website_news:2019041107

វៀតណាមប្រកាសថា បានចាប់ខ្លួនជនសង្ស័យក្នុងករណីដែលគេសង្ស័យថាជាការជួញដូរមនុស្សនៅអង់គ្លេស

https://khmer.voanews.com/ 04 វិច្ឆិកា 2019

ហូជីមិញ៖ ទីក្រុង Essex ជាកន្លែងដែលអាជ្ញាធរបានរកឃើញសាកសពជនជាតិវៀតណាមចំនួន ៣៩ នាក់ ដែលពួកគេជឿជាក់ថា បានថប់ដង្ហើមស្លាប់នៅក្នុងរថយន្តកុងតឺណឺមួយគ្រឿង។ ប៉ូលិសក្នុងខេត្ត Ha Tinh នៃប្រទេសវៀតណាមបាននិយាយថា ពួកគេបានចាប់ខ្លួននិងចោទប្រកាន់ជនសង្ស័យពីរនាក់ បន្ទាប់ពីពលរដ្ឋ១០គ្រួសារនៅក្នុងខេត្តនេះ បានរាយការណ៍ថា ពួកគេមានការព្រួយបារម្ភថា សមាជិកគ្រួសាររបស់ពួកគេស្ថិតក្នុងចំណោមជនរងគ្រោះ ៣៩ នាក់នោះ។ ករណីនេះ បានឈានដល់កម្រិតខ្ពស់បំផុតនៃរដ្ឋាភិបាល ដោយទាំងនាយករដ្ឋមន្រ្តីអង់គ្លេស និងវៀតណាមបញ្ជាឱ្យមានការស៊ើបអង្កេត។ ការស៊ើបអង្កេត បានពង្រីកដល់បណ្តាប្រទេសដែលត្រូវបានឆ្លងកាត់ ដូចជាប្រទេសចិន អៀវឡង់ និងប៊ែលហ្ស៊ិក ដែលមន្ត្រីនិយាយថា អ្នកបើកបររថយន្តកុងតឺណឺបាន និយាយថាខ្លួន កំពុងដឹកជញ្ជូននំ។

ការបង្ហោះសារនៅលើគេហទំព័ររបស់ប៉ូលិសមួយបានសរសេរថា «ប៉ូលិសនៅក្នុងខេត្ត Ha Tinh បានប្រមូលផ្តុំកម្លាំង និងមធ្យោបាយដើម្បីធ្វើការស៊ើបអង្កេតឱ្យបានច្បាស់អំពីការរំលោភបំពានច្បាប់របស់បុគ្គល និងស្ថាប័នដែលពាក់ព័ន្ធ»។ ពួកគេមិនបានប្រាប់ឈ្មោះជនសង្ស័យទេ ប៉ុន្តែបាននិយាយថា ពួកគេបានឃុំខ្លួនអ្នកផ្សេងទៀតដើម្បីសាកសួរផងដែរ។

អ្នកស្រី Hoang Thi Ai កាន់ទូរស័ព្ទបង្ហាញរូបថតកូនប្រុសរបស់អ្នកស្រី ដែលអ្នកគិតថា អាចជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដែលស្លាប់នៅក្នុងរថយន្តកុងតឺណឺនៅប្រទេសអង់គ្លេស នៅផ្ទះរបស់អ្នកស្រីក្នុងស្រុក Dien Chau ខេត្ត Nghe An ប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។

ជនសង្ស័យ ត្រូវបានចោទប្រកាន់ពីបទ «រៀបចំ និងជាឈ្មួញកណ្តាលដើម្បីឲ្យមនុស្សភៀសខ្លួនទៅក្រៅប្រទេស ឬស្នាក់នៅបរទេសដោយខុសច្បាប់»។ ប៉ូលិសអង់គ្លេសក៏បានចាប់ខ្លួន ឬ ចោទប្រកាន់មនុស្សយ៉ាងតិចណាស់៥នាក់ដែរ ដោយសង្ស័យថា បានសម្លាប់មនុស្ស និងឃុបឃិតក្នុងការជួញដូរមនុស្ស។

អ្នកនាង Hsiao-Hung Pai ជាអ្នកសារព័ត៌មានមួយរូប និងជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា «Chinese Whispers: The Story Behind Britain’s Hidden Army of Labour» ដែលរៀបរាប់អំពីរឿងរ៉ាវនៅពីក្រោយកម្លាំងពលកម្មលាក់មុខរបស់ចក្រភពអង់គ្លេស។ អ្នកនាងបានសរសេរនៅក្នុងសារព័ត៌មាន the Guardian កាលពីថ្ងៃពុធ ទី៣០ ខែតុលា កន្លងទៅនេះថា វាមិនមានភាពប្រសើរទេ ក្នុងការផ្តោតតែទៅលើបទឧក្រិដ្ឋ ឬ តែទៅលើ«ជនល្មើសជួញដូរមនុស្ស»នោះ។ អ្នកនាងអះអាងថា ជនរងគ្រោះ ៣៩នាក់ដែលត្រូវបានគេរកឃើញកាលពីខែមុននោះ មិនមែនជាជនរងគ្រោះដែលអស់សង្ឃឹមហើយត្រូវបានគេបញ្ឆោតឲ្យធ្លាក់ចូលទៅក្នុងការជួញដូរមនុស្សនោះទេ តែផ្ទុយទៅវិញ ពួកគេជាអ្នកធ្វើការដែលតស៊ូដើម្បីអនាគតរបស់ក្រុមគ្រួសាររបស់ពួកគេ។

ការស្លាប់នៅក្នុងរថយន្តកុងតឺណឺនៅមានចំនួនច្រើនទៀត

អ្នកនាង Hsiao-Hung Pai បានសរសេរទៀតថា «ជាការពិតជាក់ស្តែងជនជាតិវៀតណាមវ័យក្មេងទាំងប្រុសទាំងស្រី ដែលជ្រើសរើសធ្វើដំណើរតាមផ្លូវគ្រោះថ្នាក់ទាំងនេះ គឺដោយសារតែពួកគេមិនអាចមកអង់គ្លេសតាមផ្លូវត្រឹមត្រូវបាន»។ អ្នកនាង Hsiao-Hung Pai ក៏បានសរសេរផងដែរថា «នឹងមានការស្លាប់នៅក្នុងរថយន្តកុងតឺណឺទៀត បើសិនជាប្រទេសអង់គ្លេសមិនផ្លាស់ប្តូរ» គោលនយោបាយរបស់ខ្លួនដែលប្រឆាំងនឹងជនចំណាកស្រុកទេនោះ។ អ្នកនាង Hsiao-Hung Pai បានសរសេរទៀតថា «សូមអនុញ្ញាតឲ្យពលរដ្ឋវ័យក្មេងរបស់យើងមានឱកាសរស់នៅ និងធ្វើការដោយបើកចំហ»។

ដោយឡែកសារព័ត៌មានក្នុងស្រុកមួយបានរាយការណ៍ថា ប៉ូលិសនៅខេត្តមួយផ្សេងទៀតរបស់វៀតណាម គឺខេត្ត Nghe An បាននិយាយថា កាលពីចុងខែតុលា ពួកគេបានចាប់ខ្លួនមនុស្ស ៤ នាក់ដែលសង្ស័យថា ពាក់ព័ន្ធនឹងការជួញដូរមនុស្ស។ វាមិនមានភាពច្បាស់លាស់ទេថា តើបណ្តាញនេះមានជាប់ទាក់ទងជាមួយរឿងជនរងគ្រោះ៣៩នាក់ដែលគេរកឃើញនៅក្នុងទីក្រុង Essex ឬយ៉ាងណានោះ ក៏ប៉ុន្តែ ការស្លាប់នៅក្នុងរថយន្តកុងតឺណឺ បានធ្វើឲ្យការយកចិត្តទុកដាក់និងភាពបន្ទាន់ទាក់ទងនឹងការស៊ើបអង្កេតដែលមានស្រាប់ មានការកើនឡើង។

សម្រាប់ប៉ូលិសនៅទីក្រុង Essex ការស្លាប់នៅក្នុងរថយន្តកុងតឺណឺនេះ ត្រូវបានគេរាយការណ៍ថា គឺជាការស៊ើបអង្កេតដ៏ធំបំផុតដែលពួកគេបានធ្វើ ដែលមានចំនួនមនុស្សស្លាប់ច្រើន។ ទោះបីជាប្រទេសវៀតណាមបានកាត់បន្ថយភាពក្រីក្រយ៉ាងខ្លាំងចាប់តាំងពីសង្រ្គាមរវាងសហរដ្ឋអាមេរិកនិងវៀតណាមបានចប់ទៅក៏ដោយ ក៏អ្នកខ្លះនៅតែយល់ថា ពួកគេអាចរកប្រាក់បានច្រើនដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេដោយធ្វើដំណើរទៅបរទេស។ ក្នុងចំណោមជនចំណាកស្រុកនៅអាស៊ី ជនជាតិវៀតណាមបង់ថ្លៃខ្ពស់ជាងគេដល់មេខ្យល់។ ចំនួនជនចំណាកស្រុកកំពុងកើនឡើង នេះបើយោងតាមអង្គការពលកម្មអន្តរជាតិនៅប្រទេសវៀតណាម។

អង្គការពលកម្មអន្តរជាតិផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលឲ្យសហការដើម្បីធានាឲ្យមានបណ្តាញសុវត្ថិភាពសម្រាប់ការធ្វើចំណាកស្រុក ដូច្នេះប្រជាពលរដ្ឋ មិនចាំបាច់ងាកទៅរកឈ្មួញកណ្តាលទេ។ ជនចំណាកស្រុក នៅតែប្រើប្រាស់បណ្តាញគ្មានសុវត្ថិភាពនេះ ព្រោះថាសាកលភាវូបនីយកម្ម បានបង្កើតការងារកាន់តែច្រើននៅតាមកន្លែងនានាជាច្រើនទៀត។ ទោះជាយ៉ាងនេះក្តី គ្រាដែលសាកលភាវូបនីយកម្មបានធ្វើឲ្យលំហូក្រុមហ៊ុននិងមូលធនឆ្លងកាត់ព្រំដែននោះ វាមិនបានធ្វើឲ្យពលករឆ្លងកាត់ព្រំដែនបានដោយងាយនោះទេ ដែលជាហេតុជំរុញពួកគេឱ្យធ្លាក់ចូលទៅក្នុងការជួញដូរមនុស្ស។

កាលពីថ្ងៃអង្គារទី ២៩ ខែតុលា កន្លងទៅនេះ លោក Chang -Hee Lee ជានាយកប្រចាំប្រទេសនៃអង្គការពលកម្មអន្តរជាតិប្រចាំនៅទីក្រុងហាណូយបាននិយាយថា៖ «តាមរយៈកិច្ចសហការនិងកិច្ចសហប្រតិបត្តិការ ពលករចំណាកស្រុក អាចជាកម្លាំងអភិវឌ្ឍន៍វិជ្ជមាន ហើយហានិភ័យចំពោះសុវត្ថិភាពរបស់ពលករចំណាកស្រុក អាចត្រូវបានកាត់បន្ថយ»៕

website_news/2019041107.txt · Last modified: 2019/11/04 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki