមការដឹកនាំដោយលោក ប្រាយុធ ចាន់អូចា មក។ លោកថា ខាងភាគីកម្ពុជានឹងបន្តសហការធ្វើការងារជាមួយភាគីយោធាថៃ ដើម្បីពង្រឹងទំនាក់ទំនងកងទ័ពប្រទេសទាំង ២ ឱ្យកាន់តែល្អប្រសើរថែមទៀត។ លោកថ្លែងថា៖ «ក្នុងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូចា ធ្វើឱ្យប្រទេសយើងទាំង ២ មានសន្ដិភាពជាមួយគ្នាល្អ ហើយក៏សូមអរគុណខាង (ទាហានថៃ) តម្រួតថៃដែរ ព្រោះខ្ញុំដឹងថា កម្មករខ្មែរចេញចូលមានភាពត្រឹមត្រូវ និងខុសច្បាប់ខ្លះ និងជួបការងារស្មុគស្មាញណាស់ ហើយបានដោះស្រាយរហូតមក ហើយរវល់ជាងជើងគោក ជើងអាកាស និងជើងទឹកទៀត»។

លោក សារ៉ាយុទ្ធ ប៊ុនជឺ បញ្ជាក់ដែរថាប្រទេសទាំង ២ កំពុងសហការគ្នាល្អដើម្បីអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានល្អប្រសើរថែមទៀត។ ប៉ុន្តែការផ្សព្វផ្សាយរបស់សារព័ត៌មានកន្លងមកដែលថាមានពលរដ្ឋខ្មែរដែលលួចឆ្លងដែនចូលកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃ និងត្រូវទាហានថៃបាញ់សម្លាប់ អាចធ្វើឱ្យប៉ះពាល់ទំនាក់ទំនងរវាងប្រជាជនទាំង ២ គឺអាចជាព័ត៌មានមិនពិត និងមិនទាន់គ្រប់ជ្រុងជ្រោយនោះទេ។ លោកថ្លែងតាមរយៈអ្នកបកប្រែថា៖ «រឿងដែលសំខាន់មួយនោះគឺព័ត៌មានដែលចេញផ្សាយទៅសុំឱ្យមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ តើពិតឬមិនពិត មុនការចេញផ្សាយ»។ ប្រទេស ថៃ នឹងបញ្ជូនលោកវរសេនីយ៍ឯក ជេសានុ សារ៉ាធី អនុព័ន្ធយោធាតំណាងឱ្យកងទ័ពជើងគោក និងលោក ស៊ុប៉ាកាន វិថាវ៉ាត់ អនុព័ន្ធយោធាតំណាងឱ្យកងទ័ពជើងទឹក ដើម្បីបន្តអាណត្តិការទូតយោធានៅកម្ពុជារយៈពេល ៣ ឆ្នាំបន្ថែមទៀត៕

website_news/2019041003.txt · Last modified: 2019/10/04 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki