website_news:2019051107

រាជបណ្ឌិត្យសភាកម្ពុជា បើកសិក្ខាសាលាស្តីពី «លំហូរពលករទេសន្តរប្រវេសន៍កម្ពុជា ផលប្រយោជន៍ និងបញ្ហាប្រឈម»

http://www.freshnewsasia.com/ 2019-11-05

(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា ដែលរៀបចំដោយវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្រ្តសង្គមនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកសិក្ខាសាលា «លំហូរពលករទេសន្តរប្រវេសន៍កម្ពុជា ដោយផ្តោតលើផលប្រយោជន៍ និងបញ្ហាប្រឈម» ក្រោមការឧបត្ថម្ភថវិកា ពីរាជរដ្ឋាភិបាលកម្ពុជា។

សិក្ខាសាលានេះបានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា តំណាងលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី វាគ្មិន សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវមួយចំនួន។ បើតាមលោកបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ បានថ្លែងថា ស្របពេលដែលប្រទេសកម្ពុជាបាននឹងកំពុងធ្វើសមាហរណកម្មទៅក្នុងតំបន់ និងក្នុងពិភពលោក ការកើនឡើងនៃសេចក្តីត្រូវការនូវប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ ជីវភាពគ្រួសារឱ្យបានកាន់តែល្អប្រសើរ បានជំរុញឱ្យពលករខ្មែរ ធ្វើចំណាកស្រុកទៅស្វែងរកការងារនៅក្រៅប្រទេស តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។ លោកបានឱ្យដឹងថា ការធ្វើចំណាកស្រុកទៅក្រៅប្រទេសដើម្បីការងារគឺជាការចូលរួមចំណែក មួយក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងនាំមកនូវសាច់ប្រាក់ចាក់បញ្ចូល ក្នុងចរន្តសេដ្ឋកិច្ចជាតិក៏ពិតមែន តែរាជរដ្ឋាភិបាលបានចាត់ទុកការធ្វើចំណាកស្រុកជាជម្រើសចុងក្រោយ និងគ្រាន់តែជាដំណាក់កាលបណ្តោះអាសន្នតែប៉ុណ្ណោះ។ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ បានបន្តថា រាជរដ្ឋាភិបាលបានអនុញ្ញាត ឱ្យបញ្ជូនពលករទៅបម្រើការងារ នៅក្រៅប្រទេសដោយផ្អែក លើបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិដូចជា៖ ធម្មនុញ្ញអង្គការអន្តរជាតិស្តីពី សន្តរប្រវេសន៍ ដែលក្នុងនោះប្រទេសកម្ពុជា បានអនុម័តយល់ព្រម ការធ្វើទេសន្តរប្រវេសន៍ ដោយមានសុវត្ថិភាព របៀបរៀបរយ និងស្របច្បាប់ ដើម្បីហានិភ័យរបស់ពលករ ពីការកេងប្រវ័ញ្ច ការរំលោភបំពាន ការរត់ពន្ធជនទេសន្តរប្រវេសន៍ និងរាល់ទម្រង់នៃអំពើជួញដូរមនុស្ស ការរក្សានូវតុល្យភាព នៃកម្លាំងពលកម្មក្នុងស្រុក ដែលជាសេចក្តីត្រូវការ សម្រាប់ការអភិវឌ្ឍ របស់ប្រទេសជាតិ សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍។

តាមរយៈខិតខំជួយពលករ ដែលធ្វើការនៅបរទេស ដើម្បីធានាបាននូវផលប្រយោជន៍ស្របច្បាប់ និងជួយផ្តល់ភាពស្របច្បាប់ដល់ពលករ សហការជាមួយ ប្រទេសជាដៃគូ ទទួលស្គាល់ពលករដែលមានជំនាញទៅវិញទៅមក ជាមួយកម្ពុជា សហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យរបបសន្តិសុខសង្គម ដោយធានា ចំពោះពលករស្របច្បាប់ នៅគ្រប់ប្រទេសនៅពេលមានគ្រោះថ្នាក់ដល់ ជីវិតឱ្យទទួលបានសំណងតាមច្បាប់។

បើយោងតាមរបាយការណ៍របស់ក្រសួងការបរទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងទិសដៅការងារ ឆ្នាំ២០១៩ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរចេញទៅធ្វើការងារនៅក្រៅប្រទេសមានចំនួន ១,២៣៤,១១១ (ស្រី៤៩៩,០៧០នាក់) រួមមាន៖ប្រទេសថៃ មានចំនួន១,១៤៦,៦៨៥នាក់, ប្រទេសកូរ៉េខាងត្បូង មានចំនួន៤៩,០៩៩នាក់, ប្រទេសជប៉ុន មានចំនួន៩,១០០នាក់, ប្រទេសម៉ាឡេស៊ី មានចំនួន៣០,១១៣នាក់, ប្រទេសសិង្ហបុរី មានចំនួន៨៣១នាក់, តំបន់រដ្ឋបាលពិសេសហុងកុង មានចំនួន៥៤នាក់ និងប្រទេសអារ៉ាប់ប៊ីសាអូឌីត មានចំនួន១៦នាក។

ជាមួយគ្នានេះដែរ ពលករដែលបានត្រឡប់មកប្រទេសវិញ ចម្លោះ ឆ្នាំ២០១៤-២០១៨ មានចំនួន២៧១,៦១២នាក់ គឺប្រមាណ២២ភាគរយ នៃចំនួនពលករ ដែលកំពុងស្នាកនៅ និងធ្វើការនៅបរទេសគិតមកដល់ឆ្នាំ២០១៨។ ក្នុងនោះចំណោមពលករដែលបានត្រឡប់មកប្រទេសវិញ រួមមាន៖

* ជប៉ុន ចំនួន១,៨៨២នាក់ ស្មើនឹង ០,១៥ភាគរយ

* កូរ៉េ ចំនួន ១៣,១០២នាក់ ស្មើនឹង ១,០៦ភាគរយ

* ម៉ាឡេស៊ី ចំនួន ១៦,៥០៨នាក់ ស្មើនឹង ១,៣៤ភាគរយ

* ប្រទេសថៃ ចំនួន ២៤០,០១៤នាក់ ស្មើនឹង១៩,៤៤ភាគរយ៕

website_news/2019051107.txt · Last modified: 2019/11/05 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki