website_news:2019050304

បុរសជនជាតិអាមេរិកាំងម្នាក់ ត្រូវបញ្ជូនទៅតុលាការពាក់ព័ន្ធអំពើពេស្យាចារ

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 05 March 2019 | 09:15 ICT

ភ្នំពេញៈ សមត្ថកិច្ចក្រុងភ្នំពេញ បញ្ជូនជនបរទេសម្នាក់ទៅតុលាការ ក្រោយឃាត់ខ្លួនកាលពីថ្ងៃសៅរ៍ ពាក់ព័ន្ធនឹងអំពើពេស្យាចារនិងរំលោភសេពសន្ថវៈលើអនីតិជនចំនួន ៥ នាក់ ខណៈមន្ត្រីជំនាញ កំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដទៃទៀត ដែលតាមការសន្និដ្ឋានអាចមានជនរងគ្រោះនិងជនសង្ស័យច្រើនជាងនេះ។ កាលពីថ្ងៃទី ២ ខែ មីនា ជនបរទេសម្នាក់ ឈ្មោះ POPE DANNY LEE ហៅរ៉ានី អាយុ ៦០ ឆ្នាំ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 546245420 ត្រូវបានឃាត់ខ្លួន នៅចំណុចផ្ទះម៉ាស្សា យីហោ ស្រីនាង ៨៧១ សង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក កែវ ធា ប្រធានការិយាល័យប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ជនបរទេសរូបនេះ បានប្រព្រឹត្តបទល្មើសនេះជាយូរមកហើយ ប៉ុន្តែមិនទាន់មានភ័ស្តុតាង ទើបតែពេលនេះឈានដល់ការឃាត់ខ្លួន ព្រោះតែមន្ត្រីជំនាញ បានប្រមូលភ័ស្តុតាងគ្រប់គ្រាន់ ហើយបានឃាត់ខ្លួននៅនឹងកន្លែងប្រព្រឹត្តបទល្មើសតែម្តង។ លោកបានបញ្ជាក់ថា៖ «ជនបរទេសរូបនេះបានចេញចូលមកស្រុកខ្មែរយូរហើយ ហើយក៏បានដឹងយូរដែរ ប៉ុន្តែយើងមិនទាន់មានភ័ស្តុតាងច្បាស់លាស់ ទើបតែដល់ឥឡូវយើងមានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីឃាត់ខ្លួនគាត់។ ច្បាស់ណាស់មានអ្នកពាក់ព័ន្ធផ្សេងទៀត ដែលយើងកំពុងស៊ើបអង្កេតបន្តទៀតរកជនពាក់ព័ន្ធក្នុងបទល្មើស នេះតែក្រុមការងារយើងកំពុងធ្វើ ការយើងមិនអាចប្រាប់បានទេ»។ លោកបន្តថា៖ «ចំពោះមុខយើងបានចោទគាត់ ចំនួន ២ បទល្មើស គឺអំពើពេស្យាចារលើកុមារ និងអំពើរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស។ ក្នុងករណីនេះ មានអនីតិជនចំនួន ៥ នាក់ អាយុ ៨ ឆ្នាំ ៣ នាក់និងលើអាយុ ១៨ ឆ្នាំ ២ នាក់ ប៉ុន្តែវាបានប្រព្រឹត្តយូរឆ្នាំកន្លងមកហើយ ទម្រាំចាប់បាន សរុបទៅទាំង ៥ នាក់ហ្នឹង គឺសុទ្ធតែអនីតិជនទាំងអស់។ តាមការស្រាវជ្រាវ នៅមានជនរងគ្រោះផ្សេងទៀត ជាបន្តបន្ទាប់ ដែលប៉ូលិសយើងកំពុងធ្វើការបន្តទៀត»។

តាមនាយកដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក្រោយការឃាត់ខ្លួន ជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។ ចំណែកជនរងគ្រោះទាំង ៥ នាក់ គឺត្រូវបាននគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។

តាមរបាយការណ៍លទ្ធផលការងារឆ្នាំ ២០១៨ របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា សមត្ថកិច្ចបានអន្តរាគមន៍ជួយជនរងគ្រោះក្នុងករណីអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទចំនួន ២៣០ នាក់ ក្នុងចំណោម ៣៤៥ នាក់ រួមមាន អាយុក្រោម១៥ឆ្នាំ ៩២នាក់ អាយុពី១៥ ដល់ ១៧ឆ្នាំ២៣នាក់ និងអាយុចាប់ពី១៨ឆ្នាំឡើង១១៥នាក់។ក្នុងចំណោមជនរងគ្រោះទាំងនោះ គឺមាន ៩២ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច ២ នាក់ បញ្ចូនទៅអង្គការនិង ១៣៦ នាក់ បញ្ជូនទៅអាណាព្យាបាលគ្រប់គ្រងវិញ។

លោក ខឹម វ៉ានដូ អ្នកឯកទេស ការពារកុមារ នៃអង្គការសកម្មភាពដើម្បីកុមារដែលធ្វើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងអំពើរំលោភផ្លូវភេទលើកុមារ និយាយថា ករណីរំលោភបំពានលើកុមារពីសំណាក់ជនបរទេស តែងតែកើតមានជារឿយៗព្រោះមានកត្តាបូករួមជាច្រើនដែលបណ្តាលឲ្យជនល្មើសនៅតែបន្តប្រព្រឹត្ត។ លោកបញ្ជាក់ថា៖ «អ្វីដែលសំខាន់បំផុតចំពោះទិដ្ឋភាពរួមការរំលោភបំពាននេះ បណ្តាលមកពីការយល់ដឹងពួកគាត់នៅមានកម្រិត ហើយវិធីសាស្ត្រលួងលោមរបស់ជនល្មើសរំលោភផ្លូវភេទលើកុមារមួយចំនួននោះ តែងតែប្រើនូវវិធីសាស្ត្រលួងលោមបែបស្មុគស្មាញ ក៏ដូចជាវិធីអូសទាញ ដែលធ្វើឲ្យគ្រួសារមានចំណូលទាប និងមិនមានការយល់ដឹងខ្ពស់ គាត់់មិនបានការពារលើកុមារឲ្យបានត្រឹមត្រូវ និងធ្វេសប្រហែសប្រការណាមួយ។ ដូច្នេះស្នើឲ្យការអនុវត្តទោសធ្ងន់ធ្ងរទៅលើជនល្មើសតាមច្បាប់ ព្រោះថា បទល្មើសរំលោភផ្លូវភេទលើកុមារ គឺជាទង្វើមួយដែលធ្វើឲ្យប៉ះពាល់ដល់កុមារធ្ងន់ធ្ងរនិងបន្តទៅមុខទៀត ដែលពួកគេទទួលបានពីផលប៉ះពាល់ទាំងនេះ»៕

website_news/2019050304.txt · Last modified: 2019/03/05 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki