website_news:2019070203

ថៃលេងមែនទែន ចេញច្បាប់ថ្មីបើក្រុមហ៊ុនណាមិនគោរពច្បាប់ការងារច្បាស់ធ្ងន់.ក

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ ម៉ោង ០៩:១២ ណៃ ដាលីន

ប្រទេសថៃ ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Bangkok Post កាលពីថ្ងៃចន្ទ កន្លងមកបានឲ្យដឹងថា ការធ្វើវិសោដនកម្មច្បាប់ការពារការងារក្នុងប្រទេសថៃនឹងបន្តពង្រឹងដល់ការការពារពលករ ធ្វើឲ្យបរិស្ថានការងារកាន់តែល្អប្រសើរ និងដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលមិនគោរពតាមជាដើម ។ ការធ្វើវិសោដនកម្មថ្មីនឹងចាប់ចូលជាធរមានក្នុងរយៈពេល៣០ថ្ងៃបន្ទាប់ពីរដ្ឋាភិបាលប្រកាសដែលប្រហែលជានឹងកើតឡើងនៅដើមឆ្នាំ២០១៩ នេះ ។ ការផ្លាស់ប្តូរសំខាន់ៗរួមមានដូចខាងក្រោម ៖ បុគ្គលិកត្រូវអនុញ្ញាតឲ្យបុគ្គលិកឈប់សម្រាកក្រោយពេលសម្រាលកូនបាន ៩៨ថ្ងៃ ឬច្រើនជាងច្បាប់មុន ៨ថ្ងៃ ។ លើសពីនេះទៀត ថ្ងៃឈប់សម្រាកសម្រាលកូននឹងរាប់បញ្ចូលថ្ងៃឈប់សម្រាកដើម្បីពិនិត្យផ្ទៃពោះមុនពេលសម្រាលកូនផងដែរ ហើយក្រុមហ៊ុនត្រូវតែផ្តល់ប្រាក់បៀវត្សរ៍ដល់ទៅ ៤៥ថ្ងៃក្នុងកំឡុងពេលឈប់សម្រាកនេះ ។

ក្រៅពីនេះហើយ ច្បាប់ថ្មីនឹងអនុញ្ញាតឲ្យបុគ្គលិកមានថ្ងៃឈប់សម្រាកសម្រាប់ធុរៈចាំបាច់ដល់ទៅ ៣ថ្ងៃក្នុងមួយឆ្នាំ ប៉ុន្តែមិនបានឲ្យនិយមន័យច្បាស់លាស់ពីពាក្យថាធុរៈចាំបាច់ទេ ។ ប្រសិនបើក្រុមហ៊ុនផ្លាស់ប្តូរបុគ្គលិកខ្លួនឲ្យទៅកន្លែងធ្វើការថ្មី ក្រុមហ៊ុនមានភារកិច្ចក្នុងការប្រកាសប្រាប់ទុកមុនយ៉ាងតិចក៏៣០ថ្ងៃដែរមុនថ្ងៃប្តូរទីតាំង ។ ប្រសិនបើបុគ្គលិកគិតថាពួកគេទទួលរងការប៉ះពាល់ពីការផ្លាស់ប្តូរនេះនិងចង់បដិសេធ បុគ្គលិករូបនោះអាចប្រាប់ដល់ក្រុមហ៊ុនក្នុងរយៈពេល៣០ថ្ងៃក្រោយពេលប្រកាស។ ក្នុងករណីនេះ ក្រុមហ៊ុនមានភារកិច្ចក្នុងការផ្តល់ថវិកាលើកទឹកចិត្ត ។ ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនត្រូវតែផ្តល់ប្រាក់បៀវត្សរ៍ ប្រាក់ធ្វើការថែមម៉ោង និងការធ្វើការក្នុងកំឡុងពេលឈប់សម្រាកផ្សេងៗក្នុងចំនួនស្មើគ្នាទាំងសម្រាប់បុគ្គលិកប្រុសនិងស្រី។

ការធ្វើវិសោដនកម្មថ្មីនេះផ្តោតសំខាន់លើការការពារពលករ ខណៈដែលដាក់សម្ពាធដល់ក្រុមហ៊ុនឲ្យគោរពតាម ។ រាល់ការល្មើសនឹងជួបជាមួយនឹងទណ្ឌកម្មធ្ងន់ធ្ងរ ដូច្នេះវាពិតជាសំខាន់ណាស់សម្រាប់ក្រុមហ៊ុនក្នុងការត្រួតពិនិត្យកិច្ចសន្យាការងាររបស់ខ្លួនឡើងវិញ និងចេញវិធានការដើម្បីធានាថាពួកគេអាចគោរពតាមច្បាប់ថ្មីបានពេលដែលវាចូលជាធរមាន ៕

website_news/2019070203.txt · Last modified: 2019/02/07 15:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki