website_news:2019060505

អ្នកទោស៣នាក់ត្រូវបានអាជ្ញាធរថៃដោះលែង

https://kohsantepheapdaily.com.kh/article/ ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៧:១៤ ឱម សារឿន

ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជ្ញាធរថៃបានធ្វើការដោះលែងអ្នកទោសខ្មែរចំនួន៣នាក់ឱ្យមានសេរីភាព និងបញ្ជូនមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជាតាមមាត់ច្រកទ្វារអន្តរជាតិជាំ កាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី៤ ឧសភា ២០១៩ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ពលរដ្ឋខ្មែរទាំង៣នាក់ខាងលើដែលក្រុមអាជ្ញាធរថៃដោះលែងរួមមាន៖

១-ឈ្មោះចាន់ ឃៀ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ១០៥ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី៨ ឧសភា ២០១៧ ជាប់ចោទពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់។

២-ឈ្មោះវន រ័ត្ននី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិចារ ឃុំកន្ទួត ស្រកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវអាជ្ញាធរថៃចាប់ខ្លួនថ្ងៃទី៨ មីនា ២០១៩ ជាប់ចោទពីបទឆ្លងដែនកាប់ឈើគ្រញួងខុសច្បាប់។

៣- ឈ្មោះហ៊ីង ម៉ៅ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិតេជោបុស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវអាជ្ញាធរថៃចាប់ខ្លួនថ្ងៃទី៤ កុម្ភៈ ២០១៩ ជាប់ចោទពីបទឆ្លងដែនដើរដាក់អន្ទាក់សត្វព្រៃ ។

អ្នកទាំង៣នាក់បានជាប់គុកនៅខេត្តស៊ីសាកេត ប្រទេសថៃ ដោយចូលតាមច្រកអូរស្វាយ ភូមិសាស្ត្រខ្មែរភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទល់មុខភូមិសាស្ត្រថៃភូមិឃុំស្ទឹងចាន់ ស្រុកឃុនហាន ខេត្តស៊ីសាកេត។ តាមប្រភពពីមន្ត្រីដែលបម្រើការនៅមាត់ច្រកទ្វារអន្តរជាតិជាំបានឱ្យដឹងថា អ្នកទោសខ្មែរទាំង៣នាក់ដែលក្រុមអាជ្ញាធរថៃធ្វើការដោះលែង ហើយបាននាំខ្លួនយកមកប្រគល់ឱ្យកម្ពុជានោះសមត្តកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យ រួចឱ្យវិលត្រឡប់ទៅលំនៅឋានជួបជុំគ្រុមគ្រួសារ ក្នុងថ្ងៃដដែលផងដែរ៕

website_news/2019060505.txt · Last modified: 2019/05/06 14:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki