website_news:2019041108

នារីបម្រើសេវាខារ៉ាអូខេម្នាក់ ចេញមុខប្ដឹងមក សមត្ថកិច្ចទាំងយប់ បន្ទាប់ពីថៅកែបង្ខំឲ្យបម្រើសេវាផ្លូវភេទជាមួយភ្ញៀវញឹកញាប់

http://kampucheathmey.com/ វិទូ4/11/2019 1:33 Pm

ភ្នំពេញ ៖ នារីម្នាក់ ដោយសារ អស់ទ្រាំ និងលែងខ្មាសអៀន ក្រោយត្រូវថៅកែខារ៉ាអូខេជនជាតិចិនយីហោ ( ជីនជន ) បង្ខំអោយដេកជាមួយភ្ញៀវ ជាច្រើនលើកច្រើនសា ហើយកាត់យកលុយនាងអស់ជិតពាក់ៗកណ្ដាលទៀត ណាមួយក្រុមភ្ញៀវចិនទាំងនោះ ពេលមកច្រៀងម្ដងៗតែងលូកលាន់កេរខ្មាសនាងនិងវាយទះកំផ្លៀងនាងទៀតនោះ ទើបនាងសុខចិត្តចេញមកប្ដឹងសមត្ថកិច្ចទាំងយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ដោយបានលើកដៃសំណូមពរ ដល់អាជ្ញាធរពាក់ព័ន្ធតាំងពីមេប៉ុស្តិ៍ លោកអធិការ និងលោកស្នងការ រហូតដល់អភិបាលខណ្ឌអភិបាលក្រុង មេត្តាជួយដល់នាង ក៏ដូចនារីខ្មែរផ្សេងៗទៀតផង ដែលកំពុងរងគ្រោះ ដោយសារថៅកែចិនម្នាក់នេះ។ នារីរងគ្រោះម្នាក់ បានអះអាងរៀបរាប់ទាំងទឹកភ្នែកថា ថៅកែខារ៉ាអូខេជនជាតិចិន យីហោ ជីនជន តែងបង្ខំអោយនាងដេកជាមួយភ្ញៀវ តែគាត់មិនព្រម រួចក៏ដេញគាត់ចេញមកក្រៅ ឈប់ឲ្យធ្វើការ លុយក៏មិនបើកឲ្យដែរ។ ដោយអស់ទ្រាំ និងលែងខ្មាសអៀនទៀតនោះ នារីរងគ្រោះ បានលើកដៃសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ សូមមានចំណាត់ការលើហាងខារ៉ាអូខេ យីហោ ( ជីនជន) នេះផង ដើម្បីកុំអោយមាននារីណាផ្សេងទៀត រងគ្រោះ ដោយសារម្ចាស់ហាងជនជាតិចិននេះធ្វើបាប។

នារីជនជាតិខ្មែរម្នាក់នេះ បានរៀបរាប់ទាំងទឹកភ្នែកទៀតថា នាងមានស្រុកកំណើតនៅខេត្តតាកែវ បានមកធ្វើការនៅហាងខារ៉ាអូខេ ជីនជន របស់ថៅកែចិន មានទីតាំងនៅមុខព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ អស់រយៈពេលជាង១ខែហើយ នៅក្នុងហាងនេះ មានតែភ្ញៀវចិនទេ ដែលបានចូលមកកម្សាន្ត។ កន្លងទៅនាង ត្រូវបានថៅកែជនជាតិចិនបង្ខំឲ្យដេកជាមួយភ្ញៀវចិនចំនួន៥ដងមកហើយ បើមិនព្រម គឺដេញចេញពីការងារ នៅពេលដេកម្ដងៗមុនដំបូងថា ឲ្យ១៥០ដុល្លារដល់ពេលដេក រួចឲ្យតែ១០០ដុល្លារប៉ុណ្ណោះ ហើយកាត់យកកុំមីស្យុង១៥ដុល្លារថែមទៀត ដូច្នេះក្នុង១៥០ដុល្លារនាងទទួលបានតែ៨៥ដុល្លារប៉ុណ្ណោះ គេកាត់យកអស់៦៥ទៅហើយ។ នាងបន្ដថា នៅយប់កើតហេតុនេះ មានភ្ញៀវចិន ចូលមកច្រៀងលេង មានគ្នា៤នាក់ ហើយស្រីៗពួកនាងមានគ្នា៥នាក់ទាំងអ្នកកាន់បន្ទប់។ ក្នុងពេលនោះនាង ត្រូវបានជនជាតិចិនលូកចាប់ប្រដាប់សំខាន់ៗរបស់នាង តែនាងបេះដៃចេញ អ្នកខ្លះទាញខ្សែអាវចង់ស្រាយចេញ អ្នកខ្លះលូកដល់អាវក្នុងនាងទាញដៃចេញ តែរាល់ការទាញដៃចេញម្ដងៗ ត្រូវបានគេវាយនាងគ្រប់ដៃគឺ៤នាក់វាយនាង៥ដងទៅហើយ ពេលប្ដឹងថៅកែ គេមិនជួយរកដំណោះស្រាយទេ បែរជានិយាយថា មកពីគេស្រឡាញ់ទើបគេបេះបោចអីចឹង។ ប៉ុន្ដែដោយសារនាងមិនព្រមឲ្យគេបេះបោចគ្រប់គ្នា ទើបថៅកែចិនសម្រេចដេញនាងចេញទាំងយប់បែបនេះតែម្ដង។

គេសង្កេតឃើញថា នៅក្នុងខណ្ឌពោធិ៍សែនជ័យរបស់លោកហែម ដារិទ្ធជាអភិបាលខណ្ឌ និង លោកយឹម សារ៉ាន់ ជាអធិការខណ្ឌ សម្បូរហាងចិនរីកដុះដាលដូចផ្សិត ហើយក្នុងហាងទាំងនោះសម្បូរបង្កប់សេវាផ្លូវភេទដូចៗគ្នាអីចឹង តែអាជ្ញាធរសង្កាត់ខណ្ឌរួមទាំងអភិបាល និងអធិការមិនសូវខ្វាយខ្វល់ប៉ុន្មានទេ ដល់ផ្ទុះរឿងអញ្ចឹង បានដឹងថា តាមហាងចិននីមួយៗពិតជាមិនធម្មតាមែន រឿងបទល្មើសលើនារីភេទ៕

website_news/2019041108.txt · Last modified: 2019/11/04 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki