website_news:2019060301

នាយករដ្ឋមន្រ្តី ផ្ដល់អនុសាសន៍ ៥ចំណុច ដើម្បីលើកស្ទួយតួនាទីស្ត្រី

https://www.dap-news.com/ ByID:114 Posted on 05 March 2019 | 13:12

ភ្នំពេញ ៖ ដើម្បីលើកស្ទួយនូវតួនាទីស្ត្រី ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ដល់ជាអនុសាសន៍ចំនួន ៥ចំណុចសំខាន់ៗ ដើម្បីឲ្យភាគីពាក់ព័ន្ធយកទៅអនុវត្តន៍។ ក្នុង ឱកាសអញ្ជើញ ជាអធិបតីភាពអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោបានលើកឡើថា ” ដើម្បីលើកស្ទួយនូវតួនាទីស្ត្រី ដែលជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងសង្គមជាតិ ក្នុងកិច្ចគាំពារសង្គម ឲ្យមានប្រសិទ្ធភាពនោះ សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងជនរួមជាតិទាំងអស់អនុវត្ត នូវចំណុចសំខាន់ៗចំនួន៥ចំណុច”។

អនុសាសន៍ទាំង៥នោះរួមមាន៖

ទី១) ត្រូវរួមគ្នាយកចិត្តទុកដាក់ តាមរយៈការផ្តល់អាទិភាព ចំពោះការបង្កើនចំនួនស្ត្រី ដែលមានតួនាទីជាថ្នាក់ដឹកនាំ នៅតាមវិស័យផ្សេងៗ និងគ្រប់កម្រិត ព្រមទាំង តាមដានសមត្ថភាព ដែលមានជំនាញហើយ ត្រូវជួយដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមាននៅក្នុងឱកាស បំពេញការងារតាមតួនាទីរបស់ពួកគាត់។

ទី២) ត្រូវរួមគ្នាពង្រឹងការអនុវត្តច្បាប់ និងត្រូវពន្លឿនដំណើរការកាត់ក្តីស្រី្ត ដែលជាប់ទោសឲ្យទាន់ពេលវេលា ហើយត្រូវសហការគ្នា បង្កើតឲ្យមានមូលដ្ឋានស្ថិតិរួម មកជាផ្លូវការមួយ ដែលអាចតាមដានស្ថានភាពពួកគាត់។

ទី៣) ក្រសួងអប់រំ ត្រូវធ្វើការណែនាំ គ្រប់ក្រសួងស្ថាប័នអនុវត្តវិន័យ ផ្ដល់ឱកាសដល់ក្មេងស្រី នៅគ្រប់កំរិត ដើម្បីបានសិក្សាមុខវិជ្ជា ជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាជាដើម។

ទី៤) ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងក្រសួងវប្បធម៌ ត្រូវគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធ Internet នៅទូទាំងប្រទេសឲ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បញ្ហាជាច្រើន ដែលពាក់ព័ន្ធទៅ អំពើហិង្សា ការកេងប្រវ័ញ្ញលើស្ត្រី និងក្មេងស្រីតាមប្រព័ន្ធ Internet និងបណ្ដាញផ្សព្វផ្សាយជាច្រើន ដែលធ្វើឲ្យបាត់សណ្ដាប់ធ្នាប់សង្គម។

និងទី៥) ក្រសួងវប្បធម៌ ក្រសួងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយទាំងអស់ ត្រូវបន្តពង្រឹង និងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការបង្កើតកម្មវិធីអប់រំ ដែលបង្ហាញអំពីអត្តសញ្ញាណស្ត្រីខ្មែរ ជាពិសេសតាមរយៈ ការស្លៀកពាក់ ប្រកបដោយភាពថ្លៃថ្នូរ និងមានលក្ខណៈជាស្ត្រីខ្មែរ៕ ដោយ៖ បាន ធារ៉ូ

website_news/2019060301.txt · Last modified: 2019/03/06 14:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki