website_news:2019060601

កំពូលបង្វិលសំណុំរឿងនាំនារីរៀបការប្ដីចិន ឲ្យឧទ្ធរណ៍ជម្រះជាថ្មី

https://www.postkhmer.com/ គឹម សារុំ | Publication date 06 June 2019 | 08:32 ICT

ភ្នំពេញៈ តុលាការកំពូលកាលពីម្សិលមិញ បានសម្រេចបង្វិលសំណុំរឿងស្រ្តីជាប់ចោទម្នាក់ឲ្យសាលាឧទ្ធរណ៍ជម្រះឡើងវិញ បន្ទាប់ពីបើកសវនាការកាលពីថ្ងៃទី ២៩ ខែ ឧសភា ពាក់ព័ន្ធនឹងករណីនាំស្រ្តីខ្មែរ ២ នាក់ ទៅរៀបការប្តីនៅប្រទេស ចិន ប្រព្រឹត្តកាលពីឆ្នាំ ២០១៥ នៅខេត្តបន្ទាយមានជ័យ។ ខណៈអវត្តមានស្រ្តីជាប់ចោទ លោកចៅក្រម គ្រង់ ស្រ៊ីម បានប្រកាសសាលដីកាពីម្សិលមិញថា សំណុំរឿងនេះមានស្រ្តីជាប់ចោទឈ្មោះជិន ពន្លឺដែលជាប់ចោទពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែន។ លោកថា បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ២៩ ខែ ឧសភា មក គឺតុលាការយល់ថា ក្រោយពីបានស្តាប់ការឆ្លើយបំភ្លឺរបស់ស្រ្តីជាប់ចោទ និងក្រោយពីបានស្តាប់ការសន្និដ្ឋានរបស់មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទមកតុលាការកំពូលយល់ថា សាលាឧទ្ធរណ៍បានជំនុំជម្រះមិនទាន់ត្រឹមត្រូវតាមទម្រង់ច្បាប់នៅឡើយទេ។

លោកថា៖ «ដូច្នេះតុលាការកំពូលសម្រេចបដិសេធសាលដីការបស់សាលាឧទ្ធរណ៍ចោល ហើយបង្វិលសំណុំរឿងទៅឧទ្ធរណ៍ជម្រះសាជាថ្មីឡើងវិញ»។ ពាក់ព័ន្ធនឹងការបង្វិលសំណុំរឿងឲ្យសាលាឧទ្ធរណ៍ជម្រះឡើងវិញនេះ កាលពីម្សិលមិញលោកស្រី លុយ សុធី ដែលជាមេធាវីការពារសិទ្ធិឲ្យស្រ្តីជាប់ចោទបានបង្ហាញការសាទរចំពោះការសម្រេចរបស់តុលាការកំពូលនាពេលនេះ។

លោកស្រី មេធាវី បានបញ្ជាក់ថា៖ «ខ្ញុំជាមេធាវីគឺខ្ញុំការពារក្តីតាមវិជ្ជាជីវៈតែប៉ុណ្ណោះ ហើយខ្ញុំមិនប្រកាន់ថា កូនក្តីមានឬក្រទេ ខ្ញុំប្រឹងប្រែងការពារក្តីតាមសមត្ថភាពរបស់ខ្ញុំ។ តុលាការកំពូលលោកសម្រេចនេះ គឺលោកផ្អែកលើច្បាប់ និងភ័ស្តុតាងគឺជាយុត្តិធម៌សម្រាប់កូនក្តីខ្ញុំ»។ កាលពីថ្ងៃជំនុំជម្រះនៅតុលាការកំពូល ស្រ្តីជាប់ចោទបានឆ្លើយប្រាប់ចៅក្រមថា កាលពីអំឡុងឆ្នាំ ២០១៥ មានស្រ្តីម្នាក់ឈ្មោះសាន បានមកអង្គុយលេងនៅផ្ទះរបស់គាត់ ហើយគាប់ជួនពេលនោះស្រ្តីជាបងថ្លៃរបស់គាត់នៅប្រទេសចិនបានទូរស័ព្ទមកគាត់ ខណៈស្រ្តីឈ្មោះ សាន ក៏កំពុងអង្គុយក្បែរនោះដែរ។ បន្ទាប់ពីបញ្ចប់ការសន្ទនាតាមទូរស័ព្ទ ស្រ្តីឈ្មោះសានបាននិយាយជាមួយគាត់ថា បើមានបងប្អូននៅចិនឲ្យជួយកូនស្រីរបស់ស្រ្ដីឈ្មោះ ភាព ចំនួន ២ នាក់ឲ្យបានទៅធ្វើការនៅប្រទេសចិនផង។

ស្រ្តីជាប់ចោទបន្តថា ក្រោយមកស្ដ្រី ឈ្មោះសាន បាននាំនារី ២ នាក់ ដោយម្នាក់ ឈ្មោះ ប៉ាង ស្រីពៅ អាយុ ១៧ ឆ្នាំ និងម្នាក់ឈ្មោះ ប៉ាង ណារី អាយុ ២៦ ឆ្នាំ ត្រូវជាកូនរបស់ស្រ្តី ឈ្មោះ ភាព ហើយគាត់ (ស្ត្រីជាប់ចោទ) ក៏បានឲ្យលេខទូរស័ព្ទរបស់បងស្រីនៅចិនទាក់ទងគ្នារហូតជួយបានរៀបការប្ដីទៅចិនតែម្ដង។ ប៉ុន្តែ ក្រោយពីនារីរងគ្រោះ ជាប្អូនទៅប្រទេសចិនបាន ១០ ខែ ក្នុងឆ្នាំ ២០១៦ ក៏បានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយពេលនោះស្ត្រីឈ្មោះភាពជាម្តាយនារីរងគ្រោះគ្មានលុយធ្វើដំណើរមកទទួលកូនក៏ប្រាប់ទៅអង្គការមួយនៅក្នុងឃុំឲ្យជួយមកទទួលកូនជំនួស។លុះពេលមកដល់ផ្ទះស្រាប់តែអង្គការនោះប្តឹងចាប់គាត់តែម្តង។ ស្រ្តីជាប់ចោទនិយាយថា គាត់ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យប្រកាសសាលក្រមនៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៧ ដោយផ្តន្ទាទោស ១៥ ឆ្នាំ និងបង្គាប់ឲ្យសងទៅនារីរងគ្រោះម្នាក់ៗ ៥ លានរៀល។

បន្ទាប់មកគាត់ប្តឹងមកសាលាឧទ្ធរណ៍ ហើយក៏ត្រូវសាលាឧទ្ធរណ៍ប្រកាសសាលដីកានៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៨ ដោយតម្កល់ទោស ១៥ ឆ្នាំដដែល ទើបឈានដល់ការប្ដឹងសារទុក្ខមកកាន់តុលាការកំពូលតែម្ដង៕

website_news/2019060601.txt · Last modified: 2019/06/06 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki