website_news:2019050403

ភរិយាទន្ទឹងរង់ចាំជួបប្ដីបន្ទាប់ពីទទួលដំណឹងថៃអនុញ្ញាតឱ្យសាច់ញាតិសួរសុខទុក្ខអ្នកទោសខ្មែរក្នុងពន្ធនាគារ ២ថ្ងៃនៅចុងខែមេសា

https://www.rfa.org/khmer/news/ ដោយ មាន ឫទ្ធិ 2019-04-04

ភរិយាអ្នកទោសខ្មែរជាប់ពន្ធនាគារនៅប្រទេសថៃ មានអារម្មណ៍រំភើបនៅពេលទទួលដំណឹងថា ខាងសមត្ថកិច្ចអនុញ្ញាតសាច់ញាតិពលករជាប់ពន្ធនាគារនៅថៃអាចចូលសួរសុខទុក្ខបានចំនួន២ថ្ងៃនោះ។ ពលករខ្មែររស់នៅខេត្តបាត់ដំបង ធ្វើការនៅប្រទេសថៃ អ្នកស្រី សុខ ស្រីហ៊ុន ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី៣ មេសាថា តាំងពីតម្រួតថៃចាប់ស្វាមីរបស់ខ្លួន កាលពីថ្ងៃទី៥ ខែមេសាឆ្នាំ២០១៧ មក គឺមិនដែលបានចូលជួបនិយាយផ្ទាល់មាត់ជាមួយប្ដីម្ដងនៅឡើយទេ។ អ្នកស្រីថា ជាទូទៅខាងថៃឱ្យជួបក្នុងបន្ទប់មានរបាំងបិទកញ្ចក់និយាយគ្នាតាមទូរស័ព្ទជាមួយស្វាមីមានរយៈពេល ១០នាទីក្នុងមួយសប្ដាហ៍៖ «នៅពេលខ្ញុំបានជួបប្ដីខ្ញុំផ្ទាល់ខ្ញុំមានអារម្មណ៍រំភើបសប្បាយចិត្ត ហើយសូមឱ្យបងប្អូនទាំងអស់គ្នាសង្ឃឹមថា បានជួបសួរសុខទុក្ខទាំងអស់គ្នា អ្នកខ្លះជាប់រាប់ឆ្នាំហើយ គ្មានសាច់ញាតិទៅសួរសុខទុក្ខក៏មានដែរ ប្ដីខ្ញុំធ្លាប់និយាយ។ ចំពោះខ្ញុំទើបតែមួយរយៈនេះទេ គឺ ៣ខែហើយ ដែលខ្ញុំមិនបានទៅសួរសុខទុក្ខប្ដី។ រាល់ដងកន្លះខែទៅ មួយខែ ខ្ញុំទៅមើលប្ដីម្ដង»។

ក្ដីរំភើបរបស់ពលករខ្មែរនេះបន្ទាប់ពីគេហទំព័រអគ្គនាយកដ្ឋានពន្ធនាគារចុះផ្សាយ កាលពីថ្ងៃទី២៩ មីនាថា ពន្ធនាគារខ្លងព្រេម (Klong pram) របស់ថៃ បានអនុញ្ញាតឲ្យសាច់ញាតិចូលសួរសុខទុក្ខអ្នកជាប់ឃុំក្នុងពន្ធនាគារនេះដោយផ្ទាល់ មិនមានរបាំងរយៈពេល ៤ម៉ោងចំនួន ២ថ្ងៃ ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ១រសៀល នៅថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា។

ការអនុញ្ញាតនេះបន្ថែមលើការជួបសួរសុខទុក្ខធម្មតា ដែលធ្លាប់មានពីមុនមក ដោយចាប់អនុវត្តន៍ពីឆ្នាំ២០១៩ តទៅ។ អគ្គដ្ឋានពន្ធនាគារបន្តថា សាច់ញាតិត្រូវដាក់ពាក្យស្នើសុំជាមុន ដោយមានឯកសារបញ្ជាក់ច្បាស់លាស់ ហើយសាច់ញាតិអាចចូលទៅជួបសួរសុខទុក្ខអ្នកជាប់ឃុំម្ដងបាន ១២នាក់។ សាច់ញាតិអាចទាក់ទងសាកសួរបន្ថែមជុំវិញបញ្ហានេះទៅខាងពន្ធនាគារខ្លងព្រេម (Klong prem) នៅទីក្រុងបាងកក តាមលេខទូរស័ព្ទ+៦៦ ២៥ ៩១ ៥៥ ១៦។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃលោក នុត សាវនា ថ្លែងប្រាប់កាសែត ភ្នំពេញ ប៉ុស្ត៍ (Phnom Penh Post) ថា ជនជាតិខ្មែរដែលកំពុងជាប់ឃុំនៅប្រទេសថៃមានមិនតិចជាង ៤ ពាន់នាក់ទេ។

website_news/2019050403.txt · Last modified: 2019/04/05 12:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki