website_news:2019060304

ប្តី-ប្រពន្ធ២នាក់ ដែលជាមេការហាងកាត់សក់យីហោ «លីណា»បង្កប់សេវាផ្លូវភេទ ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់គុកព្រៃស

http://nokorwatnews.com/ 05-03-2019

ភ្នំពេញ៖ កាលពីរសៀលថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ លោក ឡុង វណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន ជនត្រូវចោទ២នាក់ប្តី-ប្រពន្ធ ដែលជាមេការហាងកាត់សក់យីហោ «លីណា» លួចបង្កប់សេវាផ្លូវភេទ ជាបណ្តោះអាសន្ននៅគុកព្រៃស ។

យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនត្រូវចោទទាំង២នាក់នោះទី១ ឈ្មោះ លឹម ជីណាម អាយុ៣៧ឆ្នាំ ជាប្រពន្ធ និងទី២ឈ្មោះ មិត្ត ចិន្ថា ហៅច័ន្ទ អាយុ៣៧ឆ្នាំ ជាប្តី ត្រូវបានតុលាការសម្រេចឃុំខ្លួនក្រោមបទចោទ «សញ្ចារកម្ម» យោងតាមមាត្រា ២៦ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនត្រូវចោទទាំង២នាក់ខាងលើនេះ ស្ថិតនៅចំណុចហាងកាត់សក់យីហោ «លីណា» មានទីតាំងផ្ទះលេខ៨៤ ផ្លូវ៦៣ ភូមិ១១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ សមត្ថកិច្ចបានជួយសង្គ្រោះ នារីរងគ្រោះចំនួន០៧នាក់ ។

បច្ចុប្បន្នជនត្រូវចោទទាំង២នាក់ ត្រូវកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅគុកព្រៃស រង់ចាំបន្តនីតិវិធីនាពេលក្រោយ ៕ស តារា

website_news/2019060304.txt · Last modified: 2019/03/06 14:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki