website_news:2019050904

កម្ពុជា-អារ៉ាប៊ីសាអូឌីត នៅតែបន្តគិតគូរលើការបណ្តុះបណ្តាល និងបញ្ជូនពលករ

http://bayontv.com.kh/ 05/09/2019

ភ្នំពេញ ៖ ផ្អែកតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារួមគ្នាកាលពី ឆ្នាំ២០១៦ គ្រាដែលរដ្ឋមន្រ្តីក្រសួងការងារបំពេញទស្សនកិច្ច នៅប្រទេសអារ៉ាប៊ីសាអូឌីត លើការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបម្រើការងារនៅទីនោះមក នៅព្រឹកថ្ងៃទី៥ កញ្ញា ឆ្នាំ២០១៩នេះ ក៏មានជំនួបពិភាក្សាលើបញ្ហានេះ ដើម្បីបន្តរៀបចំបណ្តុះបណ្តាល និងការបញ្ជូននេះ។

ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបការងារជាមួយ ឯកឧត្តម សាអ៊ូឌ ហ្វៃសល មហាម៉ាត់ អាល់ស៊ូវៃឡិម(Saud F.M.AL Suwelim) ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅវៀតណាម នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រោយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចមក ភាគីទាំងពីរ បានអនុវត្តន៍លើផ្នែកបច្ចេកទេស ដោយសម្របសម្រួល និងបំពេញបែបបទនីតិវិធី សម្រាប់ការបណ្តុះបណ្តាលលើការបញ្ជូន ដែលរហូតមកដល់ពេលនេះ យើងមានទីភ្នាក់ងារស្របច្បាប់ចំនួន៤០ ដោយសហការការងារជាមួយគ្នាបានយ៉ាងល្អ។ យ៉ាងណាក៏ដោយ ពលករកម្ពុជា បម្រើការងារនៅទីនោះ មានចំនួនតិចតួចនៅឡើយ ខណៈដែលពលករបរទេសកំពុងបម្រើការងារនៅអារ៉ាប៊ីសាអូឌីត មានរហូតដល់ជិត ១៥លាននាក់។ ក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីការងារ បានជម្រាបជូនឯកអគ្គរាជទូត អំពីលទ្ធភាពនៃការទាក់ទាញទីផ្សារការងារ គឺផ្តោតលើបញ្ហាប្រាក់ឈ្នួលដែលកន្លងមកប្រទេសមួយចំនួនបានទទួលពលករពីកម្ពុជា ទៅបម្រើការងារក្នុងតម្លៃដ៏សមរម្យមួយ ដូចជាប្រទេសកូរ៉េ និងជប៉ុនជាដើម។

សូមបញ្ជាក់ផងដែរថា ទីផ្សារការងារសំខាន់ៗនៅប្រទេស អារ៉ាប៊ីសាអូឌីត មានដូចជា ឧស្សាហកម្ម សំណង់ និងការងារតាមផ្ទះដែលមានប្រាក់ឈ្នួលចន្លោះពី ៣០០ ដល់ ៥០០ដុល្លារ៕

website_news/2019050904.txt · Last modified: 2019/09/05 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki