website_news:2019050906

ជនរងគ្រោះដោយសារការជួញដូរមនុស្សនៅនីហ្សេរីយ៉ាកសាងជីវិតថ្មីឡើងវិញ

https://khmer.voanews.com/ 04 កញ្ញា 2019

អាប៊ូហ្សា៖ ទីភ្នាក់ងារប្រឆាំងការជួញដូរមនុស្សរបស់ប្រទេសនីហ្សេរីយ៉ាកំពុងធ្វើមាតុភូមិនិវត្តន៍ និងការតាំងទីលំនៅឡើងវិញចំពោះស្ត្រីដែលរងគ្រោះដោយសារពលកម្មដោយបង្ខំ និងអំពើពេស្យាចារ ក្រោយពីត្រូវបានគេជួញដូរទៅកាន់ទ្វីបអឺរ៉ុប ដោយការសន្យាបោកប្រាស់ថានឹងផ្ដល់ការងារប្រាក់ខែល្អឲ្យធ្វើ។ ស្ត្រីនីហ្សេរីយ៉ារាប់ពាន់នាក់ត្រូវបានគេជួញដូរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទោះបីជាអ្នកខ្លះមានសំណាងអាចត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញក៏ដោយ។ សម្រាប់នាង Beatrice អាយុ ៣៥ ឆ្នាំ វាគឺជាការផ្ដល់ឲ្យដ៏ល្អមួយដែលនាងមិនអាចមិនទទួលយកមិនបាន ដែលនោះគឺការធ្វើការនៅឯកសិដ្ឋានដ៏ធំមួយនៅប្រទេសអ៊ីតាលី ដែលពួកអ្នកជួញដូរមនុស្សបានប្រាប់នាងកាលពីឆ្នាំ ២០១៣។ នាងយល់ព្រមទទួលយកការផ្ដល់ឲ្យដែលជាអន្ទាក់នេះ ដោយគិតថា នាងអាចជួយឪពុកម្ដាយរបស់នាងឲ្យរួចផុតពីភាពក្រីក្របាន ដោយការធ្វើការនៅឯបរទេស។ ប៉ុន្តែផ្ទុយទៅវិញ បន្ទាប់ពីត្រូវបានគេជួញដូរទៅដល់ប្រទេសអ៊ីតាលីក្រោមស្ថានភាពធ្វើដំណើរយ៉ាងលំបាកលំបិនមក នាងត្រូវបានគេបង្ខំឲ្យធ្វើជាស្ត្រីរកស៊ីផ្លូវភេទដើម្បីរកប្រាក់ឲ្យពួកអ្នកដែលជួញដូរនាង។ នាង Beatrice និយាយដូច្នេះថា៖ «មិត្តភ័ក្ដិរបស់ខ្ញុំម្នាក់បានណែនាំខ្ញុំដោយនិយាយថា សូមមើលកន្លែងនេះចុះ អ្នកនឹងធ្វើការនៅឯកសិដ្ឋាននៅទីនោះ។ គាត់មិនបានប្រាប់ខ្ញុំថា ខ្ញុំនឹងធ្វើជាស្ត្រីរកស៊ីផ្លូវភេទនោះទេ។ ដូច្នេះ ខ្ញុំបាននិយាយថា ខ្ញុំចង់ធ្វើការនៅឯកសិដ្ឋាននោះ។ នៅទីបំផុត យើងបានធ្វើដំណើរឆ្លងកាត់ប្រទេសលីប៊ី ដោយជិះតាមនាវា។ មនុស្សជាច្រើននាក់បានស្លាប់‍»។ នាង Beatrice នៅទីនោះរយៈពេល ៤ ឆ្នាំ។ នាងមកពីរដ្ឋ Edo នៅភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា។ រដ្ឋនេះត្រូវគេដឹងថាជារដ្ឋដែលមានស្ត្រីជាច្រើនត្រូវបានគេជួញដូរ។

ស្ត្រីជាង ១ ម៉ឺន ១ ពាន់នាក់នៃក្រុមស្ត្រីដែលត្រូវគេជួញដូរនេះ ត្រូវគេប៉ាន់ប្រមាណថា កំពុងធ្វើការជាទាសករផ្លូវភេទនៅក្នុងប្រទេសអ៊ីតាលី។ នាង Beatrice និយាយថា ការឈឺចាប់របស់នាងគឺមិនអាចទ្រាំបាននោះទេ។ នាងបញ្ជាក់ដូច្នេះថា៖ «ប្រសិនបើអ្នករកលុយមិនបានទេ ពួកគេនឹងវាយដំអ្នក ឬក៏ធ្វើបាបតាមវិធីផ្សេងៗ។ ពួកគេនឹងញីម្ទេសស្រស់ៗលើភ្នែករបស់អ្នក។ ពួកគេឲ្យយើងដាក់ម្ទេសនោះចូលក្នុងប្រដាប់ភេទរបស់យើង។ ទោះបីជាអ្នកមករដូវក៏ដោយ ក៏អ្នកត្រូវតែចេញទៅធ្វើជាអ្នករកស៊ីផ្លូវភេទដែរ‍»។

អង្គការសហប្រជាជាតិបានបញ្ជាក់ថា ស្ត្រីមានចំនួនជាងពាក់កណ្ដាលនៃមនុស្សរាប់ពាន់នាក់ ដែលត្រូវបានគេជួញដូរពីទ្វីបអាហ្វ្រិកទៅកាន់ទ្វីបអឺរ៉ុបជារៀងរាល់ឆ្នាំ។ ប៉ុន្តែ បុរសនីហ្សេរីយ៉ាក៏ជាជនរងគ្រោះនៃការជួញដូរមនុស្ស និងពលកម្មដោយបង្ខំផងដែរ។ លោក Chukwuemeka Asiegbu អាយុ ៤៥ ឆ្នាំ បានចំណាយពេល ៦ ឆ្នាំ នៅប្រទេសលីប៊ី និងបានរត់គេចប៊ិះនឹងអស់ជីវិត។ បន្ទាប់ពីលោកបានត្រឡប់ទៅដល់ប្រទេសនីហ្សេរីយ៉ាវិញ លោកបានចាប់ផ្ដើមបង្កើតក្រុមតស៊ូមតិមួយដើម្បីសិទ្ធិរបស់ជនរងគ្រោះដោយសារការជួញដូរ។ លោក Chukwuemeka Asiegbu និយាយដូច្នេះថា៖ «អ្នកជួញដូរមនុស្សធ្វើអ្វីដើម្បីបំពេញតម្រូវការខ្លួនឯង។ តើវាមិនប៉ះពាល់ដល់អ្នកដទៃមែនទេ? តាមពិត យើងរកឃើញថា ការជួញដូរមនុស្សគឺប៉ះពាល់ដល់អ្នកដទៃ។ វាជារោគរាតត្បាត។ វាជាមហន្តរាយ ដោយសារតែអ្នកជួញដូរមនុស្សបំពេញតម្រូវការខ្លួនឯង ទោះបីជាធ្វើឲ្យខូចប្រយោជន៍ដល់ជីវិតរស់នៅរបស់អ្នកដទៃក៏ដោយ‍»។

ទីភ្នាក់ងារប្រឆាំងការជួញដូរមនុស្សរបស់ប្រទេសនីហ្សេរីយ៉ា ដែលហៅកាត់ថា NAPTIP ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៣ ដើម្បីដោះស្រាយបញ្ហាជួញដូរមនុស្សនេះ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ទីភ្នាក់ងារនេះសម្រេចបានកិច្ចការមួយចំនួននៅក្នុងការធ្វើមាតុភូមិនិវត្តន៍ និងការតាំងទីលំនៅឡើងវិញដល់ជនរងគ្រោះ។ នេះបើតាមការបញ្ជាក់របស់លោក Arinze Orakwe ប្រធានផ្នែកអប់រំសាធារណៈនៃទីភ្នាក់ងារប្រឆាំងការជួញដូរមនុស្សរបស់ប្រទេសនីហ្សេរីយ៉ា។ លោកបញ្ជាក់ដូច្នេះថា៖ «ការជួញដូរមនុស្សជាអំពើឧក្រិដ្ឋដែលធ្វើឲ្យប្រទេសនីហ្សេរីយ៉ាមានកេរ្តិ៍ឈ្មោះមិនល្អ។ វាជាអំពើឧក្រិដ្ឋដែលពួកយើងគ្មានមោទនភាពជាមួយនោះទេ។ រដ្ឋាភិបាលគិតថា រឿងរ៉ាវនៃការជួញដូរមនុស្សនេះគឺជារឿងសំខាន់ ដែលយើងត្រូវតែរកដំណោះស្រាយចំពោះរឿងនេះ‍»។ ដោយមានជំនួយពីទីភ្នាក់ងារប្រឆាំងការជួញដូរមនុស្ស ជនរងគ្រោះដូចជានាង Beatrice ជាដើម កំពុងចាប់ផ្ដើមជីវិតជាថ្មីឡើងវិញ បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សេងៗ។ ឥឡូវនេះ នាង Beatrice មានហាងលក់ម្ហូបអាហារផ្ទាល់ខ្លួននៅឯស្រុកកំណើតរបស់នាង៕ ប្រែសម្រួលដោយ ភី សុភាដា

website_news/2019050906.txt · Last modified: 2019/09/05 14:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki