website_news:2019050702

ដាក់បទបញ្ជាឲ្យនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ទប់ស្កាត់រាល់បទល្មើសគេចពន្ធ ឲ្យមានប្រសិទ្ធភាព

http://www.cen.com.kh/archives/ July 4, 2019

ឧត្តរមានជ័យ៖ អភិបាលខេត្តរឧត្តមានជ័យ បានស្នើដល់នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ដែលតែងតាំងថ្មី ត្រូវរក្សាឲ្យបានល្អ នូវក្រមសីលធម៌ វិជ្ជាជីវ: យកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងភាគីថៃ ទប់ស្កាត់រាល់បទល្មើសគេចពន្ធនានា ការជួញដូរស្ត្រី កុមារ បទល្មើសគ្រឿងញៀន និងរាល់បទល្មើសឆ្លងដែនផ្សេងៗទៀត។

លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ថ្លែងបែបនេះ កាលពី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ដោយលោកវរសេនីយ៍ឯក ថេរ សុរិទ្ធឹយ៉ា ជំនួស លោកឧត្តមសេនីយ៍ត្រី ខូង ទីន។

លោកនាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ បានមានប្រសាសន៍ លើកឡើងថា នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិអូរស្មាច់ ដែលចូលកាន់តំណែងថ្មី ត្រូវយកចិត្តទុកដាក់ បម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ និងបំពេញបែបបទចេញ ចូល ក្នុងប្រទេសឲ្យ បានទាន់ពេលវេលា ជាពិសេសខិតខំពង្រឹងការងារផ្ទៃក្នុង ឲ្យបានល្អ ត្រូវចេះរឹតចំណងសាមគ្គីភាព ឲ្យបានទូលំទូលាយ សហការជាមួយបណ្តាស្ថាប័ន និងអង្គភាពជំនាញនានា ដើម្បីអនុវត្តន៍ការងារ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍ របស់ក្រសួងមហាផ្ទៃ។ ជាងនេះទៀត ភារកិច្ចរបស់មន្ត្រីនគរបាលច្រកទ្វារព្រំដែន គឺការទទួលខុសត្រូវគ្រប់បែបយ៉ាង ពីសន្តិសុខសណ្តាប់ធ្នាប់ក្នុងតំបន់ នៃខ្សែបន្ទាត់ព្រំដែន។

យ៉ាងណាមិញ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ក៏បានផ្ដាំផ្ញើ ដល់លោកនាយប៉ុស្តិ៍ដែលតែងតាំងថ្មី ត្រូវរក្សាឲ្យបានល្អ នូវក្រមសីលធម៌ វិជ្ជាជីវ: យកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងកិច្ចសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ និងភាគីថៃ ទប់ស្កាត់រាល់បទល្មើសគេចពន្ធនានា ការជួញដូរស្ត្រី កុមារ បទល្មើសគ្រឿងញៀន និងរាល់បទល្មើសឆ្លងដែនផ្សេងៗទៀត ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ជាពិសេសត្រូវអនុវត្តន៍ ឲ្យបាននៅគោលនយោបាយ និងស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមមគ្គុទ្ទេសក៍ដឹកនាំដ៏ប៉ិនប្រសព្វប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖កូឡាប

website_news/2019050702.txt · Last modified: 2019/07/05 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki