website_news:2019050202

ការរំលោភសិទ្ធិមនុស្សលើពលករចំណាកស្រុកនៅតែបន្តកើតមានក្នុងប្រទេសថៃ

https://www.rfa.org/khmer/news/ 2019-02-01 ដោយ ម៉ៅ សុធានី

របាយការណ៍ស្រាវជ្រាវរបស់អង្គការអន្តរជាតិផ្នែកទេសន្តរប្រវេសក៍ (International Organization for Migration-IOM) បានបង្ហាញថា ពលរដ្ឋចំណាកស្រុករាប់លាននាក់ ដែលកំពុងធ្វើការក្នុងប្រទេសថៃ នៅតែបន្តរងគ្រោះ ដោយសារការរំលោភបំពានសិទ្ធិមនុស្ស និងការកេងប្រវ័ញ្ចពលកម្ម ជាដដែល។ ការលើកឡើងនេះ ក្រោយអាជ្ញាធរថៃ ធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារខ្លះៗ នៃអំពើទាសភាពលើទូកនេសាទ ដើម្បីដកបម្រាមការនាំចេញផលិតផលគ្រឿងសមុទ្ទ ដែលមានតម្លៃរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ទៅលក់នៅសហគមន៍អឺរ៉ុបឡើងវិញ។ របាយការណ៍ស្រាវជ្រាវរបស់អង្គការ IOM រកឃើញថា ជនចំណាកស្រុកប្រមាណ ៥លាននាក់ ធ្វើការនៅប្រទេសថៃ ក្នុងនោះមានពលរដ្ឋខ្មែរ ដែលធ្វើការផ្នែកវិស័យសំណង់ កសិកម្ម និងរោងចក្រ នៅតែបន្តរងគ្រោះពីការកេងប្រវ័ញ្ចពលកម្ម និងរំលោភសិទ្ធិមនុស្សដដែល។ ការរំលោភបំពានទាំងនោះ រួមមាន ថៅកែរោងចក្រខ្លះ នៅតែមិនព្រមផ្ដល់អោយប្រាក់ខែអប្បបរមា ឬប្រាក់ខែទាបបំផុត បង្ខំឱ្យធ្វើការលើសម៉ោងមិនបានប្រាក់កម្រៃបន្ថែម បញ្ហាសុវត្ថិភាពនៅកន្លែងធ្វើការ និងស្ថានភាពរស់នៅដ៏លំបាក របស់ពលករជាដើម។

ប្រធានអង្គការសម្ព័ន្ធ ការងារនិងសិទ្ធិមនុស្ស (ហៅកាត់ថា សង់ត្រាល់) លោក មឿន តុលា មានប្រសាសន៍ប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា ស្ថានភាពកម្មករចំណាកស្រុកទាំងនោះមិនថាតែពលករខ្មែរទេ គឺនៅតែជួបបញ្ហាលំបាកខ្លាំងនៅកន្លែងធ្វើការ និងការបង្ខំឱ្យធ្វើការលើសម៉ោង ជាដើម។ ប៉ុន្តែលោកទទួលស្គាល់ថា មានថៅកែរោងចក្រមួយចំនួន ក៏បានប្រឹងប្រែងកែលម្អលក្ខខណ្ឌការងារបានខ្លះៗដែរ៖ «និយាយរួម អ្វីដែលរកឃើញរបស់អង្គការ IOM គឺវាពិតជាត្រឹមត្រូវមែន។ បញ្ហាពលករចំណាកស្រុកទាំងខ្មែរ ឡាវក៏ដោយនៅប្រទេសថៃ គឺអត់ទាន់បានល្អប្រសើរទាំងស្រុងទេ មានរោងចក្រមួយចំនួន បានអនុវត្តស្តង់ដារការងារបានល្អ ដែលយើងដឹង។ ក៏ប៉ុន្តែ រោងចក្រមួយចំនួន នៅមានបញ្ហានៅឡើយ គឺធ្វើការលើសម៉ោង ទាំងបង្ខំ និងអត់បើកប្រាក់ឈ្នួលអោយ»។

របាយការណ៍ IOM បន្តថា អាជ្ញាធរថៃផ្ដោតការយកចិត្តទុកដាក់និងកែលម្អ ទៅលើតែបញ្ហាទាសភាពរបស់ពលករធ្វើការនៅលើទូកនេសាទទេ ដើម្បីទទួលបានការលើកបម្រាមនាំចេញផលិតផលគ្រឿងសមុទ្រ ក៏ប៉ុន្តែអាជ្ញាធរថៃ មិនបានយកចិត្តទុកដាក់ ដោះស្រាយស្ថានភាពលំបាកជាច្រើន របស់ជនចំណាកស្រុករាប់លាននាក់ ដែលកំពុងធ្វើការផ្នែកវិស័យផ្សេងៗនោះឡើយ។ របាយការណ៍សង្កត់ធ្ងន់ថា ជនរងគ្រោះដែលរងការរំលោភបំពានទាំងនោះ ច្រើនជាកម្មករសំណង់ កម្មករផ្នែកកសិកម្ម នៅកន្លែងចិញ្ចឹមសត្វ និងនៅតាមរោងចក្រកាត់ដេរសំលៀកបំពាក់។ គណៈកម្មការសហភាពអឺរ៉ុបកាលពីដើមខែមករា ឆ្នាំ២០១៩ កន្លងមកនេះបានអនុញ្ញាតឱ្យក្រុមហ៊ុនថៃ នាំចេញផលិតផលគ្រឿងសមុទ្ទដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ទៅលក់នៅទីផ្សារសហភាពអឺរ៉ុប ឡើងវិញ។ ការសម្រេចនេះធ្វើឡើង ក្រោយដែលគណៈកម្មការនេះ បានទទួលស្គាល់នូវកិច្ចប្រឹងប្រែងរបស់អាជ្ញាធរថៃ ក្នុងការទប់ស្កាត់ការជួញដូរមនុស្ស និងលក្ខខណ្ឌការងារប្រសើរឡើង របស់ពលករលើកទូកនេសាទ ក្រោយពីមានរបាយការណ៍ជាច្រើន លើកឡើងអំពីការជួញដូរកម្លាំងពលកម្ម និងអំពើទាសភាពលើទូកនេសាទ នៅក្នុងប្រទេសថៃ។ អង្គការអន្តរជាតិមួយចំនួន រួមមាន អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការសហព័ន្ធកម្មករវិស័យដឹកជញ្ជូនអន្តរជាតិ (Fisheries at the International Transport Workers’ Federation) រិះគន់ជាខ្លាំងថា សហភាពអឺរ៉ុប មិនបានត្រួតពិនិត្យច្បាស់លាស់ ពីស្ថានភាពពិតប្រាកដ របស់ពលករធ្វើការនៅលើទូកនេសាទនោះទេ ដោយគ្រាន់តែពិនិត្យលើរបាយការណ៍របស់អាជ្ញាធរថៃប៉ុណ្ណោះ។

ប្រធានជលផលនៃសហព័ន្ធកម្មករវិស័យដឹកជញ្ជូនអន្តរជាតិ លោក ហ្យុននី ហានសេន (Johnny Hansen) បានប្រាប់កាសែត ដឺហ្គាឌៀន អង់គ្លេស (The Guardian) កាលពីថ្ងៃទី២៤ ខែមករា ថា លោកមិនដឹងថា តើសហភាពអឺរ៉ុប ទទួលបានទិន្នន័យបែបណាពីអាជ្ញាធរថៃ ទើបបានជាលើកលែងការហាមនាំចូលទំនិញផលិតផលគ្រឿងសមុទ្ទ ដែលបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០១៥ កន្លងមកនោះ។ លោក Hansen អះអាងថា សេចក្ដីរាយការណ៍ជាច្រើនដែលបានជួបសម្ភាសន៍ផ្ទាល់ជាមួយពលករលើទូកនេសាទ ឱ្យដឹងថា ពួកគេភាគច្រើន រងការកេងប្រវ័ញ្ចពលកម្ម រំលោភសិទ្ធិមនុស្ស និងជំពាក់ប្រាក់បំណុលថៅកែយ៉ាងច្រើន ជាដដែល។

ចំណែកអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) វិញ ក៏បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយកាលពីពេលថ្មីៗនេះដែរ បង្ហាញថា ពលករនេសាទ ជិត ៤០% ដែលបានជួបសម្ភាសន៍កាលពីអំឡុងឆ្នាំ២០១៨ អះអាងថា ពួកគេគឺជាជនរងគ្រោះនៃការជួញដូរមនុស្ស ហើយថាការត្រួតពិនិត្យផ្នែកពលកម្មនេសាទ នៅកំពង់ផែ គឺធ្វើឡើងគ្រាន់តែសំញែងឱ្យឃើញតាមការចង់បានរបស់សហភាពអឺរ៉ុបប៉ុណ្ណោះ។ របាយការណ៍ដដែល ក៏បង្ហាញនូវការងឿងឆ្ងល់ថា តើហេតុដូចម្តេច បានជាអាជ្ញាធរថៃ មិនបានរកឃើញករណីជួញដូរ ឬកេងប្រវ័ញ្ចពលកម្មណាមួយ របស់ពលករទូកនេសាទ នៅពេលដែលអាជ្ញាធរថៃ ត្រួតពិនិត្យស្ថានភាពការងាររបស់ពួកគេ សរុបជិត ៥០ម៉ឺននាក់។

លោក មឿន តុលា ដែលបានតាមដានក្នុងរឿងនេះដែរ ក៏បានបញ្ជាក់ប្រាប់អាស៊ីសេរីថា ហេតុផលដែលសហភាពអឺរ៉ុប សម្រេចលើកបម្រាមការនាំចេញផលិតផលគ្រឿងសមុទ្ទពីប្រទេសថៃ នោះ គឺដោយសារថៃ បានប្រឹងប្រែងកែលម្អចំណុច ៣សំខាន់ៗ ដែលជំរុញឱ្យសហភាពអឺរ៉ុប គិតថា ស្ថានការណ៍ទេសភាពនៅលើទូកនេសាទ បានប្រសើរជាងមុន៖ «រដ្ឋាភិបាលថៃប្រឹងធ្វើកិច្ចការមួយចំនួនដើម្បីកែលម្អ។ ទី១ តម្រូវឱ្យក្រុមហ៊ុនទូកនេសាទ ចុះសមុទ្ទយ៉ាងយូរ២អាទិត្យមិនមែនរាប់ឆ្នាំដូចមុនទេ។ ទី២ ចុះធ្វើអធិការកិច្ចទៅលើទូកនេសាទ។ ទី៣ ថ្មីៗនេះ រដ្ឋាភិបាលថៃ ក៏បានផ្ដល់បត្យាប័នអនុសញ្ញា ILO ក្នុងកិច្ចការពារសិទ្ធិទៅដល់ពលករលើទូក។ បញ្ហានេះហើយ ជាហេតុនាំឱ្យសហគមន៍អឺរ៉ុបដកបម្រាមនេះ ឬដកកាតលឿងនោះចេញ»។ ក៏ប៉ុន្តែលោក មឿន តុលា អះអាងថា ការអនុវត្តន៍ជាក់ស្ដែងវិញ គឺពលករនេសាទ នៅតែរងការកេងប្រវ័ញ្ចពលកម្ម នៅឡើយ ដោយសារពួកគេភាគច្រើនមិនចេះអក្សរ អាយុក្រោម ១៨ឆ្នាំ ហើយលិខិតឆ្លងដែន ឬលិខិតផ្លូវច្បាប់មួយចំនួន គឺម្ចាស់ទូកជាអ្នកទុកអោយ។ លោកបន្តថា នៅពេលក្រុមអធិការកិច្ចថៃចុះពិនិត្យលើទូកម្តងៗ ទើបប្រគល់ឱ្យពលករវិញ៖ «រឿងលក្ខខណ្ឌការងារ គឺគាត់ធ្វើការច្រើនម៉ោង ហើយមិនជាក់លាក់ ព្រោះធម្មតានៅលើទូក ពេលបោះអួន ឬមង ចូលក្នុងសមុទ្ទអ៊ីចឹង ពេលត្រូវលើកពេលណាគេត្រូវដាស់ឱ្យគាត់ធ្វើការទាំងយប់។ អ៊ីចឹងនៅមានការរំលោភបំពានច្រើនណាស់ គ្រាន់តែសម្លឹងមើលអ្វីដែលរដ្ឋាភិបាលថៃធ្វើកន្លងមកគឺចំណុចទី៣ ប៉ុន្តែឱ្យថាមានលក្ខខណ្ឌការងារប្រសើរឡើង គឺអត់ទេ»។

ស្ថិតិផ្លូវការរបស់ក្រសួងការងារបង្ហាញថា ពលករខ្មែរស្របច្បាប់ដែលកំពុងធ្វើការនៅប្រទេសថៃ មានចំនួន ១លាន ២សែននាក់ ប៉ុន្តែប្រធានអង្គការសម្ព័ន្ធ ការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា បញ្ជាក់ថា តាមការប៉ាន់ប្រមាណរបស់អង្គការលោក មានពលករខ្មែរចំណាកស្រុក ជិត ២លាននាក់ ក្នុងនោះ ៨០% ជាពលករស្របច្បាប់៕

website_news/2019050202.txt · Last modified: 2019/02/05 15:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki