website_news:2019050602

របាយការណ៍បង្ហាញថា របរពេស្យាចារ រីកចម្រើនខ្លាំងតាមបណ្តាញអ៊ីនធើនែត

http://km.rfi.fr/society-culture/ ដោយ ម៉ម ពិសី 04/06/2019

អង្គការក្រៅរដ្ឋាភិបាលបារាំងមួយ ដែលធ្វើការទាក់ទិនសកម្មភាពពេស្យាចារ ការជួញដូរផ្លូវភេទ បានចេញរបាយការណ៍មួយ ដែលបង្ហាញថា មុខរបរពេស្យាចារ កំពុងតែរីកចម្រើនយ៉ាងខ្លាំង តាមរយៈបណ្តាញអ៊ីនធើនែត បណ្តាញសង្គម និងកម្មវិធីឆ្លើយឆ្លងគ្នា លើទូរសព័្ទ។ របាយការណ៍នេះ បានទាញសញ្ញាអាសន្ន ឲ្យអាជ្ញាធរគ្រប់ប្រទេសទាំងអស់ ត្រូវរកវិធីទប់ស្កាត់ ការប្រើប្រាស់បណ្តាញអ៊ីនធើនែត ធ្វើជាទីផ្សារ ទាក់ទាញជនរងគ្រោះជាស្ត្រី និងអតិថិជនដែលស្វែងរកសេវាផ្លូវភេទ។

កម្មវិធីឆ្លើយឆ្លងលើទូរសព័្ទ បណ្តាញសង្គម កម្មវិធីផ្ញើសារ ចែកចាយរូបថត ទាំងអស់នេះ កំពុងតែក្លាយទៅជាមធ្យោបាយ ក្នុងការធ្វើសកម្មភាពរកស៊ីផ្លូវភេទ ពេស្យាចារ យ៉ាព្រោងព្រាត នឹងដោយសុវត្ថិភាពបំផុត។ របាយការណ៍របស់ មូលនិធិ Scelles (Fondation Scelles) - Système Prostitutionnel : Nouveaux défis, nouvelles réponses ដែលស្រាវជ្រាវទៅលើប្រទេសចំនួន៣៥ បានលើកឡើងថា អំពើពេស្យាចារ និងការជួញដូរផ្លូវភេទ កំពុងតែក្លាយជាឧស្សាហកម្មយ៉ាងសំបូរបែប និងរីកចម្រើន នៅលើបណ្តាញ អ៊ីនធើនែត។

យោងតាមរបាយការណ៍ កម្រាស់៥០០ទំព័រនេះ អំពើពេស្យាចារដោយប្រើប្រាស់បណ្តាញអ៊ីនធើនែត មានស្មើនឹង២ភាគ៣ នៃសកម្មភាពពេស្យាចារជារួម។ លោក Yves Charpenel ចៅក្រមបារាំង និងជាប្រធានមូលនិធិScelles បានលើកឡើងថា ការរកស៊ីផ្លូវភេទតាមអ៊ីនធើនែត បានត្របាក់យកទីផ្សារនៃរបរពេស្យាចារនៅតាមផ្លូវ។ លោកបន្ថែមថា បណ្តាញអ៊ីនធើនែត បានបង្កភាពងាយស្រួល រហ័ស ស្ងាត់អាថិកំបាំង ហើយអាចពង្រីកវិសាលភាពនៃសកម្មភាពជួញដូរផ្លូវភេទ បានយ៉ាងងាយ។ មិនត្រឹមតែប៉ុណ្ណោះ មេខ្យល់ ឬអ្នកម៉ៅការ អាចប្រើប្រាស់បណ្តាញអ៊ីនធើនែត ដើម្បីទាក់ទាញស្ត្រីរងគ្រោះ ឲ្យធ្លាក់អន្ទាក់ ក្លាយជាស្រី្តរកស៊ីផ្លូវភេទ និងអាចលាងសំអាតប្រាក់ចំណូល ដែលបានមកពីសកម្មភាពខុសច្បាប់នេះ។ Facebook WhatsApp Instagram Snapchat ទាំងអស់នេះ សុទ្ធតែជាប្រព័ន្ធកម្មវិធីទូរស័ព្ទ ដែលក្រុមឈ្មួញប្រើប្រាស់ ដើម្បីធ្វើសកម្មភាពរើសមនុស្ស និងទាក់ទាញអតិថិជន ដែលស្វែងរកសេវាកម្មផ្លូវភេទ។ នៅអ៊ីស្រាអែលកម្មវិធី Tinder បានក្លាយជាកម្មវិធីទូរស័ព្ទ ដ៏ពេញនិយមជាងគេ ដើម្បីស្វែងរកសេវាកម្មផ្លូវភេទ។

របាយការណ៍ បានរំលឹកខ្លះៗ ពីករណីបង្រ្កាបបណ្តាញជួញដូរផ្លូវភេទ តាមអ៊ីនធើនែត ដូចជា ករណីបង្រ្កាប បណ្តាញដ៏ធំនៅអេស្ប៉ាញ នៅឆ្នាំ២០១៧ ដែលឈ្មួញទុច្ចរិត រកស៊ីនៅលើប្រព័ន្ធ WhatsApp។ មេខ្យល់ជាស្ត្រីជនជាតិរុស្ស៊ីម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ដែលតាមការសង្ស័យ គឺជាស្ត្រីរូបនេះ បានទាក់ទាញស្ត្រីរងគ្រោះជាច្រើននាក់ នៅតំបន់ដើមបូព៌ា ឲ្យធ្វើជាស្ត្រីបំរើផ្លូវភេទេ។ នៅឆ្នាំ២០១៧ដែរ អាជ្ញាធរថៃ បានបង្រ្កាបបណ្តាញជួញដូរផ្លូវភេទមួយដ៏ធំ ដែលប្រើប្រាស់ប្រព័ន្ធFacebook ជាមធ្យោបាយរកស៊ី។ ក្នុងនោះមានមេជួញដូរមនុស្ស ចំនួន៩នាក់។ នៅបារាំង កាលពីខែកក្កដាឆ្នាំ២០១៨ មនុស្សចំនួន១២នាក់ ត្រូវបានតុលាការផ្តន្ទាទោស ពីបទធ្វើសកម្មភាពពេស្យាចារ និងជួញដូរផ្លូវភេទលើស្ត្រីវ័យក្មេង ដោយប្រើប្រាស់ បណ្តាញ Instagram និងSnapchat៕

website_news/2019050602.txt · Last modified: 2019/06/05 14:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki