website_news:2019061106

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ទទួលជួបពិភាក្សាជាមួយឯកអគ្គរាជទូតអង់គ្លេស លោកជំទាវ Tina Redshaw

http://cambodiapolice.com/policekh/ 5:27 pm 5 វិច្ឆិកា 2019

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបសំណេះសំណាលពិភាក្សាការងារជាមួយនឹង លោកជំទាវ Tina Redshaw ឯកអគ្គរាជទូត នៃប្រទេសអង់គ្លេស និងមន្ត្រីអង់គ្លេសមួយចំនួនរបស់ស្ថានទូត ដែលចង់ស្វែងយល់ដឹងអំពីស្ថានភាពអនុវត្តច្បាប់ និងការបង្ក្រាបបទល្មើសឆ្លងដែន ដោយកងកម្លាំងនគរជាតិកម្ពុជា។ ការជួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ នៃថ្នាក់ដឹកនាំនាយកដ្ឋាន និងអង្គភាព ដែលបាននិងកំពុងបំពេញភារកិច្ចបង្ក្រាបអំពើបទល្មើសឆ្លងដែនជាប្រចាំរៀងរាល់ថ្ងៃ។

ជាកិច្ចចាប់ផ្តើម លោកជំទាវ Tina Redshaw បានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ចំពោះកិច្ចប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា ក្នុងនោះរួមមានការចូលរួមពីកងកម្លាំងនគរបាល ខេត្តព្រះសីហនុផងដែរ ក្នុងការជួយរកសាកសពស្ត្រីជាតិអង់គ្លេសអាយុ២១ឆ្នាំកញ្ញា Amelia Bambridge ដែល បានបាត់បង់ជីវិតដោយការលង់ទឹក។ លោកជំទាវឯកអគ្គរាជទូត និងក្រុមមន្ត្រីជំនាញអង់គ្លេស បានស្នើ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជួយផ្តល់បទពិសោធន៍ខ្លះពាក់ព័ន្ធករណីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបញ្ហាគ្រឿងញៀន, បញ្ហាអំពើរត់ពន្ធជួញដូរមនុស្សឆ្លងដែន និងបទល្មើសបច្ចេកវិទ្យាផងដែរ។

ក្នុងប្រសាសន៍ឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសម្តែងនូវការសោក ស្តាយ ចំពោះការបាត់បង់ជីវិតស្ត្រីទេសចរណ៍ជាតិអង់គ្លេស និងបានថ្លែងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព។ ក្នុងប្រសាសន៍ពាក់ព័ន្ធបទពិសោធន៍បង្ក្រាបអំពើល្មើសឆ្លងដែន ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានលើកជុំវិញកង្វល់ពិភពលោកនូវបញ្ហាភេរវកម្ម ដែលកម្ពុជាមិនទាន់មានករណីនេះកើតឡើងនៅឡើយទេ ប៉ុន្តែកម្ពុជាបានស្ថិតក្នុងការតាមដានជានិច្ចជាមួយកង្វល់ភេរវកម្មរបស់ពិភពលោក។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ប្រាប់ លោកជំទាវឯកអគ្គរដ្ឋទូតអង់គ្លេស ជុំវិញកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលជាតិកម្ពុជាជាមួយនឹងក្រុមប្រឆាំងឧក្រិដ្ឋកម្មជាតិអង់គ្លេស NCA National Crime Agency, បទពិសោធន៍ នៃការបង្ក្រាបគ្រឿងញៀនរួមទាំងការបញ្ជាក់នូវប្រភពនាំចូល និងលំហូរឆ្លងកាត់ប្រទេសកម្ពុជា ទៅកាន់ប្រទេស ទី៣ថែមទៀត ដោយកម្ពុជាមិនមែនជាប្រទេស ផលិតគ្រឿងញៀនទេ ប៉ុន្តែជាប្រទេសដែលរងគ្រោះនៃ ការប្រើប្រាស់គ្រឿងញៀន។ ដោយឡែកបទពិសោធន៍បង្ក្រាបករណីជួញដូរមនុស្ស និងបញ្ហាបទល្មើសឧក្រិដ្ឋបច្ចេកវិទ្យា ដែលកម្ពុជា និងពិភពលោកកំពុងប្រឈមនាបច្ចុប្បន្ននេះផងដែរ។

លោកជំទាវTina Redshaw បានថ្លែងអំណរគុណចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ ដែលបានឆ្លៀតឳកាសឲ្យលោកជំទាវ និងមន្រ្តីជំនាញស្ថានទូតចូលជួបសំណេះសំណាល និងពិភាក្សាស្វែងយល់ពីបទពិសោធន៍បង្ក្រាបករណីឧក្រិដ្ឋឆ្លងដែនរបស់កម្ពុជា និងលោកជំទាវបានថ្លែងបើកចំហរចំពោះកិច្ចសហប្រតិបត្តិការរបស់ស្ថានទូតអង់គ្លេសជាមួយនឹងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកិច្ចសហការផ្តល់ព័ត៌មានទៅវិញទៅមកក្នុងការជួយបង្ក្រាបបទល្មើសឆ្លងដែននេះ៕

website_news/2019061106.txt · Last modified: 2019/11/06 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki