website_news:2019050404

កម្ពុជា-អាមេរិក នឹងចុះអនុស្សរណៈយោគយល់គ្នាប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 05 April 2019 | 09:19 ICT

ភ្នំពេញៈ កម្ពុជា និងការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) របស់សហរដ្ឋអាមេរិកនឹងចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាលើកដំបូង លើកិច្ចសហប្រតិបត្តិការ ជុំវិញការអនុវត្តច្បាប់ប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនក្នុងអំឡុងពេលមន្ត្រីជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅប្រទេសមហាអំណាចមួយនេះដែលរំពឹងថាកម្ពុជានឹងទទួលបានសម្ភារ និងបច្ចេកទេសដើម្បីចូលរួមទប់ស្កាត់ឧក្រិដ្ឋកម្មទាំងនេះ។

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដោយមានការអមដំណើរដោយលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែ មេសា តបតាមការអញ្ជើញរបស់ការិយាល័យស៊ើបអង្កេតបទឧក្រិដ្ឋ របស់សហរដ្ឋអាមេរិក ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរបទពិសោធ និងពង្រឹងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែន ដែលរួមមានបញ្ហាគ្រឿងញៀន ភេរវកម្ម ការជួញដូរមនុស្ស ការលាងលុយកខ្វក់។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ និងជាអគ្គស្នងការរងនគរបាលជាតិ ថ្លែងក្នុងសន្និសីទកាសែតមុនចេញដំណើរនៅព្រលានយន្តហោះភ្នំពេញ កាលពីម្សិលមិញថា ទស្សនកិច្ចនេះ មានគោលបំណង ២ គឺទី១ ផ្លាស់ប្តូរបទពិសោធកិច្ចសហប្រតិបត្តិការ ការជជែកគ្នាពង្រឹងឡើងវិញនូវការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋ និងទី២ គឺដើម្បីចុះហត្ថលេខាលើការចុះអនុស្សរណៈយោគយល់គ្នាបង្កើតក្រុមប្រតិបត្តិការរួមមួយ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែន និងបញ្ហាផ្សេងៗទៀត ដែលភាគីទាំង ២ ចាប់អារម្មណ៍។ លោកបន្តថាឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះគឺសំដៅលើបទល្មើសគ្រឿងញៀន ភេរវកម្ម ការជួញដូរមនុស្ស ការលាងលុយកខ្វក់ និងបទឧក្រិដ្ឋកុំព្យូទ័រជាដើម។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖ «ការចុះហត្ថលេខានេះ គឺធ្វើឡើង រវាងអគ្គស្នងការនគរបាលជាតិ ជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង FBI។ មាននិយាយជារួម ដែលអាចផ្តល់ជាសម្ភារបច្ចេកទេសមួយចំនួន ក្នុងប្រតិបត្តិការ រួមទាំងការបណ្តុះបណ្តាលដល់មន្ត្រីជំនាញកម្ពុជា»។ លោកបន្តថា៖ «ជាមួយ FBI នេះ គឺធ្វើឡើងជាលើកទី១ ក្រៅតែពីមានសហប្រតិបត្តិការល្អជាមួយស្ថាប័ននេះរវាងករណីឆ្លងដែនផ្ទាល់រវាងប្រទេស និងប្រទេសដែលមានការសហការគ្នាក្នុងការស៊ើបអង្កេត ព្រោះបទឧក្រិដ្ឋឆ្លងដែនបែបនេះ មានការរីករាលដាលខ្លាំង ដែលចាំបាច់ត្រូវរួមគ្នាទប់ស្កាត់»។ លោក ឆាយ គឹមខឿន អះអាងថា លទ្ធផលនៃដំណើរទស្សនកិច្ចនេះ នឹងបញ្ជាក់លម្អិតនៅពេលក្រោយការបំពេញទស្សនកិច្ចចប់ ព្រោះក្នុងពេលនោះ ភាគី FBI នឹងបង្ហាញពីបទពិសោធរបស់គេមកកម្ពុជា។

លោកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និយាយថា ទីភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក ដែលរួមមានទាំង FBI ផងនោះធ្វើការជាមួយនឹងប្រទេសកម្ពុជាជាដៃគូ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការជួញដូរមនុស្ស ទេសចរណ៍ផ្លូវភេទលើកុមារ ការជួញដូរគ្រឿងញៀន បទល្មើសបច្ចេកទេស ទំនិញក្លែងក្លាយ ការឆបោកលក់ទិដ្ឋាការ និងបទល្មើសឆ្លងដែនផ្សេងៗទៀត។

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ការមើលជាទូទៅតាមរយៈរលកនយោបាយហាក់គិតថា កម្ពុជា និងអាមេរិក មានទំនោរមិនល្អរវាងគ្នា តែវាមិនដូច្នេះទេ ព្រោះថា ក្នុងពេលនេះ សហរដ្ឋអាមេរិក ត្រូវតែក្រឡេកមកអាស៊ី ដែលមានកម្ពុជាផងនោះ គឺមិនអាចចាត់ទុកជាសត្រូវបានទេ។ ដូច្នេះលោកថា ទំនាក់ទំនងរវាង កម្ពុជា និងអាមេរិក តាមរយៈស្ថាប័ន FBI នេះ គឺត្រូវតែធ្វើឡើង ដោយក្នុងក្របខ័ណ្ឌមួយចាំបាច់ ព្រោះថា ឧក្រិដ្ឋកម្មឆ្លងដែន ជាឧក្រិដ្ឋកម្មមួយគ្មានដែនកំណត់។ លោកបញ្ជាក់ថា៖ «ភេរវកម្មឆ្លងដែន គឺគ្មានព្រំដែនទេ អ៊ីចឹងការរួមសហការគ្នាទូទាំងពិភពលោក គឺជាឱកាសមួយ សម្រាប់ទប់ស្កាត់រឿងទាំងអស់ហ្នឹង។ កាលណាយើងនៅបែងចែកនយោបាយអ៊ីចេះអ៊ីចុះ ភេរវកម្មជាឱកាសយកប្រទេសណាមួយ ជាកន្លែងឆ្លងកាត់»។

លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ ថ្លែងថា នេះគឺជាភាពចាំបាច់ ដែលអាមេរិក ត្រូវតែមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងតំបន់ ដូចជាកម្ពុជា ព្រោះថា អាមេរិក បារម្ភពីការរីករាលដាលចំពោះឧក្រិដ្ឋកម្មទាំងនេះ ដែលអាចបង្កឲ្យគ្រោះថ្នាក់ដល់ប្រទេសខ្លួន និងប្រទេសនៅក្នុងតំបន់ ដែលក្នុងនោះ ពួកភេរវជនអាចនឹងឆ្លៀតឱកាសយកប្រទេសកម្ពុជា ជាតំបន់គោលដៅ ឬជាជម្រក ដោយសារតែប្រព័ន្ធគ្រប់គ្រងកម្ពុជានៅមានកម្រិតខ្សោយ។ លោក មាស នី បន្តថា៖ «បើនិយាយមែនទែនទៅ ឲ្យតែការសហការគ្នា ដើម្បីកាត់បន្ថយ នូវឧក្រិដ្ឋកម្មឆ្លងដែន សុទ្ធតែមានប្រយោជន៍រៀងខ្លួន ក៏ប៉ុន្តែអ្វីដែលអាមេរិកកំពុងតែសម្លឹងមើល គឺការសហការជាមួយប្រទេសតូចៗដើម្បីទប់ស្កាត់កុំឲ្យកើតមានក្នុងប្រទេសតូចៗនោះ ដែលអាចជាទីតាំងភេរវជនអ៊ីចឹង»។ ទោះយ៉ាង ណា លោក មាស នី សង្កត់ធ្ងន់ថា ការចុះ MoU រវាង កម្ពុជា និងអាមេរិកនៅពេលនេះ ក៏មិនសំដៅថា ប្រទេសទាំង ២ នេះមានទំនាក់ទំនងល្អូកល្អិន ជាមួយគ្នាដែរ វាគ្រាន់តែជាចំណែកមួយ ដែលកម្ពុជាត្រូវតែឆ្លៀតឱកាសយកផលចំណេញផ្នែកនយោបាយពីទំនាក់ទំនងនេះ ខណៈវាគ្រាន់តែជាសហប្រតិបត្តិការក្នុងការការពារសន្តិសុខប៉ុណ្ណោះ៕

website_news/2019050404.txt · Last modified: 2019/04/05 14:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki