website_news:2019050301

ក្រសួងមហាផ្ទៃ នឹងបើកច្រកទ្វារព្រំដែនជាច្រើនកន្លែងទៀត ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់

http://bayontv.com.kh/ 05/03/2019

ភ្នំពេញ ៖ នៅពិធីបិទសន្និបាតបូកសរុបលទ្ធលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថ្ងៃទី៤ ខែមីនានេះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងមហាផ្ទៃ មានផែនការដំឡើងច្រករបៀងជាច្រើនកន្លែងថែមទៀតអោយជាច្រកទ្វារឆ្លងដែនស្របច្បាប់ ដើម្បីទប់ស្កាត់លំហូរជនបរទេសឆ្លងដែនមកកម្ពុជាខុសច្បាប់។ ឯកឧត្តម សុខ ផល ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា នៅពេលបច្ចុប្បន្ននេះ លំហូរប្រជាជន និងទំនិញឆ្លងដែនចេញចូលខុសច្បាប់នៅតាមបណ្តាច្រករបៀង មានភាពលំបាកក្នុងការគ្រប់គ្រង។ ការឆ្លងដែនខុសច្បាប់ នៅតែបន្តកើនឡើងជាធម្មតា ខណៈច្រករបៀងមួយចំនួនតូចបានបិទជាផ្លូវការ និងច្រករបៀងជាច្រើនកន្លែងត្រូវបានប្រជាជនកំពុងប្រើប្រាស់ធ្វើដំណើរឆ្លងដែនជារៀងរាល់ថ្ងៃ។ ឯកឧត្តម សុខ ផល បន្តថា ដើម្បីបិទច្រករបៀងឆ្លងដែនខុសច្បាប់បាន គឺរាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ បានកំពុងពិនិត្យពិចារណា ដំឡើងច្រករបៀងមួយចំនួនអោយទៅជាច្រកតំបន់ ទ្វេភាគី និងជាច្រកព្រំដែនអន្តរជាតិ។ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល បន្ថែមថា នៅពេលបច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃ មានផែនការស្នើរាជរដ្ឋាភិបាល ដំឡើងច្រកតំបន់ចំនួន៥កន្លែង អោយទៅច្រកទ្វារអន្តរជាតិ ក្នុងប៉ែកខាងព្រំដែនកម្ពុជា-វៀតណាម មាន២ច្រក គឺមានច្រកទ្វារជ្រៃធំ ឡុងប៊ិន ក្នុងខេត្តកណ្តាល និងច្រកម៉ឺនជ័យ ខេត្តព្រៃវែង។ ដោយឡែកប៉ែកខាងព្រំដែនកម្ពុជា ថៃ គឺមាន៣ច្រក រួមមាន ៖ ច្រកថ្មដារ ខេត្តពោធិ៍សាត់ ច្រកជប់គគី ខេត្តឧត្តរមានជ័យ និងច្រកអានសេះ ខេត្តព្រះវិហារ។

ទន្ទឹមនឹងការទប់ស្កាត់ឆ្លងដែនខុសច្បាប់នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជានេះផងដែរ ឯកឧត្តម សុខ ផល ក៏បានជំរុញអោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពង្រឹងការល្បាតត្រួតពិនិត្យតាមច្រករបៀង និងបង្កើតប៉ុស្តិ៍ នគរបាលតាមច្រកតំបន់ទ្វេរភាគី ដើម្បីប្រចាំការទប់ស្កាត់លំហូរជនបរទេសឆ្លងដែនខុសច្បាប់ចូលមកក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា៕

website_news/2019050301.txt · Last modified: 2019/03/05 14:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki