website_news:2019041101

ជនជាតិអាមេរិកាំងកាត់ទោសឲ្យជាប់ពន្ធនាគារជាង ២ឆ្នាំពីបទរំលោភផ្លូវភេទ

https://www.rfa.org/khmer/ ដោយ ម៉ៅ សុធានី 2019-11-02

តុលាការខេត្តសៀមរាប កាត់ទោសបុរសជនជាតិអាមេរិកាំងម្នាក់ជាមេធាវី ឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ ពីបទរំលោភផ្លូវភេទលើកុមារីខ្មែរ ៣នាក់។ តុលាការ ក៏បានបង្គាប់ឲ្យទណ្ឌិតរូបនេះ បង់ប្រាក់ផាកពិន័យចំនួនជិត ៤ពាន់ដុល្លារអាមេរិក សម្រាប់កុមារីម្នាក់ៗ។ ប៉ុន្តែជនជាប់ចោទ បានបដិសេធចំពោះការចោទប្រកាន់នេះ។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យីង ស្រាំង (Yin, Srang) ត្រូវបានទីភ្នាក់ងារព័ត៌មាន អេភី ដកស្រង់សំដី កាលពីថ្ងៃទី១ ខែវិច្ឆិកាថា លោក រ៉ាស់ ហ្យេម ក្លែន (Rough James Cline) ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ជាង ២ឆ្នាំ ពីបទជួញដូរផ្លូវភេទលើកុមារីខ្មែរចំនួន ៣នាក់ អាយុក្រោម ១៥ឆ្នាំ ដោយបានផ្តល់ប្រាក់ចំនួន ១២០ដុល្លារអាមេរិក ជាថ្នូរនឹងការរួមភេទ នៅពេលទណ្ឌិតរូបនេះ បានមកលេងកម្ពុជា ចន្លោះពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០១៩ នេះ។

អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ Action Pour Les Enfants ហៅកាត់ថា APLE ដែលបានតាមដានសកម្មភាព របស់ជនបរទេសសង្ស័យទិញដូរផ្លូវភេទលើកុមារ បានប្រាប់ប៉ូលិស អំពីសកម្មភាពជួញដូរផ្លូវភេទលើកុមារីខ្មែរ របស់ លោកមេធាវី Cline។ ភាពក្រីក្រ និងបញ្ហាអនុវត្តច្បាប់នៅមានកម្រិតទាបនេះហើយ គឺជាកត្តាចំបង ដែលនាំឲ្យកម្ពុជាក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរផ្លូវភេទ។មន្ត្រីសង្គមស៊ីវិល ទទូចឲ្យអាជ្ញាធររបបក្រុងភ្នំពេញ បញ្ជូនឧក្រិដ្ឋជនជួញដូរផ្លូវភេទចេញពីកម្ពុជា ក្រោយពីបានទទួលទោសជាប់ពន្ធនាគាររួច ដើម្បីទប់ស្កាត់ការជួញដូរផ្លូវភេទនេះទៅលើកុមារផ្សេងទៀត៕

website_news/2019041101.txt · Last modified: 2019/11/04 14:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki