website_news:2019051103

ជីវិតកម្មករចំការកៅស៊ូរកចំណូលបានត្រឹមមួយរស់ ព្រោះខ្វះជំនាញ និងកម្រិតវប្បធម៌មានកម្រិត

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ០៧:៤០ សុវណ្ណ ណែត

រតនគីរី ៖ ដោយសារតែខ្វះជំនាញនិងកម្រិតវប្បធម៌រៀនសូត្របានតិចតួច ប្រជាពលរដ្ឋមួយចំនួនបានបង្ខំចិត្តចាកចេញពីស្រុកកំណើតទៅធ្វើការនៅតាមបណ្តាខេត្តឆ្ងាយៗ ហើយមានអ្នកខ្លះក៏បានចំណាកស្រុកទៅកាន់ប្រទេសជិតខាង ជាពិសេសប្រទេសថៃ ដែលរង់ចាំទទួលយកពលករដែលប្រើកំលាំងកាយជាជាងជំនាញ ។ មិនខុសគ្នាដែរ នៅតាមជាយដែននៃប្រទេសកម្ពុជា ជាពិសេសបណ្តាខេត្តដែលមានសក្ដានុពលសម្រាប់ដំណាំកៅស៊ូ ក៏ទទួលយកកម្មករពីខេត្តផ្សេងៗច្រើនផងដែរ ដើម្បីបម្រើការងារនៅក្នុងចំការកៅស៊ូ ក៏ប៉ុន្តែការងារនេះមិនទទួលបានប្រាក់ចំណូលច្រើនប៉ុន្មានទេ ពោលគឺបានត្រឹមតែមួយរស់ប៉ុណ្ណោះ មិនមានអ្វីសល់ជាដុំកំភួនឡើយ ។

លោក វេង រឹទ្ធ ជាកម្មករចំការកៅស៊ូមួយកន្លែងនៅស្រុកបរកែវ នៃទឹកដីខេត្តរតនគីរី និងជាអ្នកចំណាកស្រុកពីខេត្តព្រៃវែង បានអោយដឹងថាលោកធ្វើការនៅក្នុងចំការកៅស៊ូក្នុងស្រុកបរកែវ បានរយៈពេល៤ទៅ៥ឆ្នាំមកហើយ ដោយទទួលបានចំណូលត្រឹមតែមួយរស់ប៉ុណ្ណោះ មិនមានអ្វីសេសសល់ច្រើននោះទេ ។ ប៉ុន្តែសម្រាប់ការងារវិញ ក៏មិនពិបាកណាស់ណានោះទេ តែមិនមានជម្រើសសម្រាប់លោកក្នុងការប្រកបរបរក្រៅពីកម្មករចំការកៅស៊ូ ដោយសារតែលោកមិនមានជំនាញអ្វីនៅក្នុងខ្លួន ។ កម្មករចំការកៅស៊ួបានពោលបន្តទាំងទឹកមុខស្រពោនថា ក្នុងមួយថ្ងៃលោកក៏ដូចជាកម្មករផ្សេងទៀត ត្រូវធ្វើការចាក់ជ័រកៅស៊ូនិងប្រមូលជ័រកៅស៊ូទុកមួយកន្លែង ដើម្បីអោយឡានដែលប្រមូលទិញមកដឹកទៅកែច្នៃនៅរោងចក្រ ហើយប្រាក់កម្រៃដែលលោកទទួលបាន គឺបានតែ៦៥ម៉ឺនរៀលប៉ុណ្ណោះ ក្នុងមួយខែ ដូច្នេះបើប្រៀបធៀបនឹងការងារនៅទីក្រុងគឺមានគំលាតខុសគ្នាឆ្ងាយ ។ លោកបានថា «ខ្ញុំនឹងភរិយាធ្វើការក្នុងចំការកៅស៊ូទាំងពីរនាក់តាំងពីជាង៤ឆ្នាំមុន ដោយទាំងពីរនាក់អាចបានប្រាក់ខែប្រមាណជាង ១លានរៀល ហើយប្រាក់ខែនេះ បើយកមកទូទាត់ការចំណាយប្រចាំថ្ងៃវិញទៅ មិនជាសល់ប៉ុន្មានទេ ដោយមានកូនក្នុងបន្ទុកចំនួន២នាក់ផងដែរ តែពួកគេនៅតូចៗមិនទាន់ចូលរៀនទៀត បើសិនជាពួកគេចូលរៀនទៀតនោះ ការចំនាយកាន់តែខ្ពស់ទៀតហើយ » ។

website_news/2019051103.txt · Last modified: 2019/11/05 13:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki