website_news:2019070501

អតីតកម្មករទូកនេសាទមកពីខេត្តបាត់ដំបងប្រឹងប្រែងលុបបំបាត់ការជួញដូរមនុស្សតាមរយៈការសរសេរសៀវភៅ

https://khmer.voanews.com/ 04 ឧសភា 2019 សឿន វឌ្ឍនា

វ៉ាស៊ីនតោន៖ បុរសសក់វែងប្រាំពីរនាក់កំពុងជួយគ្នាទាញសំណាញ់ពីក្នុងទឹកសមុទ្រឡើងលើទូកនេសាទពណ៌ខៀវ ដែលមានទង់ជាតិម៉ាឡេស៊ីនៅពីលើ និងបុរសទឹកមុខស្មើម្នាក់ សក់វែងប្រះស្មា ពាក់ខ្សែកបន្តោងរូបព្រះពុទ្ធ ជាមួយស្នាមសាក់រូបផ្កានៅដើមដៃខាងឆ្វេង គឺជារូបនៅលើគម្របសៀវភៅនិពន្ធដោយលោក ព្រំ វណ្ណៈអានន្ទ ហៅ វណ្ណៈ និងអ្នកស្រី Jocelyn Pederick។ សៀវភៅដែលនិពន្ធឡើងផ្អែកលើរឿងពិតរបស់លោក វណ្ណៈ ស្ដីពីទាសភាពសម័យទំនើបដែលលោកធ្លាប់ឆ្លងកាត់នេះមានចំណងជើងថា «The Dead Eye and The Deep Blue Sea» ឬ «ពិភពអន្ធការនៅលើមហាសមុទ្រដ៏ធំល្វឹងល្វើយ»។ គិតត្រឹមឆ្នាំ ២០១៩ គឺមានរយៈពេលប្រាំបួនឆ្នាំមកហើយ ដែលលោក វណ្ណៈ បានគេចផុតពីការធ្វើជាទាសករនៅលើទូកនេសាទ និងចម្ការដូងប្រេង។ ប៉ុន្តែការចងចាំដ៏ឈឺចាប់ ដែលលោកបានជួបប្រទះអំឡុងពេលដែលលោកត្រូវបានគេលក់ឲ្យធ្វើជាទាសករកាលពី ១៣ ឆ្នាំមុន នៅតែលងបន្លាចលោកជានិច្ច។ នៅពេលនឹកឃើញរឿងអកុសលនេះម្ដងៗ លោកជ្រើសរើសយកការធ្វើកិច្ចការផ្ទះ និងគូររូបដើម្បីបន្លប់ខ្លួនឯង។

លោក វណ្ណៈ បានប្រាប់ VOA ថា៖ «បាទ! គឺអត់មានបំភ្លេចបានទេ គឺខ្ញុំនៅចងចាំជានិច្ច គឺភ្លេចអត់បានទេ។ ជួនណាខ្ញុំធ្វើការកំប៉ិកកំប៉ុកនៅផ្ទះ ហើយនិងគូររូប។ ពេលគូររូបទៅវាអាចរំសាយនូវអារម្មណ៍ ការគិតទាំងអស់ហ្នឹង»។

ជីវិតនៅលើទូកនេសាទ៖

កាលពីឆ្នាំ ២០០៦ ដោយចង់រកប្រាក់ឲ្យបានគ្រប់គ្រាន់សម្រាប់ឲ្យប្រពន្ធសម្រាលកូន លោក វណ្ណៈ បានសម្រេចចិត្តចាកចេញពីស្រុកកំណើតនៅខេត្តបាត់ដំបង ទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់។ ជាអកុសល លោកត្រូវបានឈ្មួញជួញដូរមនុស្ស លក់ឲ្យទៅធ្វើការជាទាសករនៅលើទូកនេសាទ អស់រយៈពេលបីឆ្នាំ ប្រាំពីរខែ ដែលសឹងតែស្មើនឹងរបបកុម្មុយនិស្តខ្មែរក្រហម។ លោក វណ្ណៈ បានឲ្យដឹងថា នៅលើទូកនេសាទដែលលោកធ្វើការគេប្រើប្រាស់ភាសាថៃ ហើយកម្មករនៅលើទូកនោះមានជនជាតិខ្មែរ ថៃ និងមីយ៉ាន់ម៉ា។ កម្មករទាំងអស់ត្រូវបានចែកចេញជាពីរប្រភេទ ទីមួយគឺ កម្មករដែលទទួលបានប្រាក់ខែ និងអាចត្រឡប់ឡើងគោកជួបជុំគ្រួសារវិញ និងប្រភេទទីពីរគឺ កម្មករដែលត្រូវបានគេលក់ឲ្យធ្វើជាទាសករ ដែលមិនអាចទទួលបានប្រាក់ខែ និងសេរីភាពនោះទេ។ លោក វណ្ណៈ ស្ថិតក្នុងប្រភេទទីពីរ។ លោក វណ្ណៈ បាននិយាយថា៖ «អ្នកដែលចុះទៅ ដូចថាគេមានលុយបង់ពន្ធអ៊ីចឹង គេបានប្រាក់ខែ ហើយគេឡើងមកវិញ។ ដូចពួកខ្ញុំអ្នកលក់ គេយកទៅលក់អ៊ីចឹងអត់បានប្រាក់ខែទេ»។ លោក វណ្ណៈ បន្ថែមថា នៅលើទូកនោះ ថៅកែផ្ដល់អាហារមួយថ្ងៃពីរ ឬបីពេលដល់កម្មករ ប៉ុន្តែភាគច្រើនសុទ្ធតែជាត្រី ឬគ្រឿងសមុទ្រ។ យូរៗម្ដង កម្មករទទួលបានអាហារជាសាច់មាន់ ឬសាច់ជ្រូកជាដើម។ ការហូបចុកមិនមែនជាបញ្ហាចោទនោះទេសម្រាប់លោក វណ្ណៈ អ្វីដែលជាបញ្ហានោះគឺការបង្ខំឲ្យធ្វើការហួសកម្លាំង សម្រាកមិនគ្រប់គ្រាន់ និងការប្រើអំពើហិង្សាពីសំណាក់ថៅកែ និងអ្នកមើលការខុសត្រូវលើទូកទៅលើកម្មករ និងអំពើហិង្សារវាងកម្មករ និងកម្មករ។ លោក វណ្ណៈ បាននិយាយថា៖ «ប្រើអំពើហិង្សា ដូចថាគេប្រើយើង ប្រើវាយធ្វើបាបយើងដូចថាអ្នកណាល្ងង់ គេវាយធ្វើបាប។ និយាយរួមនៅលើទូក វាពោរពេញដោយការឈ្លោះគ្នា វាយដំ ជួនណាកាប់សម្លាប់គ្នាទៅវិញទៅមក ឈ្លោះគ្នា។ ធ្វើការជាមួយគ្នាអត់សូវត្រូវគ្នា មួយខ្លាំងជាងមួយខ្សោយជាង វាអត់សូវត្រូវគ្នា ឈ្លោះតែគ្នា»។ លោកបន្ថែមថា ពេលណាកម្មករណាម្នាក់ធ្លាក់ខ្លួនឈឺ ថៅកែចាំឃ្លាំមើលរយៈពេលពីរបីថ្ងៃ។ បើពីរបីថ្ងៃហើយកម្មករនោះនៅតែឈឺធ្វើការមិនកើត គ្នីគ្នារបស់ថៅកែ សម្លាប់កម្មករនោះចោល ឬទម្លាក់ចូលសមុទ្រតែម្ដង។ លោក វណ្ណៈ បញ្ជាក់ទៀតថា កម្មករមានគ្នាច្រើនជាងគ្នីគ្នារបស់ថៅកែ ប៉ុន្តែពួកគេមិនអាចរួមគ្នាតដៃបានទេ ដោយសារតែថៅកែដាក់កម្មករដែលមានជាតិសាសន៍ខុសៗគ្នាឲ្យនៅជាមួយគ្នា។ ដូច្នេះកម្មករមិនអាចនិយាយស្ដាប់គ្នាយល់ ឬបបួលគ្នាធ្វើអ្វីមួយស្រុះគ្នាបានទេ។ ដើម្បីគេចពីការធ្វើបាបរបស់ថៅកែ និងអ្នកមើលការខុសត្រូវ លោក វណ្ណៈ បានឲ្យដឹងថា លោកត្រូវខិតខំធ្វើការបន្ថែម ដូចជាបោសសម្អាតទូក ឬស្រោចទឹកទូក នៅពេលថ្ងៃក្ដៅ ដើម្បីកុំឲ្យទូកប្រេះជាដើម។ មិនតែប៉ុណ្ណោះ ដើម្បីកុំឲ្យកម្មករដទៃធ្វើបាប លោកខំរក្សាទំនាក់ទំនងល្អជាមួយពួកគេ តាមរយៈការសាក់រូបឲ្យពួកគេជាដើម។ លោកប្រើថ្នាំដុសធ្មេញ លាយជាមួយធ្យូង ធ្វើជាទឹកថ្នាំដើម្បីសាក់រូប។

សត្វសេះសមុទ្រជារូបិយប័ណ្ណ

កម្មករលើទូកខ្លះប្រើប្រាស់គ្រឿងញៀនដែលថៅកែចែកឲ្យ និងទិញពីទូកតូចៗដែលមកសាងត្រី។ កម្មករមិនប្រើលុយសម្រាប់ការទិញដូរនោះទេ។ នៅទីនោះគេប្រើសត្វសេះសមុទ្រក្រៀមជារូបិយប័ណ្ណ។ លោក វណ្ណៈ បានឲ្យដឹងថា គេប្រើសេះសមុទ្រដូរយកគ្រឿងញៀនប្រភេទយ៉ាម៉ា ស្រា បារី នំ ឬទឹកក្រូចជាដើម។ សេះសមុទ្រប្រាំពីរអាចដូរបានស្រាមួយដប សេះសមុទ្រប្រាំអាចដូរបានបារីមួយកញ្ចប់ ហើយសេះសមុទ្របួនអាចដូរបាននំមួយកញ្ចប់ ឬទឹកក្រូចមួយដប។ លោក និងកម្មករផ្សេងទៀត តែងលួចលាក់សេះសមុទ្រតូចៗទុកដើម្បីដូរស្រា ឬបារី ប៉ុន្តែបើសេះ សមុទ្រណារាងធំ ត្រូវឲ្យទៅថៅកែ ពេលខ្លះឲ្យតែថៅកែឃើញកម្មករណារកបានសេះសមុទ្រ ថៅកែមកយកតែម្ដង។ សត្វសេះសមុទ្រត្រូវបានឈ្មួញទិញ ដើម្បីកែច្នៃធ្វើជាថ្នាំបុរាណ។

ចុះទឹកក្រពើ ឡើងលើខ្លា

ដោយទ្រាំទ្រនឹងការធ្វើការហួសកម្លាំង សម្រាកមិនគ្រប់គ្រាន់ និងការធ្វើទារុណកម្មលើរាងកាយមិនបាន លោក វណ្ណៈ បានសម្រេចចិត្តគេចខ្លួនពីទូកនេសាទដោយលោតចូលសមុទ្រ និងតោងប៊ីដុងទឹកត្រីជាជំនួយ ដើម្បី ហែលទៅកាន់ដីគោកប្រទេសម៉ាឡេស៊ី ដែលមានចម្ងាយប្រមាណបីបួនគីឡូម៉ែត្រពីទូក។ លោក វណ្ណៈ បញ្ជាក់ថា លោកបានលោតចូលទឹកសមុទ្រនៅពាក់កណ្ដាលអាធ្រាត្រជាមួយកម្មករថៃម្នាក់ទៀត ហើយពេលនោះទឹកសមុទ្រមិនសូវជាត្រជាក់ខ្លាំងទេ។ ដៃម្ខាងរបស់លោកចងជាប់នឹងប៊ីដុងទឹកត្រី ឯដៃម្ខាងទៀតចងជាប់នឹងកាំបិតដេរមង ដើម្បីទុកការពារខ្លួនពីត្រីឆ្លាម។ ដោយមានទឹករលកជាជំនួយ លោកបានចំណាយពេលហែលទៅច្រាំងប្រមាណ ២០ នាទីតែប៉ុណ្ណោះ។ ពិតណាស់ថា លោកត្រូវបានប៉ូលិសម៉ាឡេស៊ីជួយសង្គ្រោះ ប៉ុន្តែប៉ូលិសនោះក៏បានលក់លោកបន្ត ឲ្យទៅធ្វើជាកម្មករនៅចម្ការដូងប្រេង នៅតំបន់ដាច់ស្រយាលមួយក្នុងប្រទេសម៉ាឡេស៊ី។ លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយពីរងរបួសដោយសារកម្មករមីយ៉ាន់ម៉ាម្នាក់បានកាប់លោកមួយកាំបិត នៅពេលលោកចូលទៅជួយលើកកម្មករខ្មែរម្នាក់ទៀតឈ្មោះ ធារ៉ា ដែលដេកដួលនៅដី ក្រោយពីត្រូវកម្មករមីយ៉ាន់ម៉ាដដែលនោះកាប់ពីរកាំបិតរួចមក។ បន្ទាប់មកលោកក៏ត្រូវបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលជួយសង្គ្រោះ នឹងត្រូវបានគេបញ្ជូនឲ្យមកជួបជុំគ្រួសារនៅកម្ពុជាវិញនៅក្នុងខែឧសភា ឆ្នាំ ២០១០។ នៅពេលដែលលោកបានជួបជាមួយភរិយារបស់លោក ហើយសួរថាតើភរិយារបស់លោកគិតយ៉ាងណា នៅពេលដែលលោកមិនបានទាក់ទងមកផ្ទះអស់រយៈពេលជាងបួនឆ្នាំមកនោះ ភរិយារបស់លោកវណ្ណៈ បានឆ្លើយថា គាត់ស្មានតែលោក វណ្ណៈបានស្លាប់បាត់ទៅហើយ។

ដំណើរមកកាន់សហរដ្ឋអាមេរិកដើម្បីផ្សព្វផ្សាយសៀវភៅ

ក្រោមការឧបត្ថម្ភ និងជ្រោមជ្រែងពីសំណាក់រោងពុម្ព Seven Stories Press ដែលជាអ្នកបោះពុម្ពសៀវភៅនេះ លោក វណ្ណៈ និងអ្នកស្រី Pederick នឹងធ្វើដំណើរមកដល់សហរដ្ឋអាមេរិកនៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៩ ដើម្បីផ្សព្វផ្សាយសៀវភៅ «The Dead Eye and The Deep Blue Sea» ឬ «ពិភពអន្ធការនៅលើមហាសមុទ្រដ៏ធំល្វឹងល្វើយ»។ អ្នកស្រី Pederick សហនិពន្ធសៀវភៅនេះបាននិយាយថា៖ «រោងពុម្ព Seven Stories បានផ្ដល់ឱកាសឲ្យខ្ញុំ និងវណ្ណៈ ធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីឲ្យ វណ្ណៈ អាចប្រាប់មនុស្សនៅទីនោះ អំពីរឿងរបស់គាត់ ចែករំលែកបទពិសោធន៍ដែលគាត់បានជួបប្រទះ និងផ្សព្វផ្សាយសៀវភៅទៅកាន់ពលរដ្ឋអាមេរិក។ យើងសង្ឃឹមថា ពួកគេនឹងចាប់អារម្មណ៍ពីរឿងរបស់ វណ្ណៈ ក៏ដូចជាទិញសៀវភៅរបស់ពួកយើង។ លើសពីនេះ យើងចង់ឲ្យពួកគេបានដឹងឮ ពីរឿងកម្មករធ្វើការលើទូកនៅតំបន់អាស៊ីអាគ្នេយ៍»។ លោក វណុ្ណៈ និងអ្នកស្រី Pederick នឹងធ្វើដំណើរទៅកាន់ទីក្រុង New York ចាប់ពីថ្ងៃទី ៧ ដល់ ១២ ឧសភា រដ្ឋធានី Washington ពីថ្ងៃទី ១២ ដល់ ១៧ ឧសភា និងទីក្រុង Los Angeles ពីថ្ងៃទី ១៨ ដល់ ២១ ឧសភា។ អ្នកស្រី Pederick បានឲ្យដឹងថា សៀវភៅ«The Dead Eye and The Deep Blue Sea» ត្រូវបានសាកលវិទ្យាល័យ University of California, Los Angeles បញ្ចូលទៅក្នុងកម្មវិធីសិក្សាក្នុងមុខវិជ្ជាសិល្បៈ និងចិត្តវិទ្យា។ ដូច្នេះការធ្វើដំណើរទៅកាន់ទីក្រុង Los Angeles រដ្ឋ California នឹងផ្ដល់ឱកាសឲ្យលោក វណ្ណៈ បានជួបពិភាក្សាផ្ទាល់ជាមួយនិស្សិត ដែលសិក្សាមុខវិជ្ជានោះ។ អ្នកស្រី Pederick បញ្ជាក់ថាសៀវភៅនេះ មានលក្ខណៈពិសេសប្លែកពីសៀវភៅដទៃ។ អ្នកស្រីថា៖ «មិនដែលមានសៀវភៅនិពន្ធឡើងបែបនេះទេ ជាពិសេសគឺការនិពន្ធចេញពីទស្សនៈរបស់ជនរងគ្រោះ ដែលអ្នករស់រានមានជីវិត និងភ្ជាប់ជាមួយរូបភាពពិស្ដារគូរដោយជនរងគ្រោះផ្ទាល់។ ដូច្នេះ នេះគឺជារឿងមួយដែលប្លែកពីគេ ហើយកន្លងមក យើងទទួលបានមតិសាទរពីសំណាក់អ្នកអានយ៉ាងច្រើន»។ ថ្វីត្បិតតែសៀវភៅ «The Dead Eye and The Deep Blue Sea» ឬ «ពិភពអន្ធការនៅលើមហាសមុទ្រដ៏ធំល្វឹងល្វើយ» ចេញផ្សាយជាភាសាអង់គ្លេស លោក វណ្ណៈ សង្ឃឹមថា ពលរដ្ឋខ្មែរក៏អាចមើលសៀវភៅនេះយល់ តាមរយៈរូបភាពពិស្ដារដែលលោកបានគូរ និងបញ្ចូលទៅក្នុងសៀវភៅ។

យោងតាមអ្នកស្រី Pederick លោក វណ្ណៈ ចំណាយពេលជិត ៤ ឆ្នាំដើម្បីគូររូបទាំងអស់នៅក្នុងសៀវភៅនេះ ហើយសរុបមកការងារនិពន្ធសៀវភៅទម្រាំបានចេញផ្សាយគឺត្រូវចំណាយពេលសរុបប្រមាណ ៦ឆ្នាំ។ អ្នកនិពន្ធរូបនេះសង្ឃឹមថា នឹងអាចរកប្រាក់បានពីការលក់សៀវភៅ ឬរកបានដៃគូរក្នុងប្រទេសកម្ពុជា ដើម្បីបកប្រែសៀវភៅនេះជាភាសាខ្មែរ ក្នុងពេលឆាប់ៗខាងមុខ។

កិច្ចប្រឹងប្រែងកែប្រែវិស័យជួញដូរមនុស្ស

នៅឆ្នាំ ២០១២ លោក វណ្ណៈ បានទទួលរង្វាន់ «វីរជនផ្នែកជួញដូរមនុស្ស» ពីក្រសួងការបរទេសអាមេរិក ហើយរង្វាន់នោះត្រូវបានអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និងជាបេក្ខជនប្រធានាធិបតីក្នុងការបោះឆ្នោតអា មេរិកឆ្នាំ២០១៦ លោកស្រី Hillary Clinton ប្រគល់ជូនលោកដោយផ្ទាល់ដៃ។ លោក វណ្ណៈ ចង់បន្តកិច្ចប្រឹងប្រែងធ្វើឲ្យប្រសើរឡើងក្នុងវិស័យជួញដូរមនុស្សនេះបន្តទៀត។ ហើយលោកសង្ឃឹមថា សៀវភៅដែលលោកនិពន្ធនេះអាចជួយលោកសម្រេចបំណងនេះបាន។ សម្រាប់លោក វណ្ណៈ សារសំខាន់បំផុតតាមរយៈសៀវភៅនេះ គឺលោកចង់ឲ្យប្រជាជនខ្មែរ ក៏ដូចជាពលរដ្ឋសាសន៍ដទៃ បានដឹងពីគ្រោះថ្នាក់នៃការធ្វើចំណាកស្រុកដោយខុសច្បាប់ ល្បិចកលរបស់ឈ្មួញជួញដូរមនុស្ស និងបទពិសោធន៍លំបាកវេទនាពេលក្លាយខ្លួនជាទាសករ។ លោកសង្ឃឹមថា រឿងរ៉ាវរបស់លោកនឹងធ្វើឲ្យអ្នកដែលមានបំណងចង់ធ្វើចំណាកស្រុកដោយខុសច្បាប់ពិចារណាឲ្យបានល្អិតល្អន់ឡើងវិញ និងបោះបង់គំនិតនោះចោលតែម្ដង។ លោកមិនចង់ឲ្យនរណាម្នាក់មានវាសនាដូចលោកឡើយ។ នាថ្ងៃអនាគតលោក វណ្ណៈ មានបំណងក្លាយខ្លួនជាអ្នកសារព័ត៌មានមួយរូប ដែលធ្វើការផ្ដោតលើវិស័យជួញដូរមនុស្ស និងការឆ្លងដែនខុសច្បាប់ជាដើម។

ជីវិតក្នុងពេលបច្ចុប្បន្ន

បើតាមលោក វណ្ណៈ សព្វថ្ងៃនេះ ជីវភាពគ្រួសាររបស់លោកមិនទាន់ធូរធារទេ ដោយសារតែលោកគ្មានការងារពេញម៉ោង ក្រៅពីការគូររូបលក់ឲ្យអង្គការមួយចំនួន ដែលគេបានបញ្ជាទិញ។ ភរិយារបស់លោកជាស្ត្រីមេផ្ទះ ជួយមើលការខុសត្រូវកូនពីរនាក់ ដែលម្នាក់រៀនថ្នាក់ទី ៦ និងម្នាក់ទៀតរៀនថ្នាក់ទី ៣។ លោក វណ្ណៈ បញ្ជាក់ថា ចំពោះកិច្ចការសរសេរសៀវភៅនេះ លោកដំបូងឡើយទទួលបានប្រាក់ ៦ពាន់ដុល្លារ ពីរោងពុម្ព ហើយនឹងការសន្យារបស់រោងពុម្ព ថានឹងប្រគល់ជូនលោកនូវទឹកប្រាក់ចំនួន ១០% ភាគរយនៃចំនួនប្រាក់បានមកពីការលក់សៀវភៅនៅថ្ងៃខាងមុខ។ ចាប់ពីឆ្នាំ ២០១០ ជាឆ្នាំដែលលោករួចផុតពីទាសភាពសម័យទំនើបនោះមក លោកមិនចង់ ហើយក៏មិនដែលធ្វើដំណើរទៅប្រទេសថៃ និងម៉ាឡេស៊ីឡើយ។ មិនតែប៉ុណ្ណោះ លោកចង់ឲ្យកូនទាំងពីរប្រុសមួយស្រីមួយរបស់លោករៀនឲ្យបានខ្ពង់ខ្ពស់ ដើម្បីរកការងារធ្វើត្រឹមត្រូវ និងដាច់ខាតមិនឲ្យពួកគេឆ្លងដែនខុសច្បាប់ឡើយ៕

website_news/2019070501.txt · Last modified: 2019/05/07 12:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki