website_news:2019041104

រកឃើញសពពលករខ្មែរ២នាក់ទៀត ដែលបាត់ខ្លួនក្នុងហេតុការណ៍សត្វដំរីព្រៃដេញជាន់

http://kampucheathmey.com/ សោ និយមរ័ត្ន4/11/2019 10:22 Am

ប្រទេសថៃ ៖ សពពលករខ្មែរចំនួន នាក់ ដែលបានបាត់ខ្លួន នៅក្នុងហេតុការណ៍សត្វដំរីព្រៃដេញជាន់នៅខេត្ត ឆៈឈើងសៅ កាលពីពេលថ្មីៗនេះ បានរកឃើញហើយ ដោយពួកគេ(២នាក់ ប្តី ប្រពន្ធ ) បានរត់ទៅស្លាប់នៅក្នុងព្រៃ ចម្ការដើមប្រេងខ្យល់ បន្ទាប់ពីសមត្ថកិច្ចថៃ តាមស្វែងរកអស់រយៈពេល១ព្រឹកធំ។

គួររំលឹកដែរថា កាលពីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ មានពលករខ្មែរ មួយក្រុមចំនួន៨នាក់ ដែលក្នុងនោះមានក្មេង២ នាក់ បានមកសង់រោង និងបោះបង្គោលសម្រាប់ចងអង្រឹងស្នាក់នៅដើម្បីស៊ីឈ្នួល កាប់ដើមប្រេងខ្យល់ ត្រង់ចំណុចភូមិ១២ ឃុំថាតៈកៀប ស្រុកថាតៈកៀប ខេត្តឆៈឈើងសៅ ប្រទេសថៃ ដែលចំណុចនេះ ត្រូវបានប្រជាពលរដ្ឋថៃនិយាយថា គឺជាផ្លូវដែលសត្វដំរីព្រៃតែងតែឆ្លងកាត់ដើម្បីរកចំណីអាហារក្នុងពេលយប់ជ្រៅ។ លុះនៅពេលរំលងអធ្រាត្រ យប់ថ្ងៃទី៣១ ក៏ស្រាប់តែមានសត្វដំរីព្រៃប្រមាណ ជាង ៣០ ក្បាល បានចេញពីព្រៃ ហើយក៏បានធ្វើដំណើរតាមផ្លូវរបស់វាមែន ប៉ុន្តែដោយសារតែមានរោង និង អង្រឹងព្រោងព្រាតនៅពីមុខ ព្រមទាំងមានសត្វឆ្កែអ្នកស្រុកដេញព្រុសពីក្រោយផងនោះ អាចធ្វើអោយសត្វដំរីក្តៅក្រហាយ ទើបពួកវានាំគ្នា សម្រុកជាន់ទៅលើរោង និង អង្រឹងដែលពលករខ្មែរដេកនៅក្នុងនោះ បណ្តាលអោយពលករខ្មែរម្នាក់ឈ្មោះ សុខ អាត ភេទប្រុស អាយុ ២៩ ឆ្នាំ ជាអ្នករស់នៅខេត្តព្រៃវែង ត្រូវបានសត្វដំរីជាន់បាក់ឆ្អឹងគ្មានសល់ និងត្រូវស្លាប់នៅនឹងកន្លែងតែម្តង ដោយឡែកពលករខ្មែរ ចំនួន ២ នាក់ទៀត ត្រូវបានបាត់ខ្លួន។

ក្រោយពេលកើតហេតុ ទាំងអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច ខេត្តឆៈឈើងសៅ បាននាំគ្នាតាមរកពេញមួយយប់រហូតដល់ថ្ងៃទី១ ខែវិច្ឆិកា វេលាម៉ោង ៩ និង ៤០ នាទី ទើប រកឃើញសព ពលករខ្មែរ ០២នាក់ បន្ថែមទៀត ដែលពួកគេបានរត់ទៅស្លាប់នៅក្នុងព្រៃចម្ការដើមប្រេងខ្យល់ ចម្ងាយពីកន្លែងកើតហេតុប្រមាណ ២០០ ម៉ែត្រ។ យោងតាមរបាយការណ៍បន្ថែម របស់កម្លាំងសមត្ថកិច្ចតម្រួតថៃ បានអះអាងថា ពលករខ្មែរដែលស្លាប់នោះ គឺជាប្តី ប្រពន្ធ នឹងគ្នា មាន ឈ្មោះ ហាយ លី ( ប្តី ) អាយុ ២៣ឆ្នាំ និងប្រពន្ធ ឈ្មោះ សាន សាណេន ១៩ឆ្នាំ បន្ទាប់ពីមានករណីសត្វដំរីព្រៃ ជាង ៣០ ក្បាល បាន ចូលលុកលុយក្នុង ចម្ការដើមប្រេងខ្យល់ និងបានរត់ជាន់ទៅលើពលករខ្មែរ ដែលស្នាក់នៅទីនោះរួចមក។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចថៃ ដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យស្រុក ថាតៈកៀប ជាបណ្តោះអាសន្ន ដើម្បីធ្វើកោសល្យវិច័យតាមផ្លូវច្បាប់៕

website_news/2019041104.txt · Last modified: 2019/11/04 14:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki