website_news:2019041106

វៀតណាម ថ្កោលទោសការជួញដូរមនុស្ស និងអំពាវវនាវឱ្យប្រទេសក្នុងតំបន់ជួយនាំគ្នាទប់ស្កាត់

http://km.rfi.fr/ ដោយ ហេង ឧត្តម 02/11/2019

នៅក្នុងសន្និសីទកាសែតនាថ្ងៃសៅរ៍ ទី២វិច្ឆិកា ក្រសួងការបរទេសវៀតណាម ចេញមុខថ្កោលទោសអំពើជួញដូរមនុស្ស ហើយបានអំពាវវនាវឱ្យប្រទេសក្នុងតំបន់អាស៊ាននិងអន្តរជាតិ ចូលរួមនាំគ្នាជួយទប់ស្កាត់ការជួញដូរមនុស្ស។ ប្រតិកម្មរបស់ក្រសួងការបរទេសវៀតណាមយ៉ាងដូច្នេះ បន្ទាប់ពីប៉ូលីសស៊ើបអង្គេតរបស់អង់គ្លេស បញ្ជាក់ពីថ្ងៃសុក្រទី១វិច្ឆិកា ថាសាកសពមនុស្សទាំង៣៩នាក់ដែលស្លាប់ក្នុងរថយន្តកាំមីញ៉ូង នៅក្បែរទីក្រុងឡុងនោះ គឺភាគច្រើនជាជនជាតិវៀតណាម។

ការស៊ើបអង្កេតលម្អិត រកអត្តសញ្ញាណសាកសព កំពុងតែបន្តនៅទៀតឡើយ តែលទ្ធផលបឋមតាមរយៈការផ្គូផ្គង់អាដេអ៊ីន ប៉ូលីសផ្នែកវិទ្យាសាស្ត្រអង់គ្លេស បង្ហាញថា អ្នកស្លាប់ភាគច្រើនក្នុងចំណោមជនភៀសខ្លួនទាំង៣៩នាក់នោះ ជាជនជាតិវៀតណាម។ នគរបាលអង់គ្លេស កំពុងតែទាក់ទងក្រុមគ្រួសារសព និងអាជ្ញាធរទូតវៀតណាមនៅក្រុងឡុងដ៍ និងក្រុងហាណូយ។ ប៉ូលីសអង់គ្លេស ក៏ប្រកាសឱ្យអ្នកដែលសង្ស័យបាត់សមាជិកគ្រួសារ ឬក៏អាចមានតម្រុយឈានទៅកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះបាន សូមឱ្យទាក់ទងផ្តល់ព័ត៌មានបន្ថែមទៀត ទៅឱ្យខាងប៉ូលីសស៊ើបអង្កេត។

សាកសពមនុស្ស៣៩នាក់ ប្រុស៣១ ស្រី៨នាក់ ត្រូវគេរកឃើញស្លាប់ កាលពីថ្ងៃទី២៣តុលា ក្នុងឡានកាំមីញ៉ុង ក្បែរទីក្រុងឡុង ប្រទេសអង់គ្លេស។ ឡានកុងតឺន័រ ដឹងមនុស្សភៀសខ្លួននោះ ចេញពីប្រទេសបែលស៊ិក។ ពេលនេះ ប៉ូលីសអង់គ្លេសបានស្រាវជ្រាវនិងឃាត់ខ្លួនបុរសជនជាប់សង្ស័យពីរនាក់ម្នាក់វ័យ៤០ឆ្នាំឈ្មោះ Ronan Hughes និងប្អូនប្រុស Christopher អាយុ៣៤ឆ្នាំ ដើមកំណើតមកពីអៀកឡង់ខាងជើង។

ក្នុងសំណុំរឿងដដែលនេះ តុលាការអៀកឡង់ កាលពីថ្ងៃសុក្រ ទី១វិច្ឆិកា ក៏បានចោទប្រកាន់បុរសម្នាក់ វ័យ២៣ឆ្នាំ ពីបទល្មើសជួញដូរមនុស្ស និងបទឧក្រិដ្ឋឃាតកម្មអចេតនា ទៅលើជនភៀសខ្លួនទាំង៣៩នាក់។ អយ្យការអៀកឡង់ បញ្ជាក់ប្រាប់កាសែតបារាំងAFP ថា យុវជននេះ ត្រូវឃុំខ្លួនបណ្តោះអាសន្ន រហូតដល់ថ្ងៃទី១១វិច្ឆិកា។ ប៉ុន្តែ ប៉ូលីសអង់គ្លេស កំពុងស្នើសុំធ្វើប័ត្យាប័នជនត្រូវចោទរូបនេះ ទៅប្រឈមសំណាញ់ច្បាប់អង់គ្លេសតែម្តង។ ចំណែកនគរបាលវៀតណាមវិញ ក៏បានប្រកាសពីការចាប់ឃាត់ខ្លួនមនុស្សប្រុសពីរនាក់ ផងដែរ។

នៅក្នុងសន្នីសីទកាសែតថ្ងៃសៅរ៍ ទី២វិច្ឆិកាអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ឡេ ធី ធូ ហាំង (Lê Thị Thu Hằng) បានអំពាវវនាវឱ្យប្រទេសគ្រប់ជ្រុងជ្រោយនៃពិភពលោក ចូលរួមនាំគ្នាជួយទប់ស្កាត់អំពើជួញដូរមនុស្ស ដើម្បីជៀសវាងសោកនាដកម្មសម្លាប់មនុស្ស ដូចករណីមួយនេះទៀត៕

website_news/2019041106.txt · Last modified: 2019/11/04 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki