website_news:2019050901

លោក មហាធៀ សន្យាមើលថែការពារពលករកម្ពុជាដែលធ្វើការនៅម៉ាឡេស៊ី

https://cambonomist.com/ 04-09-2019 ដោយ ជ័យ ជំនះ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ នៅថ្ងៃអង្គារ ទី៣ ខែកញ្ញា បានសន្យាថា អាជ្ញាធរប្រទេសរបស់លោកនឹងមើលថែរក្សាការពារជនជាតិកម្ពុជា ដែលកំពុងធ្វើការនៅទីនោះឲ្យបានល្អ តាមការស្នើសុំរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ អញ្ជើញមកទស្សនកិច្ច ៣ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ កញ្ញា ២០១៩។

លោក មហាធៀ ដែលមានអាយុ ៩៤ឆ្នាំនោះ មកបំពេញទស្សនកិច្ចផ្លូវការ៣ថ្ងៃ នៅកម្ពុជា ដែលបានចាប់ផ្តើមតាំងពីថ្ងៃចន្ទ ទី២ ខែកញ្ញាមក។ ថ្លែងបន្ទាប់ពីធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សរណៈយោគយល់គ្នាជាមួយសម្តេច ហ៊ុន សែន នៅវិមានសន្តិភាពរួចមក, លោក មហាធៀ បានអះអាងថា ម៉ាឡេស៊ីនឹងការពារ និងយកចិត្តទុកដាក់លើកម្មករកម្ពុជា។ លោក មហាធៀ បានមានប្រសាសន៍ដូច្នេះថា ៖ «យើងមានប្រជាជនកម្ពុជាមួយចំនួនកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយយើងមើលថែរក្សាសុខុមាលភាពរបស់ពួកគាត់ ដូច្នេះពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ពេញលេញពីការងារដែលពួកគាត់ធ្វើនៅប្រទេសម៉ាឡេស៊ី។» លោក មហាធៀ បានបន្តថា «ទាក់ទងនឹងពលករកម្ពុជា យើងសង្ឃឹមថា នឹងអាចមើលថែរក្សាសុខុមាលភាពរបស់ពួកគាត់ ខណៈដែលពួកគាត់កំពុងស្ថិតនៅប្រទេសម៉ាឡេស៊ី។

នៅថ្ងៃអង្គារ ទី៣ ខែកញ្ញា មន្រ្តីកម្ពុជានិងម៉ាឡេស៊ី ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ពន្ធទ្វេដងពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនិងការទប់ស្កាត់ការគេចពន្ធ ផងដែរ។ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ក៏ត្រូវបានចុះហត្ថលេខារវាងក្រសួងទេសចរណ៍កម្ពុជានិងក្រសួងការបរទេសម៉ាឡេស៊ី ផងដែរ។ បន្ទាប់ពីពិធីចុះហត្ថលេខាហើយ លោក មហាធៀ ក៏បានសន្យាថា នឹងកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយកម្ពុជាផងដែរ ដោយមានគោលបំណងពិនិត្យមើលលទ្ធភាពនៃការនាំចូលអង្ករនិងផ្លែឈើឱ្យបានច្រើនបន្ថែមទៀត ចូលទីផ្សារម៉ាឡេស៊ី។

សម្តេច ហ៊ុន សែន បាននិយាយថា ពាណិជ្ជកម្មទ្វេភាគីជាមួយម៉ាឡេស៊ី មានចំនួនទឹកប្រាក់ប្រមាណជា ៥០០លានដុល្លារ ក្នុងឆ្នាំ២០១៨ ហើយក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មបានកើនឡើងដល់ ជាង ៤០០លានដុល្លារ៕

website_news/2019050901.txt · Last modified: 2019/09/05 14:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki