website_news:2019070202

ទិវាសុវត្ថិភាពអ៊ីនធឺណិតៈ យូនីសេហ្វអំពាវនាវឱ្យមានសកម្មភាពរួមគ្នាទប់ស្កាត់ការរករឿងឈ្លោះ និងបៀតបៀនលើយុវជនកម្ពុជាដែលកំពុងប្រើប្រាស់អ៊ីនធឺណិត

http://www.rasmeinews.com/ February 5, 2019, 3:43 PM

ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈអង្គការយូនីសេហ្វបានប្រកាសនៅថ្ងៃទី៥ខែកុម្ភៈនេះថា៣០ឆ្នាំ ក្រោយពីការអនុម័តលើអនុសញ្ញាស្តីពីសិទ្ធិកុមារ និងការបង្កើតប្រព័ន្ធអ៊ីនធឺណិតគឺដល់ពេលវេលាក្នុងការពិនិត្យមើលទ្បើងវិញនូវការយកចិត្តទុកដាក់អំពីសិទ្ធិប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់កុមារ។ អង្គការនេះបានបញ្ជាក់ថា នៅថ្ងៃនេះយូនីសេហ្វបានប្រកាសឲ្យដឹងជាមុនអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយអំពើហិង្សា ការរករឿងឈ្លោះ និងការបៀតបៀនតាមប្រព័ន្ធអ៊ិនធឺណិត ចំពោះយុវជន ៨៥,៧ ភាគរយ ដែលមានអាយុចាប់ពី១៥ទៅ២៥ឆ្នាំដែលកំពុងប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជានិងបានអំពាវនាវឱ្យមានសកម្មភាពរួមគ្នា ដើម្បីឆ្លើយតប និងទប់ស្កាត់អំពើហិង្សាលើកុមារ និងយុវជននៅតាមប្រព័ន្ធអ៊ីនធឺណេត។

សេចក្តីប្រកាសក្នុងទិវាសុវត្ថិភាពអ៊ីនធឺណិតនេះ គឺបានធ្វើឡើងបន្ទាប់មានការស្ទាបស្ទង់មតិដែលយូនីសេហ្វបានរៀបចំ កាលពីពេលថ្មីៗនេះជាមួយនឹងយុវជន ដោយទទួលបានការឆ្លើយតបពីមនុស្សជាងមួយលាននាក់ មកពីប្រទេសជាង១៦០ ក្នុងរយៈពេល៥សប្តាហ៍ រួមទាំងសំណូមពរជាច្រើនដែលបានលើកឡើងក្នុងកម្មវិធីជជែកពិភាក្សារបស់យុវជន អំពីការបញ្ចប់អំពើហិង្សា (#ENDviolence Youth Talks) ដែលដឹកនាំរៀបចំដោយសិស្សនិស្សិតនៅទូទាំងសកលលោក។ នៅក្នុងការស្ទាបស្ទង់មតិនោះយុវជនបានផ្តល់នូវការឆ្លើយតប្រកបដោយគំនិតគិតគូរវែងឆ្ងាយអំពីសកម្មភាពដែលពួកគេ និងឪពុកម្តាយ គ្រូបង្រៀន និងអ្នកតាក់តែងគោលនយោបាយ អាចធ្វើបាន ដើម្បីរក្សាសុវត្ថិភាពយុវជន។ សកម្មភាពប្រកបដោយក្តីមេត្តា គឺជាទង្វើដែលត្រូវបានលើកឡើងថា ជាមធ្យោបាយមួយ ក្នុងចំណោមមធ្យោបាយដែលមានប្រសិទ្ធភាពជាងគេបំផុត ដើម្បទប់ស្កាត់ការរឿងរឿងឈ្លោះ និងបៀតបៀនយុវជនតាមប្រព័ន្ធអ៊ីនធឺណិត។ យោងតាមសេចក្តីប្រកាសដដែលនេះលោកស្រី ណាតាសា ផាឌីសុន នាយិកាស្តីទីយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “យើងបានដឹងពីកុមារ និងយុវជននៅទូទាំងសកលលោកយ៉ាងច្បាស់ថា ប្រព័ន្ធអ៊ីនធឺណិតបានក្លាយជាប្រព័ន្ធគ្មានក្តីមេត្តា។ ដូច្នេះបានជាក្នុងទិវាសុវត្ថិភាពអ៊ីនធឺណិតនៅថ្ងៃនេះ យូនីសេហ្វបានចូលរួមជាមួយកុមារនិងយុវជនសំណូមពរឱ្យគ្រប់គ្នាមានក្តីសណ្តាសប្រណីដល់គ្នាទៅវិញទៅមកនៅតាមប្រព័ន្ធអនឡាញ និងអំពាវនាវឱ្យចាត់វិធានកាន់តែម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីធ្វើឱ្យអ៊ិនធឺណេតក្លាយទៅជាប្រព័ន្ធកាន់តែមានសុវត្ថិភាពសម្រាប់គ្រប់គ្នា។”

តាមទិន្នន័យពីយូណេស្កូអំពីប្រេវ៉ាឡង់នៃការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេស ដែលមានចំណូលខ្ពស់ភាគរយនៃកុមារនិងក្មេងជំទង់ដែលរងផលប៉ះពាល់ពីការរករឿងឈ្លោះតាមប្រព័ន្ធអ៊ីនធឺណិត មានចាប់ពី៥ រហូតដល់២១ភាគរយ ហើយកុមារីហាក់បីដូចជាទទួលរងគ្រោះពីការធ្វើបាបតាមប្រព័ន្ធអ៊ីនធឺណិតច្រើនជាងកុមារា។

នៅកម្ពុជា ក្នុងចំណោមក្មេងស្រីអាយុពី១៥ ទៅ ២៤ឆ្នាំទាំងអស់មាន៨៤,៤ ភាគរយ កំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតហើយសម្រាប់កុមារាដែលស្ថិតក្នុងក្រុមអាយុដូចគ្នានេះគឺមាន៩១,៥ភាគរយ។ នៅក្នុងសកលលោក ភាគរយនៃយុវជនអាយុចន្លោះពី ១៥ ទៅ ២៤ឆ្នាំ ដែលកំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតគឺ៧០,៦ ភាគរយ។ក្រុមប្រជាពលរដ្ឋដែលប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា គឺមានអាយុកាន់តែតិចទៅៗ ដោយក្នុងចំណោមកុមារអាយុ ១៥ឆ្នាំទាំងអស់គឺមាន ៤,៥ ភាគរយកំពុងប្រើប្រាស់អ៊ីនធឺណិត។ ខណៈពេលដែលសិស្សដែលមានអាយុកាន់តែច្រើន កាន់តែងាយប្រឈមនឹងការសម្លុតគំរាមតាមប្រព័ន្ធអ៊ីនធឺណិត បើធៀបនឹងសិស្សដែលមានអាយុតិចជាង ហើយកុមារគឺជាក្រុមដែលងាយរងគ្រោះពីព័ត៌មានគ្រោះថ្នាក់ ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ និងការសម្លុតគំរាមតាមប្រព័ន្ធអ៊ិនធឺណេតផងដែរ

ការបៀតបៀនតាមប្រព័ន្ធអ៊ិនធឺណិតអាចបង្កឱ្យមានការឈឺចាប់យ៉ាងធ្ងន់ធ្ងរ ហើយវាអាចកើតលើមនុស្សជាច្រើននាក់។ សកម្មភាព និងព័ត៌មានបៀតបៀនទាំងនោះនៅតែមានវត្តមាននៅលើប្រព័ន្ធអនឡាញដោយគ្មានពេលកំណត់ ពោលគឺវា “នៅតែតាមធ្វើបាប” ជនរងគ្រោះតាមប្រព័ន្ធអនឡាញពេញមួយជីវិត។ ការរករឿងឈ្លោះនៅខាងក្រៅ និងការបៀតបៀនតាមប្រព័ន្ធអ៊ិនធឺណិត គឺជាសកម្មភាពអាក្រក់ពីរបំពេញគ្នាទៅវិញទៅមក ដោយបង្កើតជាឥរិយាបថបង្កការឈឺចាប់ និងខូចខាតតគ្នាពីមួយទៅមួយមិនចេះចប់។ ជនរងគ្រោះដោយសារការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិតអាចរងផលប៉ះពាល់ដោយទំនងជាឈានទៅប្រើប្រាស់គឿងស្រវឹង គ្រឿងញៀន និងគេចមិនចូលរៀនជាងសិស្សដទៃទៀត។ ពួកគេក៏ច្រើនតែទទួលបានពិន្ទុទាប និងផ្តល់តម្លៃឱ្យខ្លួនឯងទាប ក៏ដូចជាជួបប្រទះនឹងបញ្ហាសុខភាពជាច្រើន។ ក្នុងស្ថានភាពធ្ងន់ធ្ងរ ការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិត អាចនាំឱ្យមានការធ្វើអត្តឃាតក៏មាន។

លោកស្រី ណាតាសា ផាឌីសុន នាយិកាស្តីទីយូនីសេហ្វប្រចាំប្រទេសកម្ពុជាបានបន្តទៀតថា “៣០ឆ្នាំ ក្រោយការអនុម័តលើអនុសញ្ញាស្តីពីសិទ្ធិកុមារ និងការបង្កើតប្រព័ន្ធអ៊ីនធឺណិត គឺដល់ពេលដែលរដ្ឋាភិបាល គ្រួសារ ស្ថាប័នសិក្សាស្រាវជ្រាវ និងជាពិសេសវិស័យឯកជន គិតពិចារណាពីកុមារ និងយុវជន ដោយចាត់ទុកពួកគេជាស្នូលនៃគោលនយោបាយឌីជីថល។ តាមរយៈការការពារពួកគេពីហេតុការណ៍អាក្រក់បំផុតដែលកើតចេញពីការប្រើប្រាស់អ៊ីនធឺណិត និងពង្រីកការប្រើប្រាស់អ៊ីនធឺណិតរបស់ពួកគេ យើងម្នាក់ៗអាចជួយឱ្យមានតុល្យភាព ដើម្បីឧត្តមប្រយោជន៍របស់កុមារ និងយុវជន។” យូនីសេហ្វ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូប នៅក្នុងរាល់សកម្មភាពនៅគ្រប់ការងាររបស់យើង។ រួមគ្នាជាមួយដៃគូ យើងធ្វើការងារនៅក្នុងប្រទេស និងដែនដីចំនួន១៩០ ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនេះទៅជាចំណាត់ការជាក់ស្តែង ដោយផ្តោតលើកិច្ចខិតខំពិសេសលើកុមារងាយរងគ្រោះបំផុត និងកុមារដែលត្រូវបានផាត់ចេញពីសង្គម ក្នុងគោលបំណងផ្តល់ជាប្រយោជន៍ដល់កុមារគ្រប់រូប នៅគ្រប់កន្លែងទាំងអស់៕សរន

website_news/2019070202.txt · Last modified: 2019/02/07 15:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki