website_news:2019050704

ជនអន្តោប្រវេសន៍១៣៤នាក់ ត្រូវពួករត់ពន្ធមនុស្សញាត់ចូលក្នុងរថយន្តតែមួយ

http://www.rasmeinews.com/ July 5, 2019, 9:38 AM

រូបភាពទើបត្រូវបានបញ្ចេញកាលពីពេលថ្មីៗ បង្ហាញជនអន្តោប្រវេសន៍អាម៉េរិកកណ្តាលជាង១០០នាក់ ត្រូវបានរំដោះចេញពីរថយន្តធំដែលត្រូវគេបោះបង់ចោលមួយនៅម៉ិកស៊ិកកាលពីសប្តាហ៍មុន។ អ្នកស្រុកនៅទីក្រុង អូហ្ស៊ុយឡួម៉ា ក្នុងរដ្ឋវេរ៉ាគ្រូស របស់ម៉ិកស៊ិចបានឮសំឡេងស្រែកយំចេញពីកន្ទុយរថយន្តទ្រុងធំប៉ុនកុងតឺន័រកាលពីថ្ងៃ២៧មិថុនា។យោធានិងប៉ូលិសមូលដ្ឋានត្រូវបានជូនដំណឹងប្រាប់ និងគេបានបើកទ្វារទ្រុងរថយន្តហើយបានឃើញមនុស្សជាង១០០នាក់ បន្ទាប់ពីរថយន្តបានឈប់នៅជិតស្ថានីយប៉ូលិសមួយអស់ពេលជាង៣ម៉ោង។ អាជ្ញាធរម៉ិកស៊ិកបានផ្តល់សេវាវេជ្ជសាស្ត្រដល់ជនចំណាកស្រុកទាំង១៣៤នាក់ រួមមានកូនក្មេង៧១នាក់ ដែលបង្ហាញការខ្សោះជាតិទឹកនិងរបួសតិចតួច។ ជនអន្តោប្រវេសន៍គ្មានអាវត្រូវបានគេឃើញជួយគ្នាលោតចេញពីរថយន្ត។យោងតាមសារព័ត៌មាន ពួកគេបានព្យាយាមទម្លុះទ្វារចេញពីខាងក្នុងតែមិនបានសម្រេច។

បើតាមប៉ូលិស ជនអន្តោប្រវេសន៍គ្មានឯកសារទាំងនេះមកពីប្រទេសអែលសាល់វ៉ាឌ័រ ហុងឌុយរ៉ាស និងហ្កាតេម៉ាឡា។ គោលដៅរបស់គេគឺសហរដ្ឋអាម៉េរិក តែអ្នកបើករថយន្តបានទុកពួកគេចោល។ កាលពីខែមុន ជនក្វាតេម៉ាឡា១៤២នាក់ ក៏ត្រូវបានសង្គ្រោះក្រោយពីពួកគេត្រូវបានទុកចោលក្នុងរថយន្តធំមួយនៅក្នុងទីក្រុងដដែល។

សូមបញ្ជាក់ថា ម៉ិកស៊ិកក្លាយជាចំណុចឆ្លងកាត់សម្រាប់ក្រុមជនអន្តោប្រវេសន៍អាម៉េរិកកណ្តាលដែលព្យាយាម រកការជ្រកកោននៅអាម៉េរិក ។ ឥឡូវ រដ្ឋាភិបាលម៉ិកស៊ិកត្រូវអាម៉េរិកតម្រូវឲ្យបង្ក្រាបលំហូរជនអន្តោប្រវេសន៍មកពីអាម៉េរិកកណ្តាល និងអាហ្វ្រិក ព្រមទាំងប្រទេសហៃទី បើខ្លួនមិនចង់រងទណ្ឌកម្មពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទេ។ ម៉ិកស៊ិកបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានបញ្ជូនទាហាន ១៥.០០០ បន្ថែមទៅការពារព្រំដែនប្រវែងជាង៣០០០គីឡូម៉ែត្ររបស់ខ្លួនជាមួយអាម៉េរិកដើម្បីបញ្ឈប់ការហូរចូលជនអន្តោប្រវេសន៍៕ ដោយ៖វាសនា/Ha

website_news/2019050704.txt · Last modified: 2019/07/05 15:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki