website_news:2019050902

កម្ពុជា-ម៉ាឡេស៊ី សម្រេចរួមគ្នាថា ត្រូវពង្រឹងវិស័យសន្តិសុខ

https://thmeythmey.com/ 03, Sep 2019 , 8:19 pm ដោយ: ថ្មីៗ

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បណ្ឌិត មហាធៀ មហាម៉ាត់ ទទួលស្គាល់ថា គម្រោងគំរាមកំហែងផ្នែកភេរវកម្មនិងភាពជ្រុលនិយមនៅទូទាំងពិភពលោក មានការកើនឡើង។ បញ្ហាភេរវកម្មនេះ គឺជាចំណុចមួយ ដែលមានសរសេរក្នុងសេចក្តីថ្លែងការណ៍រួម ក្រោយពីនាយករដ្ឋមន្ត្រីទាំងពីរ បានជួបគ្នា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩។

បើតាមសេចក្តីថ្លែងការណ៍ សម្តេច ហ៊ុន សែន និង បណ្ឌិត មហាធៀ យល់ស្របជាមួយគ្នាថា «ការសម្របសម្រួលលើវិស័យសន្តិសុខ ចាំបាច់ត្រូវបង្កើនឲ្យកាន់តែប្រសើររវាងប្រទេសទាំងពីរ»។ សេចក្តីថ្លែងការណ៍ សរសេរដូច្នេះថា៖«ថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់អំពីសារសំខាន់ នៃកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ ជាពិសេសដើម្បីរក្សាសន្តិភាព ស្ថិរភាព និងដើម្បីទប់ស្កាត់បញ្ហាប្រឈមអសន្តិសុខ និងការគំរាមកំហែងក្នុងតំបន់» ។

ក្រៅពីការពង្រឹងសន្តិសុខ សេចក្តីថ្លែការណ៍ ក៏បានសរសេរដែរថា ប្រទេសទាំងពីរ បន្តពង្រឹងលើវិស័យផ្សេងៗទៀត ដូចជា ធុរកិច្ច ទេសចរណ៍ និង ការចំណាកស្រុក ជាដើម។ ដំណើរទស្សនិច្ចរបស់ បណ្ឌិត មហាធៀ នឹងត្រូវបញ្ចប់នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩៕

website_news/2019050902.txt · Last modified: 2019/09/05 14:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki