website_news:2019041201

វិស័យកសិកម្មបានធ្លាក់ចុះ ធ្វើឲ្យប្រជាកសិករមួយចំនួន បាននាំគ្នាធ្វើចំណាកស្រុក ប្រឈមនឹងអំពើជួញដូរមនុស្សក្នុងវិស័យកសិកម្ម

http://www.cen.com.kh/ December 4, 2019

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា កម្លាំងពលកម្មក្នុងវិស័យកសិកម្មបានធ្លាក់ចុះ ដែលជាមូលហេតុធ្វើឲ្យប្រជាកសិករមួយចំនួន បាននាំគ្នាធ្វើចំណាកស្រុកមករស់នៅ និងស្វែងរកការងារនៅទីក្រុង ឬទៅធ្វើការនៅក្រៅប្រទេសទាំងស្របច្បាប់ និងមិនស្របច្បាប់ដែលជាហេតុនាំឲ្យមានបញ្ហាប្រឈមមួយផ្នែក ពីការធ្វើចំណាកស្រុក និងការជួញដូរមនុស្ស ដែលរដ្ឋាភិបាល ពិសេសគណៈកម្មាធិការជាតិក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានយកចិត្តទុកដាក់អនុវត្តធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យ។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យកសិកម្ម” នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នាថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០១៩ ។

ក្នុងឱកាសនេះផងដែរ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានធ្វើបទបង្ហាញអំពីស្ថានភាពទូទៅ នៃការជួញដូរមនុស្ស ផលប៉ះពាល់ដល់ដំណើរការនៃការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច វប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ខ្មែរយើងដោយសារអំពើជួញដូរមនុស្សក្នុងវិស័យកសិកម្ម និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យនេះ។

លោករដ្ឋមន្ត្រី បានថ្លែងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធដែលសហការរៀបចំសិក្ខាសាលានេះឡើងបានយ៉ាងល្អប្រសើរ និងជាពិសេសសមិទ្ធផលដែលក្រុមការងារសម្រេចបានទាក់ទងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យកសិកម្ម”។ ឆ្លៀតយកឱកាសនេះ លោកថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបាននិងកំពុងអភិវឌ្ឍផ្នែកសេដ្ឋកិច្ចតាមបែបឧស្សាហកម្ម កសិឧស្សាហកម្ម និងកសិធុរកិច្ចផ្សេងៗទៀត គឺមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលជាហេតុធ្វើឲ្យមានតម្រូវការកម្លាំងពលកម្មយ៉ាងច្រើនជាមួយនឹងប្រាក់កម្រៃខ្ពស់ ហើយចាំបាច់កម្លាំងពលកម្មទាំង អស់នោះបានស្រូបទាញយកពីវិស័យកសិកម្ម ដែលធ្វើឲ្យកម្លាំងពលកម្មក្នុងវិស័យនេះបានធ្លាក់ ចុះ ទាំងនេះជាមូលហេតុធ្វើឲ្យប្រជាកសិករមួយចំនួនបាននាំគ្នាធ្វើចំណាកស្រុកមករស់នៅ និងស្វែងរកការងារនៅទីក្រុង ឬទៅធ្វើការនៅក្រៅប្រទេសទាំងស្របច្បាប់ និងមិនស្របច្បាប់ដែលជា ហេតុនាំឲ្យមានបញ្ហាប្រឈមមួយផ្នែក ពីការធ្វើចំណាកស្រុក និងការជួញដូរមនុស្ស ដែលរដ្ឋា ភិបាល ពិសេសគណៈកម្មាធិការជាតិក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានយកចិត្តទុកដាក់អនុវត្តធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យ។

លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាសកម្មភាពអាទិភាពមួយ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ និងជំរុញសកម្មភាពអនុវត្ត តាមរយៈធនធានមនុស្ស ថវិកា និងសម្ភារបម្រើឱ្យការងារប្រតិបត្តិការ ។ ព្រមជាមួយគ្នា ក្រសួងបានសហការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ -២០២៣ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋា ភិបាល។ ស្ថិតក្នុងបរិបទនៃសាកលភាវូបនីយកម្ម កំណើនសេដ្ឋកិច្ច កំណើនប្រជាជន ការប្រែ ប្រួលអាកាសធាតុ បរិយាប័ន ការរីកចម្រើនលើវិស័យបច្ចេកវិទ្យាកសិកម្ម និងនិន្នាការនៃការវិវឌ្ឍន៍សេដ្ឋកិច្ចសកល និងជាពិសេសដើម្បីចូលរួមអនុវត្តភារកិច្ចរបស់ក្រសួងឲ្យបានពេញលេញ ខ្ជាប់ ខ្ជួន ទាន់ពេល និងមានប្រសិទ្ធភាពពាក់ព័ន្ធប្រធានបទខាងលើនេះ។ លោករដ្ឋមន្ត្រីបានផ្តល់ជូននូវអនុសាសន៍គន្លឹះចំនួន ៥ចំណុចសំខាន់ៗ ជូនអ្នកពាក់ព័ន្ធធ្វើជាមូលដ្ឋានអនុវត្តដូចជា៖

ទី១-បង្កើនកិច្ចសហការជាមួយគណៈកម្មាធិការជាតិ ផ្សព្វផ្សាយច្បាប់ គោលនយោបាយជាតិ សំខាន់ៗ អនុសញ្ញាអន្តរជាតិ ផែនការសកម្មភាពជាតិ ផែនការនៃអនុសញ្ញាអាស៊ានស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងផែនការសកម្មភាពដែលបានកំណត់ដោយទ្វេភាគី និងពហុភាគីក្នុងតំបន់ និងអន្តរជាតិ។

ទី២-គ្រឹះស្ថានអប់រំកសិកម្មទាំងអស់ត្រូវខិតខំរួមគ្នាធ្វើការអប់រំផ្សព្វផ្សាយដល់ស្រទាប់យុវជន និស្សិតឲ្យយល់ដឹងច្បាស់អំពីគោលការណ៍ច្បាប់ ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។

ទី៣-ត្រូវសហការជាមួយស្ថាប័នមានសមត្ថកិច្ច ក្នុងការរាយការណ៍អំពីបទល្មើសដែលកើតមានក្នុងស្រទាប់កសិករនៅមូលដ្ឋានពាក់ព័ន្ធនឹងការជួញដូរមនុស្សការកេងប្រវ័ញ្ចពលកម្ម ការជួញដូរផ្លូវភេទ ការជួញដូរគ្រឿងញៀន។

ទី៤-ត្រូវបន្តខិតខំបង្កើតការងារទាំងបរិមាណ និងគុណភាព ជាពិសេសសម្រាប់យុវជនតាមរយៈការផ្តល់ជំនាញបច្ចេកទេស ផ្តល់សេវាកសិកម្មនៅមូលដ្ឋានឱ្យកាន់តែងាយស្រួលដល់កសិកររួមទាំងភ្នាក់ងារផ្សព្វផ្សាយឃុំ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក ព្រមទាំងផ្តល់កិច្ចសហការយ៉ាងទូលំទូលាយ និងជំរុញឱ្យមានការចូលរួមគាំទ្រពីដៃគូពាក់ព័ន្ធទាំងអស់តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។

ទី៥- សុំស្នើគណៈកម្មាធិការជាតិ បន្តការសម្របសម្រួល ពង្រឹងកិច្ចសហការជាមួយក្រសួង ក៏ដូច ជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការបង្ការ បង្ក្រាប ប្រយុទ្ធប្រឆាំងរាល់ការជួញដូរមនុស្ស៕ ដោយ ៖ បញ្ញាស័ក្តិ

website_news/2019041201.txt · Last modified: 2019/12/04 13:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki